លោកដូណាល់ ត្រាំគំរាមយកពន្ធនាំចូលលើទំនិញចិន២០០ពាន់លានដុល្លារបន្ថែមទៀត

0
891
លោកដូណាល់ ត្រាំ (Credit: Google)

វ៉ាស៊ីនតោន៖លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនៅថ្ងៃចន្ទម្សិលមិញនេះ បានគំរាមយកពន្ធ១០ភាគរយបន្ថែមទៀតទៅលើទំនិញនាំចូលពីចិនតម្លៃ២០០ពាន់លានដុល្លារអាមេរិក។ ការគំរាមនេះ បានរងនូវការព្រមានសងសឹកតបមកវិញភា្លមៗពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំបាននិយាយថា លោកបានស្នើទៅអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ដើម្បីបង្ហាញនូវផលិតផលនានារបស់ចិន ដើម្បីយកមកអនុវត្តការយកពន្ធថ្មី។ លោកដូណាល់ ត្រាំ បានអះអាងថា ការធ្វើដូច្នេះ គឺជាការសងសឹកទៅនឹងការសម្រេចចិត្តរបស់ចិនដែលបានដំឡើងពន្ធនាំចូលលើទំនិញអាមេរិកតម្លៃ៥០ពាន់លានដុល្លារ។ ការដំឡើងពន្ធរបស់ចិននេះ ធ្វើឡើងក្រោយពីលោកដូណាល់ ត្រាំបានប្រកាសយកពន្ធស្រដៀងគ្នានេះទៅលើទំនិញរបស់ចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាការឆ្លើយតបវិញ ក្រសួងពាណិជ្ជកម្មចិនតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ បានអះអាងថា នឹងវាយបកយ៉ាងខ្លាំងក្លាតបតវិញដោយប្រើប្រាស់វិធានការទាំងលើផ្នែកគុណភាព និងបរិមាណ ប្រសិនបើសហរដ្ឋអាមេរិកដាក់ចេញនូវការយកពន្ធថ្មីទៅលើទំនិញរបស់ចិនមែននោះ។ រដ្ឋាភិបាលចិនថែមទាំងចោទប្រកា​ន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទៀតថា កំពុងតែចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមបង្កើតសង្រ្គាមពាណិជ្ជកម្មនិងបានបំពានគោលការណ៍ទីផ្សារ ហើ​យ​ការធ្វើដូចនេះ វាមិនត្រឹមតែបង្កមហន្តរាយដល់ប្រជាជននៃប្រទេសចិននិងអាមេរិកនោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។


យ៉ាងណាក៏ដោយ លោកRobert Lighthizer បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាការិយាល័យរបស់លោកកំពុងរៀបចំដាក់ចេញការយកពន្ធថ្មីនេះ  ហើយពួកគេនឹងទទួលបាននូវនីតិវិធីស្របច្បាប់ដូចគ្នានឹងការយកពន្ធមុនៗដែរ។ តែទោះយ៉ាងណា លោកRobert Lighthizer មិនបានបង្ហើបឲ្យដឹងឡើយថា តើពេលណានឹងបង្ហាញនូវបញ្ជីមុខទំនិញរបស់ចិនដែលនឹងត្រូវកំណត់យកពន្ធថ្មីនោះ៕

ដោយ៖ វណ្ណ ច័ន្ទវីន

 

LEAVE A REPLY

Please enter your comment!
Please enter your name here