ចង់រកស៊ីវិស័យអចលនទ្រព្យ គួរចាប់ផ្តើមតាមវិធីណា?

0
5879

សហគ្រិនភាគច្រើនចាប់ផ្តើមរកស៊ីដំបូង មិនមានដើមទុនជាច្រើននោះទេ គេតែងស្វះស្វែងរកពីគ្រប់មជ្ឈដ្ឋាន ដោយប្រើប្រាស់គំនិតរបស់ខ្លួនជាដើមទុន សម្រាប់បង្កើតដើមទុនជាសាច់ប្រាក់។ ការចាប់ផ្តើមចេញរកស៊ីវិស័យអចលនទ្រព្យ មានមនុស្សច្រើនណាស់យល់ថា លុះត្រាតែមានដើមទុនច្រើន ទើបអាចចេញរកស៊ីបាន ខុសពីរបរដទៃទៀត។ តែធាតុពិតជាក់ស្តែង មិនដូចការយល់ឃើញទាំងស្រុងនោះទេ យើងអាចចាប់ផ្តើមពីតូចទៅធំបាន។

ជាការពិតណាស់ Business Cambodia តែងបង្ហាញផ្លូវដល់អ្នកគាំទ្រដែលតែងបានអានអត្ថបទជាច្រើន ក្នុងការចេញរកស៊ីដំបូង ដោយមិនប្រើប្រាស់ដើមទុនជាលុយសុទ្ធ តែត្រូវចេះច្នៃគំនិតវិញ។ ព្រោះតាមពិសោធន៍សហគ្រិនជោគជ័យជាច្រើន ជាពិសេសនៅកម្ពុជា ដែលពួកគេកើតចេញពីត្រកូលក្រីក្រ បានប្រើប្រាស់ខ្លួនជាដើមទុន ចេញរកស៊ីរហូតទទួលបានជោគជ័យ។ ហើយយើងក៏បានឃើញមនុស្សមួយចំនួន អាងមានលុយច្រើន ហើយហក់ចេញរកស៊ីទាំងមិនស្គាល់ច្បាស់នូមុខរបរខ្លួន ក៏បរាជ័យច្រើននាក់ដែរ។

ចំណែកការចេញរកស៊ីវិស័យអចលនទ្រព្យវិញ ដើមទុនសំខាន់បំផុត ដែលមិនចេះរីកស្ងួត គឺទុនកើតចេញពីការសហការគ្នារវាងក្រុមការងារមួយដ៏រឹងមាំ មានទស្សនៈវិស័យច្បាស់លាស់ ហ៊ានរួមសុខទុក្ខជាមួយគ្នា។ បើទោះបីជាដើមទុននេះ ហាក់ពិបាកគៀគរបន្តិច តែវាពិតជាបង្ហាញនូវចំណុចខ្លាំងរបស់ក្រុមអ្នកយ៉ាងពិតប្រាកដថា នឹងប្រឹងប្រែងធ្វើការជាមួយគ្នាយ៉ាងខ្លាំងខ្លាមិនខាន។


ត្រង់ចំណុចនេះ យើងត្រូវតែមានក្រុមការងារមួយដ៏ច្បាស់លាស់ យ៉ាងហោចណាស់ត្រូវមានទស្សនៈវិស័យរួមគ្នាក្នុងការចេញរកស៊ីលើវិស័យអចលនទ្រព្យ។ តែយើងមិនងាយរកបានមនុស្ស ដែលមានទឹកចិត្តដូចគ្នាហើយ និងមានទស្សនៈវិស័យរួមគ្នានោះទេ តែការធ្វើការងារជាមួយគ្នារយៈកាលណាមួយនោះ អ្នកនឹងជួបមនុស្ស ដែលត្រូវសហការគ្នាមិនខាន។

ជាក់ស្តែងសេដ្ឋីអចលនទ្រព្យស្រុកខ្មែរលោកឧកញ៉ាសៀ ឬទ្ធី ធ្លាប់មានប្រសាសន៍ «សុខចិត្តញាំនំធំមានគ្នាច្រើន ជាជាងញំនំតូចតែម្នាក់ឯង» គំនិតនេះចងបញ្ជាក់ថា លោកផ្តោតសំខាន់ការសហការគ្នាវិនិយោគ ជាជាងការក្តោបវិនិយោគតែម្នាក់ឯង។ ជាការពិតណាស់ ការវិនិយោគរបស់លោកឧកញ៉ាភាគច្រើនសុទ្ធតែមានដៃគូសហការទាំងក្នុងស្រុក និងក្រៅស្រុកលើគម្រោងអភិវឌ្ឍន៍ធំៗទាំងលំនៅឋាន និងអគារខុនដូរជាដើម ហើយតែងទទួលបានជោគជ័យជានិច្ច។

ក្បួននៃការសហការគ្នានេះ វាពិតជាផ្លូវដើរដ៏ល្អសម្រាប់អ្នកទើបចាប់ផ្តើចេញរកស៊ីដំបូង ហើយមិនសូវមានដើមទុនច្រើន ដូចក្រុមហ៊ុនធំៗ បើទោះជាខាត ក៏មិនប៉ះពាល់ខ្លាំងពេកដែរ។

ជាគំរូម្នាក់ទៀត លោកឈុំ ឈន់ ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសម្បត្តិជន ផ្តើមចេញពីអ្នករកស៊ីខាត ហើយជំពាក់បំណុលគេផងនោះ ងើបឡើងវិញចេញរកស៊ីលើវិស័យដីធ្លី ដោយបោះទុនរួមគ្នា រហូតទទួលបានជោគជ័យ។ តែបើគាត់ចង់បោះទុនរកស៊ីតែម្នាក់ឯង តើត្រូវរង់ចាំដល់ពេលណា ទើបអាចរកគ្រប់ចំនួន ហើយម្ល៉េះប្រហែលជាបាត់បង់ឱកាសវិនិយោគបាត់ទៅហើយ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here