ក្រុមហ៊ុនទូរស័ព្ទចិនធំៗពីរ ត្រូវអាមេរិកដេញចេញលេងឲ្យរកស៊ី បន្ទាប់ពីឈរជើងច្រើនឆ្នាំ

0
22322

គិតចាប់ពីខែមិនាដើមឆ្នាំ ២០១៨ នេះ ការធ្វើពាណិជ្ជកម្មរវាងក្រុងវាស៊ីនតោន និងក្រុងប៉ីជីងកាន់តែមានសភាពតានតឹង រហូតដល់នាយកដ្ឋានពាណិជ្ជកម្មអាមេរិកសម្រេចបិទចោលក្រុមហ៊ុនចិន ZTE ដែលជាក្រុមហ៊ុនធំមួយលក់ស្មាតហ្វូន និងសម្ភារៈទូរគនាគមន៍ជុំវិញពិភពលោក បន្ទាប់ពីបានទិញសមាសភាគពីក្រុមហ៊ុនអាមេរិកជាង ៧ ឆ្នាំ ។

បន្ទាប់ពី ZTE អាមេរិកក៏គ្រោងនឹងបិទក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនលក់ស្មានហ្វូនមានឈ្មោះល្បីមួយផងដែរ នេះបើតាមការចុះផ្សាយរបស់ CNN ។

មន្ត្រីជាន់ខ្ពស់មកពីភ្នាក់ងារ CIA, NSA និង FBI កាលពីខែកុម្ភៈកន្លងទៅបានលើកឡើងថា ប្រជាជនអាមេរិកមិនគួរប្រើប្រាស់ស្មាតហ្វូនរបស់ Huawei ទេ ខណៈដែលកាលពីខែមេសាកន្លងទៅលោកប្រធានាធិបតី Trump បានច្រានចោលការស្នើរសុំរបស់ក្រុមហ៊ុន Broadcom ក្រោមទឹកប្រាក់ ១១៧ ពាន់លានដុល្លារដើម្បីគ្រប់គ្រងលើក្រុមហ៊ុន Qualcomm ស្របពេលដែលមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះអាចនឹងបើកដៃឲ្យ Huawei ចូលមកប្រកួតប្រជែងការអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយអាមេរិក ។


ជាមួយគ្នានេះ Huawei បានបដិសេធចំពោះការចោទប្រកាន់ថា ឧបករណ៍របស់ខ្លួនបានបង្កហានិភ័យផ្នែកសន្តិសុខ ខណៈដែល ZTE ចាត់ទុកថាការបិទក្រុមហ៊ុនរបស់ខ្លួនលែងឲ្យរកស៊ីពិតជា អយុត្តិធម៌ខ្លាំងណាស់ ។

ក្នុងនោះដែរលោក Handel Jones នាយកប្រតិបត្តិក្រុមហ៊ុន high-tech consultancy លើកឡើងថា អាមេរិកនៅតែបង្ហាញជំហររឹងមាំរបស់ខ្លួនលើ ZTE ដែលជាផ្នែកមួយក្នុងការផ្ញើសារគម្រាមក្រុមហ៊ុនធំ៣ ផ្សេងទៀតរបស់ចិន ។

ការបិទក្រុមហ៊ុនធំៗដល់ទៅ ២ របស់ចិននេះ ត្រូវបានគេហៅថា “យុទ្ធសាស្ត្រអារ កមាន់គម្រាមស្វា”​។ ការធ្វើបែបនេះ បង្កជាការព្រួយបារម្ភថាបញ្ហានេះអាចនឹងរីករាលដាលដល់ក្រុមហ៊ុនយក្សរបស់ចិនដូចជា Alibaba និង Tencent ។

គួរបញ្ជាក់ថា អាមេរិកគឺទីផ្សារយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ជាក់ស្តែង Alibaba និង Tencent កំពុងរកស៊ីលើសេវាកម្មផ្ទុកទិន្នន័យ cloud ដែលកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Amazon, Google និង Microsoft ។

បន្ទាប់ពីនេះមក ក្រុមហ៊ុនផ្សេងទៀតដែលមានមុខរបររកស៊ីស្រដៀងនឹង ZTE និង Huawei ដូចជា Lenovo ជាដើមអាចនឹងកំពុងភ័យខ្លួនបណ្តើរៗហើយ ។

ថ្វីត្បិតតែ Lenovo មិនស្ថិតក្នុងសមរភូមិទីផ្សារអាមរិកមែន ប៉ុន្តែក្រុមហ៊ុននេះស្ថិតក្នុងក្រុមរកស៊ីរបស់ ZTE និង Huawei ដែលត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនសក្តានុពលមួយក្នុងការបង្កបញ្ហាសុវត្ថិភាពតាមរយៈស្មាតហ្វូន នេះបើតាមរបាយការណ៍ពីគណៈកម្មការសេដ្ឋកិច្ចអាមេរិកចិន ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនភាគច្រើនសុទ្ធប្រកួតប្រជែងជាមួយអាមេរិក ដូចនេះបើអាមរិកនៅតែបន្តបិទមុខរបររកស៊ីរបស់ក្រុមហ៊ុនចិនទៀត សង្គ្រាមពាណិជ្ជកម្មរវាងចិន អាមេរិកកាន់តែផ្ទុះឡើងៗ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here