លោក ង៉ែត ជូ៖ ការវិនិយោគរួមគ្នាមានដំណើរការល្អដោយសារខ្ញុំអនុវត្តមេរៀន៤នេះ

0
2367

វានៅតែជាបញ្ហា ហើយក៏កំពុងតែបានអនុវត្តសម្រាប់អ្នករកស៊ីនាពេលបច្ចុប្បន្ននេះក្នុងការរកស៊ីរួមគ្នា។ ធម្មតាទេ​ការរកស៊ីនីមួយៗ ត្រូវការដើមទុនច្រើន។ ចឹងហើយដើម្បីឱ្យផែនការអាជីវកម្ម និងការរកស៊ីដើរបានល្អ យើងប្រាកដជា រកអ្នកណាដែលមានគំនិត ទស្សនៈ គោលដៅ និងបេះដូងដូចគ្នា។

នាពេលថ្មីៗនេះ លោកងែត ជូ និងដៃគូវិនិយោគគម្រោង«ភូមិឋានធម្មជាតិមួយ»នៅខេត្តកំពង់ស្ពឺទើបតែទទួលបានជោគជ័យរហូតបាន៦០ភាគរយត្រឹម៤ថ្ងៃប៉ុណ្ណោះ។ ភាពជោគជ័យនេះ លោកបានចែករំលែក្នុងទំព័រហេ្វក ប៊ូក របស់លោកថា​៖«ខ្ញុំមាន “ទម្លាប់នៃការរៀន៤យ៉ាង” ដែលធ្វើអោយកិច្ចការវិនិយោគរួមគ្នាមានដំណើរការល្អ គឺ រៀនស្តាប់ រៀនបំភ្លេច រៀនធ្វើ និងរៀនប្រាប់។»

១) រៀនស្តាប់: ស្តាប់នូវគំនិតយោបល់ និងបញ្ហានានារបស់ប្រពន្ធ សហការី មិត្តភក្រ័ អតិថិជនសក្តានុពល និងអ្នកដទៃទៀតដោយការយកចិត្តទុកដាក់។


២) រៀនបំភ្លេច: បន្ទាប់ពីស្តាប់ និងពិចារណាល្អិតល្អន់ រៀនទាត់ចោលនូវមតិយោបល់ដែលមិនសមហេតុផល ឬមិនសមស្របនឹងកាលៈទេសៈ ឬធ្វើអោយចិត្តហ្មួហ្មង។ល។ ធ្វើយ៉ាងនេះយើងចំរ៉ាញ់យកតែទស្សនៈល្អៗ និងវិជ្ជមាន ជួយអោយយើងប្រាសចាកអារម្មណ៍ធុញថប់ឥតប្រយោជន៍។

៣) រៀនធ្វើ: បន្ទាប់ពីរៀនស្តាប់ និងរៀនបំភ្លេច យើងចំរ៉ាញ់បានទស្សនៈល្អៗសំរាប់យកមកអនុវត្តិប្រកបដោយភាពសមហេតុសមផល ច្នៃប្រឌិត និងទទួលបានការគាំទ្រពីអ្នកនៅជុំវិញ។ បន្ថែមលើនេះ រៀនធ្វើប្រកបដោយទំនួលខុសត្រូវខ្ពស់ មានភាពជាម្ចាស់ ធានាអោយបាននូវផលប្រយោជន៍រួម និងកេរ្តិ៍ឈ្មោះល្អយូរអង្វែង។

៤) រៀនប្រាប់: និយាយតែអ្វីដែលមានប្រយោជន៍ និយាយតែអ្វីដែលបញ្ជាក់ពីសុចរិតភាព ពោលគឺនិយាយអ្វីដែលត្រូវនិយាយ។ ជៀសវាងការបញ្ចុះបញ្ចូល បញ្ជោរ បញ្ចើចបញ្ចើរ។

ត្រូវចាំថា ពេលចង់រកស៊ីជាមួយគ្នា កុំត្រូវការតែលុយមួយមុខ។ អ្វីដែលសំខាន់ជាងលុយគឺភាពស្មោះត្រង់ គោលបំណង ចក្ខុវិស័យ ទឹកចិត្ត និងក្តីស្រឡាញ់ដូចគ្នាទើបអាចដើរដល់គោលដៅ។ បើមកតែលុយ តែបេះដូងសម្រាប់ធ្វើការងារអត់មកទេ គឺបរាជ័យហើយ៕

អត្ថបទ៖ មាំ វិបុល, Leadership Editor

LEAVE A REPLY

Please enter your comment!
Please enter your name here