ឧកញ៉ាគួច ម៉េងលី៖ នេះជាចម្លើយដែលយុវជនចង់ដឹង តើត្រូវរៀបចំជីវិតពីចំណុចណា?

0
7499

មាននិស្សិតរាប់ម៉ឺននាក់លំបាករៀបចំអនាគតខ្លួនឯងឱ្យជោគជ័យណាស់ក្រៅពីដាក់ខ្លួនឯងធ្វើការងារ នៅតាមបណ្តាក្រុមហ៊ុន។ យុវជនខ្លះធ្វើការឱ្យគេរហូតមួយជីវិត ខ្លះក៏បង្កើតការងារដោយខ្លួនឯង។ តែ ចំណុចមួយ ដែលយុវជនភាគច្រើនឆ្លើយមិនចេញក្នុងជីវិតគឺមិនដឹងថាតើ ត្រូវចាប់ផ្តើមជីវិ​តពីចំណុចណា​? ហើយធ្វើយ៉ាងម៉េច?

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនា​យក​ប្រតិ​បត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច​ អេឌ្យូខេសិន បានមានប្រសាសន៍ថា«ក្មួយៗ ប្អូនៗ ត្រូវមានផែនការ និងចេះរៀបចំជីវិតពីក្មេង ទើបវាងាយស្រួលទៅថ្ងៃមុខ ហើយដើម្បីទទួលបានជោ​គជ័យ​ក្នុងជីវិតការងារ ក៏​ដូចជា​ជោគជ័យ​លើ​អាជីវកម្ម​ផ្ទាល់​ខ្លួន យើងគួរមាន៧ចំណុចក្នុងការរៀបចំជីវិតឱ្យបានជោគជ័យ៕»

​ទី១ ​ពេលកំពុងសិក្សានៅសាកលវិទ្យាល័យឆ្នាំទី១៖ក្នុងពេលនេះប្អូនៗត្រូវខិតខំ​សិក្សា​រៀន​សូត្រ ​អាន​សៀវភៅ ​និង​ស្រាវ​ជ្រាវ​ឯកសារ​ឱ្យ​អស់ពី​លទ្ធភាព ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ទូលំ​ទូលាយ ហើយឆ្នាំទី១​នេះ ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​បុក​គ្រឹះ​ឱ្យ​រឹង​មាំ ​ដើម្បី​ជា​ប្រទីប​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ​សិក្សា​ខាង​មុខ​បន្តទៀត។


ទី២ ពេលកំពុងរៀនឆ្នាំទី២ និងឆ្នាំទី៣ ៖និស្សិត​ទាំងអស់​គួរ​តែ​ឆ្លៀត​ពេល​វេលា​ពីការ​សិក្សា​ខ្លះៗ​ដើម្បី​ទៅធ្វើការ​ងារ​ស្ម័គ្រចិត្ត ឬហាត់ការងារនៅតាមបណ្ដាក្រុមហ៊ុន ឬស្ថាប័ននានា ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ការងារ​ យល់​ដឹង​ពី​ប្រព័ន្ធ​ការងារ​ ប្រព័ន្ធ​គ្រប់​គ្រង​បុគ្គលិក​ និង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាដើម​។​

ទី៣ ​មុន​ពេល​ប្រលូក​អាជីវកម្ម​ដោយ​ខ្លួន​ឯង៖​ សហ​គ្រិន​ទាំង​អស់​គួរតែ​ធ្វើការ​ឱ្យ​គេយ៉ាង​ហោច​ណាស់​ក៏បាន​២ ​ទៅ​៣​ឆ្នាំ​ជា​មុន​សិន​ ដើម្បី​ទទួល​បាន​បទពិសោធ ​ព្រោះ​បើ​យើង​ចាប់​ផ្ដើម​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ដោយគ្មានបទពិសោធ គឺច្បាស់ជាប្រឈមនឹងហានិភ័យ ឬបរាជ័យខ្ពស់​បំផុត។​

ទី៤​ ត្រូវ​​បើក​​អាជីវកម្ម​​ណា​​ដែល​​ខ្លួន​​មាន​​ចំណង់​​ចំណូល​​ចិត្ត៖ព្រោះ​​​បើ​​យើង​​គ្មាន​​​ចំណង់​​ចំណូល​​ចិត្ត​​ទេ ​​នោះ​​នឹង​ធ្វើ​ឱ្យ​យើង​ងាយ​ធុញ​ទ្រាន់​​នឹង​​ការងារ​​ គ្មាន​​ភាព​​ឧស្សាហ៍​ព្យាយាម​​ និង​​គ្មាន​​គំនិត​​ចង់​​ចេះចង់​​ដឹង​​។​ ​

ទី៥ ត្រូវ​ចេះ​​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​ចំណេះដឹង​ ​និង​​សមត្ថភាព​​ពិត​​ប្រាកដ​​ ជៀសវាង​​ជ្រើស​​រើស​​បុគ្គលិក​​តាម​​ខ្សែ​​រយៈ។

ទី៦​ ត្រូវ​ជ្រើស​រើស​បុគ្គលិក​ដែល​ចេះ៥​ តែ​​ធ្វើ​បាន​១០​ កុំ​យក​បុគ្គលិក​​ដែល​​ចេះ​​១០​ ​តែ​​ធ្វើ​​បាន​​តែ​​៥។​ ​

ទី៧ ​​ត្រូវ​​មាន​​ជំនាញ​​ច្បាស់​​លាស់​​លើ​​អាជីវកម្ម​​របស់​​ខ្លួន ​ព្រោះបើ​​យើង​​គ្មាន​​ជំនាញ​​ច្បាស់​​លាស់​​លើ​​អាជីវកម្ម​​ដែល​​យើង​​បើក​​ទេ ​​នោះ​អាជីវកម្ម​​របស់​​យើង​​នឹង​​រលំ ​​ឬក្ស័យ​​ទុន​ទៅ​វិញ​ក្នុង​ថ្ងៃ​ណា​មួយ​ជា​ពុំខាន។

ទទួលស្គាល់ថាយុវជនពិតជាមានទេពកោសល្យ និងមត្ថភាពមែន។ ប៉ុន្តែបើអត់ដឹងថា​ តើត្រូវររៀបចំជីវិតពីចំណុចណាទេ វាគឺជាហានិភ័យខ្ពស់ដោយសារពេលវេលាន និងឱកាសមានមិនច្រើន៕

អត្ថបទ៖ មាំ វិបុល,LEADERSHIP EDITOR

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here