អ្នកចម្ការនៅខេត្តប៉ៃលិនមានទឹកមាត់លេបជាងមុន ខណៈតម្លៃពោតនិងដំឡូងនៅតែបន្តឡើងថ្លៃ

0
3789

ដំណាំពោត និងដំឡូងមីត្រូវបានកសិករនៅខេត្តប៉ៃលិននិយមដាំច្រើនជាងគេពីមួយឆ្នាំទៅមួយឆ្នាំ និងប្រមូលផលជាទៀងទាត់ទៅតាមរដូវរបស់ដំណាំនីមួយៗ រួចដឹកចេញទៅ​ប្រទេសថៃតាមច្រក​អន្តរជាតិ​ផ្សារព្រំ(ខេត្តប៉ៃលិន) នេះបើតាមការប្រាប់ឲ្យដឹងពីកសិករម្នាក់ដែលរស់នៅក្នុងខេត្តមួយនេះ។

លោកអ៊ួន សាវៀង ជាមន្ត្រីបម្រើការងារនៅក្រុមហ៊ុនឯកជនផង និងឆ្លៀតដាំដំឡូងមីនៅចម្ការខ្លួនឯងផង បានប្រាប់ Business Cambodia ថា តម្លៃទីផ្សារពោត និងដំឡូងកំពុងតែស្រូតឡើង​នាកំឡុង​ពេលពីរ​ឆ្នាំចុងក្រោយ​​នេះ​ ធ្វើអោយកសិករទូទាំងខេត្ត ហាក់មានទឹកមាត់លេបឡើងវិញ ត្បិតអីប៉ុន្មាន​ឆ្មាំមុនៗ​តម្លៃធ្លាក់ថ្លៃខ្លាំង ហើយប្រមូលផលបានតិចទៅទៀត។

ពលរដ្ឋរស់នៅខេត្តប៉ៃលិនរូបនេះបានបន្តថា ឆ្នាំនេះសម្រាប់ដំណាំពោត កសិករមិនត្រឹមតែអាចលក់​ចេញ​ក្នុងតម្លៃមួយខ្ពស់ជាងមុនប៉ុណ្ណោះទេ ដំណាំស្រួលថែទាំប្រភេទនេះថែមទាំង ផ្តល់ផលបានខ្ពស់​ជាងមុនផងដែរ។


ដោយសារតែឆ្នាំនេះ ពួកគាត់ជ្រើសរើសពូជ ដែលផ្តល់ទិន្នផលខ្ពស់ និងមាន​ទម្ងន់​ធ្ងន់ផង ខណៈ​កាល​ពីឆ្នាំមុនតម្លៃពោតត្រឹមតែ៥បាតថៃ ឬ៦២០រៀល អាចប្រមូលផលបាន​ត្រឹមតែ​៣​ទៅ៥តោន​ប៉ុ​ណ្ណោះ​ក្នុង១ហិកតា កើនដល់តម្លៃ៥.៥បាតថៃ ឬ៦៨០រៀល អាចប្រមូលផលបានពី៤​ទៅ៦​តោន​នៅ​ដើម​ឆ្នាំនេះ ដែលកសិករត្រូវចំណាយដើមទុនក្នុងការទិញពូជ និងធ្វើដីមិនក្រោមពី៣០០ដុល្លារក្នុង១ហិកតា ។

ងាកមកដំណាំដំឡូងវិញ កាលពីរដូវប្រមូលផលឆ្នាំមុន តម្លៃលក់ត្រឹមតែ ១.៥-២បាតថៃ ឬ១៨៥-២៥០​រៀល កើនដល់តម្លៃ១.៧-៣បាតថៃ ឬ២១០-៣៧០រៀលក្នុងមួយគីឡូក្រាម នាដើមឆ្នាំនេះដូចគ្នា ដែលកសិករត្រូវការចំណាយថ្លៃដើមចន្លោះពី១៥០ទៅ២០០ដុល្លារក្នុង១ហិកតា។

ហើយដំឡូងនេះទៀតសោត អាចផ្តល់ទិន្នផលខ្ពស់អាស្រ័យលើការធ្វើដី កាលណាគាត់ធ្វើដីស្អាត គ្មានស្មៅរំខានការលូតលាស់របស់ដំឡូងមី នោះគាត់នឹងអាចប្រមូលផលបាន​ខ្ពស់មិនខាន​ឡើយ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សាវៀង។

កសិកររូបនេះ រំពឹងថា ចុងឆ្នាំ២០១៨នេះ អំឡុងពេលប្រមូលផលតម្លៃពោត និងដំឡូងមី​កាន់តែខ្ពស់ជាងឆ្នាំមុនៗ ដែលអាចបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃកាន់​តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទដោយ៖ នួន វណ្ណៈ

 

LEAVE A REPLY

Please enter your comment!
Please enter your name here