លោក គង់ វិចិត្រា៖ ការងារក្រុមនិងបរាជ័យ​ បើគ្មានឆន្ទៈ និងការស្រឡាញ់ដូចគ្នាទេនោះ

0
2235

គ្រប់ភារកិច្ចការងារទាំងអស់ សុទ្ធតែត្រូវការកម្លាំងចូលរួម ព្រោះយើងមិនអាចធ្វើអ្វីមួយតែម្នាក់ឯងបានទេ។ មិនថាជាបុគ្គលិកបម្រើការងារតាមស្ថាប័ន ឬក្រុមហ៊ុន ឬក៏អ្នកធ្វើជំនួញ គឺសុទ្ធត្រូវការកម្លាំងចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត។

ការធ្វើកិច្ចការតែម្នាក់ឯងវាមិនមែនជារឿងពិបាកទេ តែពេលខ្លះក៏យើងធ្វើមិនត្រូវចិត្តខ្លួនផង ចុះទម្រាំការងារជាក្រុម វាពិជាជួបឧបសគ្គ នឹងបញ្ហាជាច្រើនដែលអាចនឹងកើតមានឡើង។

ដូច្នេះហើយ យើងត្រូវតែមានវិធីសាស្រ្តក្នុងការសម្របខ្លួន ដើ​ម្បីធ្វើការជាក្រុមប្រកបដោយភាពជោគជ័យទាំងអស់គ្នា។


ទាក់ទិនទៅនឹងបញ្ហាទាំងនេះ លោក គង់ វិចិត្រា ជាស្ថាបនិកក្រុមហ៊ុន V-training and Consultant និងស្ថាប័នបណ្តុះបណ្តាល Asia Leading Academy  បានលើកឡើងពីបញ្ហានៃការធ្វើការងារជាក្រុមតែងជួបប្រទះ។

លោក មានប្រសាសន៍ថា៖ «​​ បញ្ហាដែលតែងតែកើតមានចំពោះ ការធ្វើការងារក្រុម ភាគច្រើន គឺការខ្វែងគំនិតគ្នា ការមិនចុះសម្រុងគ្នា និងការមិនយល់ច្បាល់ពីតួនាទីរបស់សមាជិកម្នាក់ៗ»។

ធម្មតាមនុស្សម្នាក់ៗ សុទ្ធតែគំនិតមានផ្សេងៗពីគ្នា ដែលវាជាហេតុផលមួយនាំឲ្យមានផលវិបាកក្នុងការងារក្រុម។ កុំថាឡើយបុគ្គលដែលមានគំនិត និងទស្សនវិស័យផ្សេងគ្នា សូម្បីតែអ្នកដែលមាន ការយល់ឃើញស្រដៀងគ្នា ក៏ពេលខ្លះនៅតែមានការខ្វែងគំនិតគ្នាដែរ។

វិធីសាស្រ្តល្អបំផុត ដើម្បីធ្វើការងារក្រុមប្រកបទៅដោយគុណភាព គឺយើងត្រូវចេះបើកចិត្តឲ្យទូលាយ ទទួលយកមតិយោបល់ពីអ្នកដទៃ កុំធ្វើការសម្រចចិត្តតែម្នាក់ឯង ឬគិតថាខ្លួនឯងនិយាយមកត្រូវគ្រប់រឿង។ ពេលយើងស្តាប់មតិយោបល់គេហើយ យើងក៏ត្រូវបញ្ចេញយោបល់ និងគំនិតផ្ទាល់ខ្លួន រួមលើកយកមកដាក់លើតុ ដើម្បីស្វែងរកនូវចម្លើយសមស្របមួយ ដែលយើងអាចទទួលយកបានទាំងអស់គ្នា ដើម្បីសម្រចបាននូវគោលដៅរួមគ្នា។

ការយល់ពីតួនាទីរបស់បុគ្គលម្នាក់ៗនៅក្នុងក្រុម វាក៏ជារឿងមួយដែលមិនអាចមើលរំលងដែរ។ ពេលយើងដឹងច្បាស់ពីតួនាទីហើយ យើងទាំអស់គ្នា​នឹងមានស្មារតីក្នុងការងារកាន់តែខ្លាំង ហើយគិតថាវាជាការទាំងអស់គ្នា មិនមែនការងាររបស់អ្នកណាម្នាក់ឡើយ។

ពាក្យថាការងារទាំងអស់គ្នា គឺចង់សំដៅលើរាល់កិច្ចការងារទាំងអស់ មិនត្រូវប្រចាំគ្នា ឬដាក់បន្ទុកទៅលើអ្នកណាច្រើនជាងអ្នកណាមួយនោះទេ ហើយក៏មិនមែនធ្វើរួចរាល់តែខ្លួនឯង ហើយមិនរវល់ជាមួយសមាជិកក្នុងក្រុមដែរ។

បើនិយាយពីអ្នកដឹកនាំក្រុមវិញ មិនត្រូវមានភាពលំអៀង ហើយព្យាយាមបង្កើតនូវការជម្រុញនឹង លើកទឹកចិត្តដល់សមាជិកក្រុមណា ដែលសម្រេចការងារទទួលបានលទ្ធផល្អ ដើម្បីជាកម្លាំងរុញច្រានឲ្យពួកគេធ្វើការងារប្រកបទៅដោយថាមពល ដើម្បីភាគជោគជ័យរួមទាំងអស់គ្នា។

ដូចសុភាសិតខ្មែរមួយបានពោលថា៖ «​ ចង្កឹះមួយបាច់កាច់មិនបាក់ ឬ សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»៕

 អត្ថបទ៖ វ៉ាត វឌ្ឍនា

 

LEAVE A REPLY

Please enter your comment!
Please enter your name here