របរផ្តល់សេវាកម្មប្លែកៗទាំង៥សម្រាប់អ្នកនៅតាមបណ្តាខេត្ត ពីគំនិតអាជីវកម្មរបស់អ្នកភ្នំពេញ

0
3268

និយាយពីគំនិតអាជីវកម្ម នៅតាមទីក្រុងដែលសម្បូរមនុស្សរស់នៅកុះករតែងតែបង្កើតអ្វីដែលប្លែក ថ្មី និងបំពេញទាំងតម្រូវការចាំបាច់ ក៏ដូចជាការចង់បានពីអ្នកប្រើប្រាស់ផងដែរ។ យ៉ាងណាមិញ សម្រាប់​នៅ​តាមបណ្តាខេត្តនានា ហាក់មិនទាន់មានសេវាកម្មប្លែកៗទាំង៥នេះ ឬមានតិចតួចនៅឡើយ ដែលជាវារបរចំណាយទុនតិច ហើយអាចរកស៊ីបានយូរអង្វែងទៀតផង។

ថ្ងៃនេះ Business Cambodia សូមលើកយកអាជីវកម្មខ្នាតតូចទាំង៥​ សម្រាប់អ្នករស់នៅតាមបណ្តា​ខេត្តទុកពិចារណា ពីគំនិតអាជីវកម្មកំពុងរកស៊ីស្រាប់នៅភ្នំពេញ ដែលមនុស្សភាគច្រើនមើលរំលង តែចូលចិត្តប្រើប្រាស់៖

១/ ប៉ះកង់ចល័ត


របរប៉ះកង់ មានមនុស្សជាច្រើនមើលស្រាលថាជារបរតូចតាច មើលមិនឃើញអនាគត ប៉ុន្តែបើក្រឡែក​មើលរបរនេះភ្នំពេញវិញ ម្ចាស់អាជីវកម្មប៉ះកង់ចល័តរីកមុខរីកមាត់សម្បើមណាស់ ត្បិដគាត់បានជួយ​ដោះស្រាយបញ្ហាម្ចាស់យាន្តជំនិះជាច្រើន និងជារៀងរាល់ថ្ងៃ។ របរប៉ះកង់នៅតាមបណ្តាខេត្តតម្រៀបត្រៀបត្រា ដូចផ្ការីកក្នុងសួនទៅហើយ ប៉ុន្តែសួរថា នរណាទៅដឹង​ថា​យានយន្តខូចកន្លែងមានជាងជួសជុលនោះ ដូច្នេះរបរមួយនេះ អ្នកនៅតាមបណ្តាខេត្តអាច​លៃលក​រៀបចំ​បំពាក់បន្ថែមបាន។

២/ ដេគ័រផ្ទះ

របរនេះ នៅភ្នំពេញអាចមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែក៏នៅតែមានផ្លូវសម្រាប់អ្នកមាន​ជំនាញពិតប្រា​កដ​​​ផងដែរ។ និយាយពីបណ្តខេត្តវិញ ការរីកចម្រើននៃជីវភាពរបស់អ្នករស់នៅតាមបណ្តាខេត្ត ពិតជា​ត្រូវ​កា​រការរស់នៅ​ស៊ីវីល័យ​ជាងមុនដោយប្រកែកមិនបាន ដូច្នេះហើយ សេវាកម្មនេះ​ល្មម​ដល់ពេល​ដែល​ទីប្រជុំជនតាម​ខេត្តនានា​សាកល្បង​ប្រើដើម្បីបន្ថែមគុណតម្លៃ និងផាសុកភាពជាងមុនសម្រាប់​ការរស់​នៅ។

៣/ ដឹកជញ្ជូន(អីវ៉ាន់)

សម្រាប់សេវាកម្មនេះ រាប់បណ្តាខេត្តទាំងអស់នៅកម្ពជា ភាគច្រើនគឺមិនទាន់អាចអាចរក​ស៊ីបាននៅឡើយទេ ប៉ុន្តែមានខេត្តសក្តានុពលមួយចំនួន អាចមានតម្រូវការច្រើន ដែលអាចបង្កើត​សេវាកម្មនេះបាន ចំណែកខេត្តខ្លះទៀត ត្រូវរង់ចាំ ៥ ឆ្នាំ ឬ១០ឆ្នាំទៅមុខទៀតសឹមគិតគូរ ពោលគឺអាស្រ័យលើចំនួនប្រជាជន និងចរន្តនៃការទិញលក់ដ៏មមាញឹកនោះឯង។

៤/ ជួលកង់

កង់ជួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជារបរដែលមាននៅភ្នំពេញរាប់ឆ្នាំមកហើយ ហើយក៏សម្បូរអ្នកប្រើមិនណយដែរ។ នៅខេត្តតាមបណ្តាខេត្តនានា ពិតណាស់សម្បូរទៅដោយ​កន្លែងកម្សាន្តរៀងខ្លួន ដែលមានអ្នកទេសចរណ៍ហូរហែរ ហើយក៏មិនទាំងអស់ដែរ ដែលអ្នកទេសចរណ៍​សុទ្ធតែត្រូវការជិះរថយន្តកម្សាន្ត។ ថ្វីត្បិដថា​ របរនេះ មិនមែនពេញនិយមខ្លាំងក្តី ប៉ុន្តែវាជារបរមួយ​បំពេញ​តម្រូវការអ្នកស្រលាញ់ការជិះកង់នៅតាមបណ្តាខេត្តនានាបានមួយផ្នែកធំ។

៥/ ជួលសម្ភារៈកម្សាន្ត

ជួលសម្ភារៈកម្សាន្ត មានដូចជាសន្ទូច តង់សម្រាប់បោះជំរុំ និងសម្ភារៈសម្រាប់កម្សាន្ត​ទៅតាម​កន្លែងនានា សុទ្ធតែជារបរគួរជាទីចាប់អារម្មណ៍។ របរទាំងនេះ ហាក់មានភាពងាយស្រួល និងមាន​ទីផ្សារធំទូលាយ កាលណា មានភ្ញៀវទេសចរណ៍កាន់តែច្រើនឥតដាច់ និងប្រាប់តគ្នាពី​មាត់មួយទៅមាត់មួយទៀត៕

អត្ថបទដោយ ៖ នួន វណ្ណៈ

 

LEAVE A REPLY

Please enter your comment!
Please enter your name here