របរជាងចម្លាក់ថ្ម ពិបាកធ្វើ និងចំណាយកម្លាំងពលកម្មច្រើន ប៉ុន្តែទទួលបានកម្រៃតិច

0
1229

ខេត្តពោធិ៍សាត់៖ របរជាងចម្លាក់ថ្មដោយដៃបច្ចប្បន្នមិនសូវមានអ្នកចេះធ្វើច្រើននោះទេ ថែមទាំងមិនសូវមានអ្នកចាប់អារម្មណ៍ចង់រៀនជំនាញមួយនេះថែមទៀតផង ប៉ុន្តែប្រាក់ចំណូលពីការប្រកបរបរមួយនេះ ហាក់ដូចជាយ៉ាប់យើនខ្លាំងណាស់។

លោកសម្បត្តិ សំណាង បច្ចប្បន្នជាម្ចាស់សិប្បកម្មចម្លាក់ថ្មមួយកន្លែងដែលមានទីតាំង ស្ថិតនៅភូមិសាលាគម្រូ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ បានប្រាប់ Business Cambodia ឱ្យដឹងថា អ្នកទិញវត្ថុអនុស្សាវរីយ៍ ឬក៏រូបសំណាក់ព្រះភាគច្រើន មិនសូវហ៊ានទិញក្នុងតម្លៃខ្ពស់ប៉ុន្មានទេ ដោយមិនបានដឹងថាអ្នកធ្វើត្រូវទិញវត្ថុធាតុដើមក្នុងតម្លៃមួយខ្ពស់ ហើយយកមកឆ្លាក់ដោយលំបាក និងចំណាយពេលធ្វើយូរយ៉ាងណានោះទេ។​

លោកបញ្ជាក់ថា មុននឹងបានវត្ថុអនុស្សាវរីយ៍ ឬក៏រូបសំណាក់ព្រះមួយ លោកត្រូវចំណាយពេលពី ៣ថ្ងៃទៅ ៧ថ្ងៃឯណោះទើបធ្វើរួច (ទៅតាមទំហំតូច ឬក៏ធំ)។ លើសពីនេះ លោកត្រូវទិញថ្មតាមប្រភេទចម្លាក់ដែលត្រូវធ្វើនោះ ដោយមានតម្លៃចាប់ពី១ដុល្លារ ក្នុងមួយគីឡូក្រាមឡើងទៅ តាមប្រភេទថ្មនីមួយៗ ហើយថ្មទាំងអស់នេះ ត្រូវទិញពីខេត្តពោធិ៍សាត់ ខ្លះទិញពីបាត់ដំបង និងខ្លះទៀតត្រូវទិញពីព្រះវិហារមក ទើបធ្វើឱ្យតម្លៃថ្មមានតម្លៃខ្ពស់។


លោកសំណាងបានឱ្យដឹងទៀតថា កាលពីជាង ៦ឆ្នាំមុនលោកជាកូនជាងចម្លាក់ថ្មមួយកន្លែងនៅរាជធានីភ្នំពេញ ទើបតែជាង២ឆ្នាំចុងក្រោយនេះទេ ដែលលោកមកប្រកបរបរនេះដោយខ្លួនឯង ប៉ុន្តែការប្រកបរបរជាជាងចម្លាក់ថ្មមួយនេះ ពិតជាមិនសូវកាក់កបនោះទេ ពោលគឺលោកអាចរកចំណូលក្នុងមួយខែបានត្រឹមតែជាង ២០០ដុល្លារតែប៉ុណ្ណោះ។

លោកបន្ថែមទៀតថា ដោយសារតែចិត្តស្រលាញ់អាជីពមួយនេះ ទោះបីជាមិនបានកម្រៃច្រើនពីវាយ៉ាងណាក្តី ក៏លោកមិនបោះបង់របរមួយនេះចោលដែរ ប៉ុន្តែលោកសង្ឃឹមថា ក្រោយដំណើរបានយូរបន្តិចលោកនឹងទទួលបានការកុម្ម៉ង់ច្រើនជាងនេះ ដោយសារតែរូបចម្លាក់របស់លោកធ្វើនីមួយៗមានការសម្រិតសម្រាំងខ្លាំងបំផុត ហើយជារចនាបថបែបខ្មែរសុទ្ធសាធ។​

សូមបញ្ជាក់ថា ប្រសិនជាបងប្អូនចង់ទាក់ទងកុម្ម៉ង់រូបចម្លាក់ថ្មពីលោកសម្បត្តិ សំណាង បងប្អូនអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៦៤ ៣៩ ៦៣ ដែលមានទីតាំង ស្ថិតនៅភូមិសាលាគម្រូ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៕

អត្ថបទដោយ ៖ នួន វណ្ណៈ និង ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here