ចិនវិនិយោគជាង ១ពាន់លានដុល្លារ$ អភិវឌ្ឍន៍ទីក្រុងកម្សាន្ត និងសួនទឹក នៅព្រះសីហនុ

0
27044

នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមហ៊ុនចិន SV International បានសម្ពោធគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី (Wisney Resort City) តម្លៃជាង ១ពាន់លានដុល្លារ មានទីតាំងនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលពិធីនេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ក្រុមហ៊ុន SV International បានសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគចំនួនជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីជាង ៦៥ហ.ត លើគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី (Wisney Resort City) រួមមាន រមណីយដ្ឋានកម្សាន្តទឹក (water theme park) សណ្ឋាគារ និងកាស៊ីណូ ផ្សារទំនើប សួនច្បារ ឧទ្យានលំហែរកាយ ផ្លូវ និងឧទ្យានវប្បធម៌ ព្រះវិហារ ។ល។ ដែលមានទីតាំងនៅក្រុងព្រះសីហនុ នៃខេត្ដព្រះសីហនុ។

លោកជំទាវ បន្តថា ជាមួយនឹងទុនវិនិយោគយ៉ាងច្រើនលើគម្រោងនេះពិតជាអាចទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ ដើម្បីរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែជឿនលឿនបន្ថែមទៀត។


បន្ថែមពីលើនេះ ការអភិវឌ្ឍន៍ទាំងនេះ គឺការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ពីបណ្តាអ្នកវិនិយោគបរទេស មកលើព្រះរាជាណាចក្រកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ។

ជាចុងក្រោយ លោកជំទាវក៏បានស្នើដល់ក្រុមហ៊ុនដែលជាម្ចាស់គម្រោងដ៏ធំនេះ សូមអនុវត្តការសាងសង់ និងធ្វើប្រតិបត្តិការ អាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here