តុលាការអូស្ត្រាលី ពិន័យក្រុមហ៊ុនAPPLE ជិត៧លានដុល្លាររឿងបិទប្រព័ន្ធដំណើការទូរស័ព្ទiPhone

0
981
Credit: Google

ស៊ីដនី៖តុលាការរបស់ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះ បានសម្រេចពិន័យក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក APPLE ជាទឹកប្រាក់ចំនួន៩លានដុល្លារអូស្រ្តាលីឬប្រមាណ៦.៧លានដុល្លារអាមេរិកក្រោមការចោទប្រកាន់ថា ប្រើប្រាស់នូវកម្មវិធី Softwareដើម្បីបិទប្រព័ន្ធដំណើរការក្នុងទូរស័ព្ទ iPhone ដែលមានបញ្ហា ហើយត្រូវបានជួសជុលដោយជាងទូរស័ព្ទផ្សេងដែលមិនមែនក្រុមហ៊ុន APPLE។

គណៈកម្មការត្រួតពិនិត្យក្រុមហ៊ុនប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី បានប្តឹងក្រុមហ៊ុនAPPLE ទៅកាន់តុលាការពីបទ បិទដំណើរការទូរស័ព្ទឬប្រើប្រាស់នូវកម្មវិធីដើម្បីផ្តាច់ប្រព័ន្ធដំណើរការក្នុងទូរស័ព្ទ និងTablet រាប់រយគ្រឿង ហើយបន្ទាប់មកបានបដិសេធមិនព្រមបើកឲ្យដំណើរការវិញ ប្រសិនបើឧបករណ៍ទាំងនោះ ត្រូវបានជួសជុលដោយក្រុមជាងទូរស័ព្ទដែលមិនមែនក្រុមហ៊ុនAPPLE។

តុលាការសហព័ន្ធអូស្រ្តាលីនៅថ្ងៃអង្គារនេះ បានរកឃើញកំហុសរបស់ក្រុមហ៊ុនAPPLE ដោយអះអាងថា ក្រុមហ៊ុននេះ បានបំពានទៅនឹងច្បាប់ស្តីពីអ្នកប្រើប្រាស់របស់ប្រទេសអូស្រ្តាលីដោយបានប្រាប់ទៅអ្នកប្រើប្រាស់២៧៥នាក់ថា ពួកគេមិនអាចទទួលបានការធានាជួសជុលពីក្រុមហ៊ុនទេ ប្រសិនបើទូរស័ព្ទរបស់ពួកគេត្រូវបានជួសជុលដោយភាគីទីបីនោះ។


ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនAPPLE បានអះអាងថា ក្រុមហ៊ុនបានជួបសន្ទនាគ្នាជាមួយគណៈកម្មការត្រួតពិនិត្យក្រុមហ៊ុនប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី ដើម្បីជជែកពីរឿងនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានអត្ថាធិប្បាយបន្ថែមយ៉ាងណាទៀតទេចំពោះការរកឃើញកំហុសរបស់តុលាការអូស្ត្រាលីនេះ។

គណៈកម្មការត្រួតពិនិត្យក្រុមហ៊ុនប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលីបាននិយាយថា បន្ទាប់ពីខ្លួនបានប្រាប់អំពីការស៊ើបអង្កេតរបស់ខ្លួនចំពោះបញ្ហានេះ ក្រុមហ៊ុនAPPLE បានស្វែងរកទូទាត់សំណងដល់អតិថិជនដែលទូរស័ព្ទរបស់ពួកគេជួបបញ្ហាដូចខាងលើ។ បើតាមគណៈកម្មការត្រួតពិនិត្យក្រុមហ៊ុនប្រកួតប្រជែងនិងអ្នកប្រើប្រាស់អូស្រ្តាលី មកដល់ពេលនេះក្រុមហ៊ុនAPPLE បានទាក់ទងទៅកាន់អថិជនប្រមាណ៥ពាន់នាក់ហើយ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here