រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញវិធានការដោះស្រាយបញ្ហាប្រេងឡើងថ្លៃនៅចុងខែនេះ

0
1840
រូបតំណាង

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចនឹងដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនមន្រ្តីជាន់ខ្ពស់៨រូបនៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារនេះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះថា “ប្រេងនៅលើទីផ្សារអន្តរជាតិកំពុងឡើងថ្លៃដែលពេលនេះវាក៏មានផលប៉ះពាល់មកដល់យើងហើយ ឥលូវការសិក្សា ខ្ញុំនឹងយកនៅថ្ងៃទី២៨ មិថុនាខាងមុខ ខ្ញុំនឹងប្រកាសចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងបញ្ហាថ្លៃប្រេងនៅក្នុងទីផ្សារក្នុងស្រុករបស់យើង”។ សម្តេចនាយករដ្ឋមន្រ្តីក៏បានអះអាងដែរថា តម្លៃប្រេងឡើងថ្លៃដូចពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការកាត់បន្ថយការផលិតរបស់អង្គការ​នៃ​បណ្តា​ប្រទេស​នាំប្រេងចេញដែលហៅកាត់​ថា OPEC ។

បើទោះបីជាយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន មិនបានបង្ហើបឲ្យដឹងឡើយថាតើវិធានការរបស់រដ្ឋាភិបាលកម្ពុជាទាំងនោះមានអ្វីខ្លះទេ និងថា មានប្រសិទ្ធភាពបែបណានោះ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០០០រៀលក្នុងមួយលីត្រ៕


ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here