លោក ឈុំ ឈន់៖ ការប្រើបំណុលដែលសហគ្រិនគួរស្វែងយល់ ជាពិសេសអ្នករកស៊ីថ្មីថ្មោង

0
4361

មនុស្សភាគច្រើនយល់ថា បំណុល គឺជារឿងមិនល្អ ! ប៉ុន្តែធាតុពិត នៃបំណុល មិនទាន់ដឹងថា ល្អ ឬអាក្រក់ទេ អាស្រ័យលើផែនការណ៍នៃការចាត់ចែងលុយនោះ។

បំណុលនឹងប្រែក្លាយជាល្អ ប្រសិនបើបំណុលនោះត្រូវបានយកទៅចាត់ចែងប្រើប្រាស់តាមខ្ទង់លុយ បង្កើតខ្ទង់ទ្រព្យទាញចំណូលបន្ថែម។ បំណុល នឹងប្រែក្លាយជាអាក្រក់ ប្រសិនបើបំណុលនោះត្រូវបានយកទៅចាត់ចែងប្រើប្រាស់មិនត្រូវតាមខ្ទង់លុយ ចាយវាយបង្កើតបំណុលថែម បន្ថែមការចំណាយ។ បំណុលល្អ៖

បំណុលចំណេញលុយ បង្កើតចំណូលបន្ថែម ប្រសិនបើអ្នកចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។ ឧទាហរណ៍ អ្នកប្រើប្រាស់បំណុលខ្ចីគេ ៥០,០០០ដុល្លារដើម្បីយកមករកស៊ីបង្កើនប្រាក់ចំណូល ប៉ុន្តែអ្នកត្រូវបង់សងគេចំនួន ១,០០០ដុល្លាររៀងរាល់ខែ។  បន្ទាប់ពីប្រើប្រាស់បំណុលយកទៅរកប្រាក់ចំណូលបន្ថែម អាចបានប្រើប្រាស់ទាញចំណូលប្រចាំខែបាន ២,០០០ដុល្លារ ជារៀងរាល់ខែ ដូច្នេះអ្នកបង់សង់បំណុល ១,០០០ដុល្លារ អ្នកនៅសល់ ១,០០០ដុល្លារ។ នៅក្នុងករណីនេះ យើងឃើញថា ប្រាក់ដែលអ្នកបានខ្ចីគេយកមកប្រើប្រាស់ប្រភេទនេះគឺជាបំណុលល្អ បំណុលចំណេញលុយ គួរខ្ចីគេចុះ បង្កើតវាថែមទៀតចុះ មានបំណុលបែបនេះកាន់តែច្រើនកាន់តែល្អ។ បំណុលអាក្រក់៖


បំណុលខាតលុយ ទាញចំណាយបន្ថែម ត្រូវបានគេចាត់ទុកជាបំណុលអាក្រក់ ហើយក៏ជាបំណុលដែលមនុស្សគ្រប់រូបត្រូវតែចៀសវាងឲ្យខាងតែខាន។ បំណុលប្រភេទនេះ កាលណាអ្នកមានកាន់តែច្រើន នោះជីវភាពនិងជីវិតរបស់អ្នក កាន់តែដុនដាបមិនខានឡើយ។ ឧទាហរណ៍ អ្នកខ្ចីបំណុលគេ ត្រឹម ២០,០០០ដុល្លារ ហើយត្រូវបង់សងគេប្រចាំខែ ៤៥០ដុល្លារប្រចាំខែ។ ក្នុងករណីនេះ បំណុលដែលអ្នកបានខ្ចីនោះ មិនបានយកមកទាញចំណូលបន្ថែមទេ យើងយកមកសងបំណុលចាស់ៗ ឬទិញសម្ភារៈនិយមប្រើប្រាស់បន្ថែមចំណាយ បំណុលប្រភេទនេះគេហៅថាបំណុលអាក្រក់។

សរុបមកចុងក្រោយបំណុលបែបនេះ នឹងធ្វើឱ្យយើងមានការចំណាយកាន់តែច្រើនឡើងៗ រហូតចំណូលមិនគ្រប់ការចំណាយ។ លទ្ធផលនៃការចំណាយធំជាងចំណូល ឬរកចំណូលមិនគ្រប់ការចំណាយ នឹងធ្វើឱ្យជីវភាពយើងកាន់តែដុនដាបទៅៗ រហូតមានបញ្ហាជីវភាពធ្ងន់ធ្ងរដោះស្រាយមិនចេញ។ បំណុលបែបនេះ គួររកវិធីដោះខ្លួនចេញជាបន្ទាន់ ដោះកាន់តែលឿន កាន់តែល្អ ហើយត្រូវចាំទុកដាច់ខាតមិនត្រូវឲ្យបំណុលប្រភេទនេះកើតឡើងម្តងទៀតជាដាច់ខាត។

តើអ្នកបានប្រើប្រាស់បំណុលបានត្រឹមត្រូវហើយឬនៅ? តើលោកអ្នកកំពុងស្ថិតនៅក្នុងបំណុលមួយណាដែរ?

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here