សេវាកម្មរថយន្ដក្រុងសាធារណៈក្រុងភ្នំពេញ បើកឲ្យប្រើប្រាស់កាតអេឡិចត្រូនិច ជំនួសការបង់ប្រាក់

0
6837

អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឱ្យដំណើរ ប្រើប្រាស់កាតអេឡិកត្រូនិចដើម្បីទូទាត់ សាច់ប្រាក់ ដោយមិនបាច់ប្រើសាច់ប្រាក់សុទ្ធនោះទេ នេះបើតាមការថ្លែងក្នុងពិធីបើកឲ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់ប្រព័ន្ធ អេឡិចត្រូនិកនៅលើរថយន្តក្រុងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ។

តាមប្រសាសន៍របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សេវាកម្មប្រើប្រាស់កាតអេឡិចត្រូនិកសម្រាប់ទូទាត់សាច់ប្រាក់នៅពេលធ្វើដំណើរតាមរថយន្តក្រុង គឺបង្កភាពងាយស្រួលដល់អ្នកដំណើរ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ហើយក៏បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ផងដែរពីការរីក ចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល ។

ឯកឧត្ដមបន្ដថា ការប្រើប្រាស់កាតអេឡិចត្រូនិកទូទាត់សាច់ប្រាក់នៅលើសេវាកម្ម រថយន្តក្រុងនេះ គឺរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងសហការជាមួយក្រុមហ៊ុន វីងជាអ្នកលក់កាតអេឡិចត្រូនិកជូនអតិថិជន។


ជាពិសេស ដើម្បីបង្កភាពងាយស្រួលជូនដល់អតិថិជន ដោយសារបច្ចុប្បន្នមានអ្នកធ្វើដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញមានចំនួនជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ ។

ជាមួយគ្នានោះ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបាន ថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សម្រាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន ១៤៥៩ ដែលពួកគាត់អាចប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន ២ពាន់ដង ហើយការប្រើប្រាស់កាតអេឡិចត្រូនិកនេះ គឺវាមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន។

លោកក៏បានបញ្ចាក់ដែរថា សម្រាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និង កុមារអាយុក្រោមកម្ពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន ១៨០ ដងដោយឥតគិតថ្លៃ ដែលកាតមួយលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀលសម្រាប់អ្នកដំណើរទូទៅ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នមានរថយន្តក្រុងចំនួន១៥៥ គ្រឿង ដែលរត់នៅលើផ្លូវសំខាន់ៗ ចំនួន៨ខ្សែនៅក្នុងក្រុង ហើយមានប្រជាពលរដ្ឋប្រើប្រាស់រថយន្ដក្រុង រាល់ថ្ងៃ២ម៉ឺននាក់ ក្នុង១ថ្ងៃៗ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here