Robert Kiyosaki៖ ៤ចំណុចធំៗគួរចៀសវាង ពេលជ្រើសរើសទីតាំងជួលសម្រាប់បើកអាជីវកម្ម

0
5961

ការជ្រើសរើសទីតាំងអាជីវកម្មមួយ មានឥទ្ធិពលខ្លាំងណាស់ទៅលើភាពជោគជ័យ​ ឬបរាជ័យរបស់អាជីវកម្ម។ អាជីវកម្មភាគច្រើនជោគជ័យឬបរាជ័យ ក៏ដោយសារឥទ្ធិពលនៃការរើសទីតាំងនេះផងដែរ។

ខាងក្រោមនេះជាចំណុច៤ធំៗ ដែលម្ចាស់អាជីវកម្មគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុត ជាពិសេសសហគ្រិនថ្មោងថ្មី ត្រូវតែស្វែងយល់មុននឹងសម្រេចចិត្តចូលប្រឡូកក្នុងពិភពជំនួញ៖

ចំណុចទី១៖ កុំជ្រើសរើសទីតាំងយកតម្លៃជួលធ្វើជាការសម្រេចចិត្ត


ពិតណាស់ថាមនុស្សយើងចូលចិត្តអ្វីដែលមានតម្លៃថោកឬសន្សំសំចៃ ប៉ុន្តែក្នុងការជ្រើសរើសទីតាំងសម្រាប់អាជីវកម្ម ប្រាកដណាស់ថាទីតាំងដែលល្អនឹងមានតម្លៃថ្លៃ ប្រៀបដូចនិងតម្លៃដីនៅទីក្រុងនិងដីនៅតំបន់ជនបទដូច្នេះដែរ។​

ថ្វីត្បិតតែតម្លៃជួលទីតាំងជាកត្តាសំខាន់មួយដែលម្ចាស់អាជីវកម្មត្រូវគិតគូរ ប៉ុន្តែអ្នកគួរធ្វើការសិក្សានិងវិភាគឲ្យបានច្បាស់លាស់រវាងតម្លៃជួលនិងទីតាំងអាជីវកម្មដែលអ្នកត្រូវជ្រើសរើសឲ្យបានល្អិតល្អន់។ លោក Robert Kiyosaki​​ បានអធិប្បាយក្នុងសៀវភៅ “Cashflow Quadrant” “ចន្តរប្រាក់បួនផ្នែក” ថាឪពុកអ្នកក្ររបស់គាត់បានធ្វើការសម្រេចចិត្តខុសតាំងតែពីពេលចាប់ផ្តើមអាជីវកម្មដំបូងមកម៉្លេះ។ ឪពុករបស់គាត់យល់ថាការ៉េមម៉ាកដ៏ល្បីដែលគាត់បានទិញសិទិ្ធអាជីវកម្មមកនោះ ទោះបីទីតាំងស្ថិតនៅកន្លែងណាក៏នឹងមានអតិថិជនគាំទ្រដែរ ព្រោះវាជាការ៉េមម៉ាកល្បី។

ផ្ទុយស្រលះពីការគិត  ការជ្រើសរើសទីតាំងដោយចង់បានតម្លៃថោក ធ្វើឲ្យការលក់របស់គាត់ធ្លាក់ចុះបន្តិចម្តងៗរហូតបិទទ្វារអាជីវកម្ម។ នេះសបញ្ជាក់ថាតម្លៃជួលទីតាំងខ្លះអាចខុសត្រូវគ្នាបន្តិចបន្តួច ប៉ុន្តែផលកម្រៃដែលលក់បានអាចខុសគ្នាដូចមេឃនិងដី។

ចំណុចទី២៖ កុំជ្រើសរើសទីតាំងតាមអារម្មណ៍ឬសម្រេចចិត្តភ្លាមៗ

ម្ចាស់អាជីវកម្មមួយចំនួនមិនបានធ្វើការសិក្សាល្អិតល្អន់ចំពោះទីតាំងដែលគេត្រូវបើកដំណើរការអាជីវកម្មឲ្យបានច្បាស់លាស់នោះឡើយ គឺគេឃើញភ្លាម ស្រលាញ់ភ្លែត។ ហេតុនេះហើយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវវិភាគឲ្យបានច្បាស់លាស់ កុំទាន់ជឿទៅលើអារម្មណ៍ ឬហេតុការណ៍ដែលពុះកញ្ជ្រោលក្នុងចិត្តរបស់អ្នក។

ពិតណាស់ថាអ្នកមានចិត្តអន្ទះសារខ្លាំងចង់រកស៊ី ប៉ុន្តែអ្នកពុំគួរបន្ទាន់ជ្រើសរើសទីតាំងលឿនពេកដោយមិនបានសិក្សាឲ្យបានល្អិតល្អន់នោះដែរ។ ទីតាំងដែលល្អៗមានច្រើនជាហូហែរហើយទីតាំងដែលអ្នក           កំពុងមើលឃើញក្នុងពេលនេះ ក៏មិនមែនមានន័យថាជាទីតាំងចុងក្រោយបង្អស់ដែរ។ ឱកាសដើម្បីស្វែងរកទីតាំងល្អៗនៅមានសល់ច្រើនជាបន្តបន្ទាប់ ដូច្នេះកុំទាន់សម្រេចចិត្តលឿនពេក។

ចំណុចទី៣៖ កុំប្រគល់សិទ្ធិជ្រើសរើសទីតាំងឲ្យអ្នកដទៃសម្រេចជំនួស

មានម្ចាស់អាជីវកម្មមិនតិចឡើយដែលសម្រេចជ្រើសរើសសេវាកម្មស្វែងរកទីតាំងទៅឲ្យអ្នកគួកជេឬម្ចាស់មណ្ឌលពាណិជ្ជកម្មជាអ្នកជ្រើសរើសជំនួសខ្លួន។ វាជាការពិតដែលថាអ្នកទាំងនោះមានបទពិសោធន៍ ទិន្នន័យនិងមានទំនាក់ទំនងច្រើន ប៉ុន្តែអ្នកក៏មិនគួរប្រគល់សិទ្ធិឬជឿជាក់គេទាំងស្រុងដោយមិនបានគិតគូឲ្យបានម៉ត់ចត់ ឬធ្វេសប្រហែសមិនបានធ្វើការសម្រេចចិត្តដោយខ្លួនឯងនោះដែរ។

ចំណុចទី៤៖ កុំបន្ថែមទុននិងកម្លាំងទៅលើទីតាំងដែលមិនល្អ

អ្នកនឹងសាងកំហុសជាន់លើកំហុសកាន់តែធ្ងន់ធ្ងរ បើអ្នកជ្រើសរើសការបន្ថែមទុនទៅលើអាជីវកម្មដែលមានទីតាំងដែលមិនល្អស្រាប់។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកកាន់តែផុងខ្លួនកាន់តែខ្លាំង ហើយមិនយួរមិនឆាប់អាជីវកម្មរបស់អ្នកនឹងអាចត្រូវបិទទ្វារ។

សរុបមក ទីតាំងមានសារៈសំខាន់ណាស់ចំពោះអាជីវកម្ម វាអាចជាចំនុចស្លាប់រស់របស់អាជីវកម្មរបស់អ្នក ដូច្នេះសូមធ្វើការសម្រេចចិត្តឲ្យបានល្អិតល្អន់មុននឹងជ្រើសរើសយកទីតាំងណាមួយ៕

អត្ថបទដោយ៖ SOY-VUTHEA

LEAVE A REPLY

Please enter your comment!
Please enter your name here