រាជរដ្ឋាភិបាលចេញអនុក្រឹត្យដាក់«បឹងយក្សឡោម» ឱ្យទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

0
1422

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានផ្សព្វផ្សាយ នូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្សឡោម ដែលមានផ្ទៃដីសរុប ២២៥ហិកតា ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរីជាផ្លូវការ។

គោលបំណងនៃការដាក់បឹងដែលមានជម្រៅជ្រៅនេះ ទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង គឺជាការថែទាំជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងជីវៈចម្រុះ ដើម្បីរក្សាលំនឹងបរិស្ថាននៅតំបន់បឹងយក្សឡោម។

យោងតាមអនុក្រឹត្យដដែលបានបញ្ជាក់ថា ផ្ទៃដីតំបន់ប្រើប្រាស់ច្រើនយ៉ាង«បឹងយក្សឡោម»នេះមិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈនោះទេ ហើយក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។


សម្រាប់អនុក្រឹត្យក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាក់តំបន់បឹងយក្សឡោម ទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្នុងគោលបំណង ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញលក្ខ ខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។

បន្ថែមពីលើនេះ ដើម្បីរក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ហើយសម្រាប់ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព។

ម្យ៉ាងទៀត ជាការលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។ បង្កើនតួនាទីប្រព័ន្ធអេកូឡួស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។

សូមជម្រាប់ថា រមណីយដ្ឋាន បឹងយក្សឡោម មានទីតាំងក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ស្ថិតនៅទិសខាងកើតក្រុងបានលុង ក្នុងខេត្តរតនគិរី ជាតំបន់រម្មណីយដ្ឋានប្រវត្ថសាស្ត្ររបស់កម្ពុជា បានកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនឱ្យទៅទស្សនាកម្សាន្ត៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

LEAVE A REPLY

Please enter your comment!
Please enter your name here