ក្រុមហ៊ុនចិនកំពុងស្វែងរកឱកាសវិនិយោគលើវិស័យគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

0
1895

(ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុន China Railway 19th Bureau Group របស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យគមនាមន៍ ជាពិសេសផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជានៅល្ងាចមិញនេះ។

គម្រោងខាងលើនេះ ត្រូវបានបង្ហើបឲ្យដឹងនៅក្នុងជំនួបរវាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកគ័ង ជានកាង (Gong Jiangang) នាយកចាត់ចែងក្រុមហ៊ុន China Railway 19th Bureau Group របស់ចិនកាលពីរសៀលថ្ងៃទី២១ ខែមិថុនានៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកគ័ង ជានកាង បានអះអាងប្រាប់លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាអំពីសាវតាក្រុមហ៊ុន China Railway 19th Bureau Group ដែលមានឯកទេសផ្នែកវិស័យវិស្វកម្ម និងសំណង់ខ្នាតធំ ហើយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងធ្វើប្រតិបត្តិការសាងសង់ផ្លូវដែក និងសំណង់ធារាសាស្ត្រ នៅតាមប្រទេសក្នុងទ្វីបអាហ្វ្រិក និងអាស៊ាន។ លោកគ័ង ជានកាង បានបន្តទៀតថា កម្ពុជាគឺជាទីផ្សារសំខាន់មួយ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។


ជាការឆ្លើយតបវិញ លោកប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន China Railway 19th Bureau Group និងបានប្រាប់លោកគ័ង ជានកាង អំពីស្ថានភាពវិស័យគមនាគមន៍នៅកម្ពុជា និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូន ក្នុងនោះក៏មានផ្លូវដែក និងផ្លូវល្បឿនលឿនផងដែរ ហើយនេះគឺជាឱកាសល្អសម្រាប់ក្រុមហ៊ុនក្នុងការហក់ចូលទីផ្សារកម្ពុជា។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើលោកគ័ង ជានកាង បញ្ជូនក្រុមការងារ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវដែក និងផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ឲ្យបានច្បាស់លាស់ ដើម្បីចងក្រងរបាយការណ៍ និងដាក់សំណើវិនិយោគជាផ្លូវការជូនរាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា វិស័យគមនាមន៍ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បណ្តាញគមនាមន៍ជាច្រើនកំពុងត្រូវបានស្ថាបនា ជួសជុល និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការជាផ្លូវការនូវផ្លូវដែកដែលតភ្ជាប់ពីក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ ទៅកាន់ទីក្រុងបាងកកនៃប្រទេសថៃ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុថែមទៀត។នេះបើតា​មក្រសួងពាណិជ្ជកម្ម​កម្ពុជា៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here