មកមើលអាជីព Freelance កំពុងពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលអាចទាញចំណូលមិនធម្មតា

0
5117

Freelancer ជាការងារមួយស្ថិតក្នុងក្តីស្រមៃមនុស្សជាច្រើនក្នុងសម័យបច្ចេកវិទ្យានេះ ព្រោះតែការងារ​ឯករាជ្យមួយនេះ អាចផ្តល់ពេលវេលា និងចំណូលបានក្រាស់ក្រែលគួរសម ហើយអាចបង្កើនការ​ទំនាក់​ទំនង​កាន់តែច្រើនទៀតផង។ ម្ចាស់អាជីវកម្មមួយចំនួន ថ្វីត្បិដថា មានអាជីវកម្មខ្លួនឯង​មួយ ឬច្រើនរួច​ហើយក្តី​ក៏នៅតែឆ្លៀតធ្វើការងារជា Freelance បន្ថែមទៀត ព្រោះថាវាជាជំនាញដែលខ្លួនស្រលាញ់ផង និងដើម្បី​បង្កើនសមត្ថភាពខ្លួនឯងឲ្យរឹតតែពូកែជាងមុនផង។

ថ្ងៃនេះ Business Cambodia សូមណែនាំឲ្យស្គាល់នូវអាជីពជា Freelanceចំនួន ៥​ប្រភេទដែល​អាចរកបានចំណូលក្រាស់ក្រែល ហើយនៅតែអាចគ្រប់គ្រងអាជីវកម្មរបស់ខ្លួនឯងផង៖

១/ ឌីសាញ (វែបឌីសាញ- ក្រាហ្វិកឌីសាញ)


អាជីពមួយនេះ ចេញពីអ្នកអាយធីសុទ្ធសាធ ទើបអាចមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារបាន ខណៈតម្លៃនៅក្នុងការរចនា ឬ ធ្វើវែបសាយនីមួយៗខ្ពស់មិនធម្មតា ប៉ុន្តែទាមទារឲ្យអ្នកមាន​សមត្ថភាព​គ្រប់គ្រាន់ ហើយស្នាដៃអ្នកត្រូវបានគេទទួលស្គាល់ផងដែរ។ គេនិយាយថាអ្នកអាយធីភាគ ច្រើនសុទ្ធ តែដាច់យ៉ៃ ពាក្យនេះគ្រាន់តែជាការលេងសើចក្នុង​បណ្តាញសង្គម​ប៉ុ​ណ្ណោះ ព្រោះថាអ្នកចេះពិតប្រាកដ ពួកគាត់​អាច​ទាញចំណូលបានយ៉ាងស្រួលពីជំនាញរបស់គាត់ តួយ៉ាងអ្នកជំនាញបង្កើតវែបសាយម្នាក់​សុំលាក់ឈ្មោះបានបង្ហើបប្រាប់ Business Cambodiaថា គាត់អាចទាញចំណូលបានចាប់១ពាន់ ដល់៣ពាន់ដុល្លារឯណោះក្នុង១ខែ។

២/ អ្នកបកប្រែ

អាជីពជាអ្នកបកប្រែ ទាមទារឲ្យអ្នកចេះច្រើនមុខ មិនមែនត្រឹមតែភាសាមួយមុខប៉ុណ្ណោះទេ​ ហើយអ្វីរឹត​តែ​ត្រូវផ្តោតសំខាន់ទៅទៀតនោះ ថាអ្នកជាអ្នកបកប្រែនៅក្នុងវិស័យអ្វី? មានវិស័យផ្សេងៗគ្នាជាច្រើន ដែលត្រូវការអ្នកបកប្រែទាំងក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។ អ្នកបក​ប្រែFreelance​ត្រូវ​ការមានជំ​នាញ និងបទពិសោធន៍ខ្ពស់ ទើបអាចសម្របសម្រួលគម្រោងមួយបាន ដែលអាជីពនេះ​អ្នកត្រូវប្រឡូកក្នុងការងារស្ម័គ្រចិត្ត ឬការងារដែលពាក់ព័ន្ធច្រើន ខណៈអ្នកបកប្រែឯករាជ្យមួយរូបបង្ហើបថា គាត់អាចរកបានខ្ទង់ពាន់ដុល្លារដែរ ស្របពេលគាត់ជា​ម្ចាស់​ហាងមួយកន្លែងនៅភ្នំពេញ។

