តម្លៃ​ប្រេង​ឆៅ​នឹង​នៅតែ​ខ្ពស់​ក្នុងពេល៦ខែ​ខាងមុខ​ទៀត បើ​OPECនៅតែ​បន្ត​កាត់បន្ថយ​ការផលិត​នោះ

0
868
Credit: Google

ក្រុង​វី​យែ​ន៖ តម្រូវការ​ប្រេងឥន្ធនៈ​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំ២០១៨នេះ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​ក្រុមប្រឹក្សាបច្ចេកទេស​របស់​អង្គការ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​OPECនៅក្នុង​សប្តាហ៍​នេះ។ ក្រុមប្រឹក្សាបច្ចេកទេសរ​បស់​អង្គការ​OPEC ក៏បាន​អះអាងថា ការណ៍​នេះ​វា​អាច​នឹងធ្វើ​ឲ្យ​ទីផ្សារ​ស្រប​យក​ការ​ផលិតផល​ប្រេង​បន្ថែមទៀត​ពី​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​OPEC។

អង្គការ​OPEC បាន​ជួបជុំគ្នា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដើម្បី​ពិភាក្សា​សម្រេច​ទៅលើ​គោលការណ៍​ស្តីពី​ផលិតផល​ប្រេងឥន្ធនៈ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​ប្រទេស​ដែលមាន​តម្រូវការ​ប្រេង​ខ្ពស់ គឺ​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន​ឲ្យ​បន្ថយ​តម្លៃ​ប្រេង និង​គាំទ្រ​សេដ្ឋកិច្ចពិភពលោក​ដោយ​ផលិត​នូវ​ប្រេង​ឆៅ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត។

សូមបញ្ជាក់ថា មេដឹកនាំ​អង្គការ​OPEC គឺ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត និង​ប្រទេស​មិនមែនជា​សមាជិក គឺ​រុស្ស៊ី បានស្នើ​ឲ្យ​សម្រាល​ការកាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​ដែល​បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ២០១៧ ខណៈដែល​ប្រទេស​ជា​សមាជិក​OPEC គឺ​អ៊ីរ៉ង់ អ៊ីរ៉ាក់ វេ​ណេ​ស៊ុយ​អេ​ឡា និង​ប្រទេស​អាល់​ហ្សេ​រី បាន​ជំទាស់​នឹង​សំណើ​នេះ។ ប្រភពព័ត៌មាន​ចំនួន​បី​ពី​អង្គការ​OPECបាន​បង្ហើប​ប្រាប់​សារព័ត៌មាន​Reutersថា ក្រុមប្រឹក្សាបច្ចេកទេស​OPECបាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ពិនិត្យមើល​ពី​ទស្សនវិស័យ​ទីផ្សារ និង​ធ្វើ​បទ​បង្ហាញ​ទៅកាន់​ប្រទេស​ដែលជា​សមាជិក​តាម​ក្រោយ​នៅក្នុង​សប្តាហ៍​នេះ។


ប្រភពព័ត៌មាន​មួយ​បាន​អះអាង​ឲ្យ​ដឹងថា ប្រសិនបើ​OPEC និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ន្ត​ផលិត​ប្រេង​ដូច​នៅក្នុង​ខែឧសភា​នោះ ទីផ្សារ​ប្រេង​អាច​នឹង​ជួប​ឱនភាព​នៅក្នុង​រយៈពេល៦ខែ​ខាងមុខ​ទៀត។ ចំណែក​ប្រភព​មួយទៀត បាន​គូសបញ្ជាក់ថា ទស្សនៈវិស័យ​ទីផ្សារ​ប្រេង​នៅក្នុង​ឆមាស​ទី​ពីរ​ក្នុងឆ្នាំនេះ​នៅតែមាន​កម្រិត​ខ្ពស់។ ដោយឡែក​ប្រភព​ទី​បី បាន​លើកឡើងថា ប្រទេសមួយ​ចំនួន​ដូច​យ៉ាង អាល់​ហ្សេ​រី អ៊ីរ៉ង់ និង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេស​OPECថា ពួកគេ​នៅតែ​ប្រឆាំងនឹង​ការបង្កើន​ទិ​ដ្ឋ​ផល​ប្រេង៕

ដោយ៖ វណ្ណ ច័​ន្ធ​វីន

LEAVE A REPLY

Please enter your comment!
Please enter your name here