នៅយប់មិញនេះ ក្រុមកូរ៉េខាងត្បូងបានចាញ់ក្រុមស៊ុយអែតដោយលទ្ធផល១-0។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករវ័យក្មេងLee Seung-Woo ក៏បានចូលរួមប្រកួតទល់នឹងក្រុមស៊ុយអែតដែរ។ Lee Seung-Woo ត្រូវបានប្តូរចូលនៅតង់ទី២ ហើយនេះ គឺជាការបង្ហាញខ្លួនលើកទីមួយរបស់គេហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងនៅក្នុងព្រឹត្តិការណ៍World Cup នេះ។
បច្ចុប្បន្ន Lee Seung-Woo មានអាយុ២០ឆ្នាំ គឺជាកីឡាករវ័យក្នេងម្នាក់នៅក្នុងចំណោមកីឡាករវ័យក្មេងផ្សេងទៀតដែលមានឈ្មោះបង្ហាញខ្លួននៅWorld Cup ។ និយាយពីប្រវត្តិនៃលេងបាល់របស់ Lee Seung-Wooវិញ គឺកីឡាករវ័យក្មេងរូបនេះត្រូវបានក្លិបយក្សរបស់អេស្បាញ គឺBarcelona បានទិញយកគេទៅហ្វឹកហាត់ទាំងពីអាយុនៅ១២ឆ្នាំម្លេះ។ អាយុនេះ គឺតិចជាងកំពូលកីឡាករឆ្នើមLionel Messi មួយឆ្នាំ ពោល គឺMessi ត្រូវបានក្លិបBarcelona ទិញយកទៅនៅអាយុ១៣ឆ្នាំ។ កាលពីឆ្នាំ២០១៥-២០១៦ Lee Seung-Woo បានបង្ហាញខ្លួនឲ្យក្រុមBarcelonaកម្រិតB បានម្តងដោយមិនបានរកគ្រាប់បាននោះទេ។
ក្រោយនៅជាមួយBarcelona មួយរយៈធំ Lee Seung-Woo ត្រូវបានផ្ទេរទៅកាន់ក្លិបHellas Verona ដែលលេងនៅលីគSerie A នៅប្រទេសអ៊ីតាលីកាលពីខែសីហា ឆ្នាំ២០១។ ការផ្ទេរនេះធ្វើឡើងក្នុងកិច្ចសន្យា៤ឆ្នាំ ក្នុងតម្លៃ១.៥លានអឺរ៉ូឬប្រហែល១.៧លានដុល្លារអាមេរិក។ Lee Seung-Woo បានបង្ហាញខ្លួននៅក្លិប Hellas Verona ចំនួន១៤លើក និងរកបានមួយគ្រាប់។
សម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងវិញ កីឡាករ Lee Seung-Woo ទើបបានបង្ហាញខ្លូនបានតែ៥លើកទេហើយមិនទាន់រកគ្រាប់បាល់បានឡើយ។ Lee Seung-Woo មានកម្ពស់១.៧០ម៉ែត្រ និងលេងក្នុងតំណែងជាខ្សែកម្រើស្លាប ហើយរូបគេត្រូវបានអ្នកនិយមបាល់ទាត់ឲ្យរហស្សនាមថា “Messiកូរ៉េខាងត្បូង”៕
ដោយ៖ វណ្ណ ច័ន្ទវីន