ចិននឹងចំណាយលុយខ្ទង់លាន$ រៀបចំផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឱ្យកម្ពុជា

0
2696

នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៨ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយឥតសំណងរាប់លានដុល្លារ ដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជារួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស។ នេះបើតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

សម្រាប់គម្រោងរៀបចំផែនការមេនៃប្រព័ន្ធដឹកជញ្ជូនទាំងអស់របស់កម្ពុជារួមមាន៖ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវដេក នេះអាចត្រូវចំណាយលុយខ្ទង់លានដុល្លារ ដែលជាជំនួយឥតសំណង់របស់មហាមិត្តចិន តែមិនទាន់បញ្ជាក់តួរលេខផ្លូវការនៅឡើយទេ។ ការៀបចំផែនការមេនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ក្នុងការទិសដៅអភិវឌ្ឍន៍ជាតិ ព្រោះបើប្រព័ន្ធដឹកជញ្ជូនកម្ពុជាមានការរីកច្រើនអាចទាក់ទាញវិនិយោគធំៗ កាត់បន្ថយថ្លៃខ្ពស់ក្នុងការដឹកជញ្ជូនក្នុងប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ សំខាន់ៗ  រួមមាន ៖


១-ជំនួយឥតសំណង ២,៥ លានដុល្លារសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

២-កិច្ចព្រមព្រៀងដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជារួមមានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស។

៣-កិច្ចព្រមព្រៀងក្នុងការជួយជួសជុលព្រះបរមរាជវាំងនៅអង្គរ ព្រមទាំងស្ថាបត្យកម្មបុរាណដទៃទៀតនៅក្នុងខេត្តសៀមរាប។

ជាក់ស្តែងប៉ុន្មានខែចុងក្រោយនេះ ចិនបានផ្តល់ជំនួយប្រមាណជាង ៥០០លានដុល្លារ លើការសាងសង់កំណាត់ផ្លូវជាតិលេខ៦ ពង្រីកផ្លូវជាតិលេខ៣ ហើយ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើចិនផ្តល់នូវជំនួយបន្ថែម ដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ធសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។

គួរបញ្ជាក់ថា បើគិតចាប់ពីខែកក្កដាឆ្នាំ ២០០១ ដល់ថ្ងៃទី ១៩ខែមិថុនាឆ្នាំ ២០១៨ រដ្ឋាភិបាលចិនបានផ្តល់ជំនួយដល់កម្ពុជាក្នុងទឹកប្រាក់សរុបចំនួនជាង ៥២៧៦ លានដុល្លារដែលក្នុងនោះ ១២២១លានដុល្លារជាជំនួយឥតសំណង និងឥណទានឥតការប្រាក់៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

LEAVE A REPLY

Please enter your comment!
Please enter your name here