៣/ អ្នកជំនាញថត

ជំនាញថតទាំងរូបភាព និងវីឌីអូ ហាក់កំពុងពេញនិយមខ្លាំង ពីយុវវ័យសម័យឌីជីថលនេះយ៉ាងសម្បើម ដោយគេសង្កេតឃើញថា មានអ្នករៀនជំនាញមួយនេះច្រើនរហូតដល់ថ្នាក់ឧត្តមសិក្សា​ទាំងនៅក្នុង​ស្រុក និងក្រៅស្រុក​ផងក៏មាន។ ហេតុអ្វីបានជាជំនាញនេះសំខាន់ម្លេះ? ចម្លើយ ដោយសារ​តែជំនាញ​នេះ បានជួយដល់អាជីវកម្មយ៉ាងច្រើន ត្បិដអីអាជីវកម្មបច្ចុប្បន្ន មិនថាតែនៅលើអនឡាញ និងនៅទី​តាំង​ជាក់ស្តែងប៉ុណ្ណោះទេ គឺសុទ្ធតែត្រូវការរូបភាព ឬវិឌីអូផ្សព្វផ្សាយស្ទើរតែអស់។ សម្រាប់ចំណូល​វិញអ្នកជំនាញបានប្រាប់ថា អាស្រ័យទៅតាមProject តូច ឬក៏ធំ យ៉ាងណាក្តីអាជីពនេះបានផ្តល់​កម្រៃយ៉ាងតូចត្រឹម១សន្លឹកដែរ​សម្រាប់ទីតាំងជិតៗ និងចំណាយពេលខ្លី។

៤/ ប្រឹក្សាយោបល់

អាជីពមួយនេះ មានច្រើនវិស័យឲ្យអ្នកជ្រើសរើស ដែលមិនខុសពីវិស័យមុនៗដែរ ដែលត្រូវការជំនាញ និងបទពិសោធន៍ក្រាស់ក្រែល។ អ្នកព្រឹក្សាយោបល់បច្ចុប្បន្នលើ​វិស័យ៣សំខាន់ៗកំពុងតែត្រូវប៉ាន់​មានដូចជា វិស័យហិរញ្ញវត្ថុ​ និងពន្ធដារ វិស័យអចលនទ្រព្យ និងប្រឹក្សាយោបល់លើមុខជំនួញជាដើម។ ងាកមកនិយាយពីចំណូលវិញ អាជីពមួយនេះ មិនទៀងទាត់ ដូចអាជីពខាងដើមឡើយ គឺវាអាស្រ័យ​លើការចរចានៃភាគីទាំងសងខាង ប៉ុន្តែអ្នកគិតទៅមើល រឿងលុយកាក់ ទិញ-លក់ផ្ទះ និងជំនួញ​រាប់ម៉ឺនដុល្លារ តើគេអាចចាយលុយលើការប្រឹក្សាប៉ុណ្ណា?

៥/​ អ្នកនិពន្ធ

អាជីពចុងក្រោយនេះ ហាក់កាន់តែពេញនិយមជាងគេ ហើយក៏មានយូរយារមកហើយដែរ ប៉ុន្តែបើនិយាយពីទីផ្សារវិញ គឺបើកដល់ជើងមេឃតែម្តង វាអាស្រ័យលើសមត្ថភាព ទេពកោសល្យ និងឱកាសរបស់អ្នក។ អ្នកនិពន្ធក៏មិនខុសពីវិស័យមុនដែរ មានជំនាញ និងតម្រូវការច្រើន ដែលចែក​រំលែក​ចេញពីវិស័យនេះ ជាឧទាហរណ៍យ៉ាងខ្លីមហាសេដ្ឋី Robert Kiyosaki បានបង្កើត​ភាពល្បីល្បាញ​ពីការតែងនិពន្ធនេះ ខណៈលោកជាអ្នកវិនិយោគខាងអចលនទ្រព្យប៉ុណ្ណោះ។ បើនិយាយពីចំណូលវិញ ទីផ្សារស្រុកខ្មែរ មិនអាចលោតទៅដល់ Rich’s Dad របស់ Robert បានទេ ប៉ុន្តែបើអ្នកស្រលាញ់ស្នាដៃនិពន្ធពិតមែន អ្នកប្រាកដជាធ្វើបានទោះ វាជាចំណូលមិនច្រើនដូចវិស័យនានាក្តី ក៏វាជាប្រយោជន៍ដល់អ្នកអាន និងសង្គមផងដែរ៕

អត្ថបទដោយ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here