ក្រុមហ៊ុនចិនបោះទុនវិនិយោគជាង៣ពាន់លានដុល្លារលើវិស័យសំណង់និងទេសចរណ៍នៅភ្នំពេញ

0
2050

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយមកពីខេត្តក្វាងចូវប្រទេសចិន បានសម្រេចចិត្តបោះទុនវិនិយោគជាង៣ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យសំណង់ និងទេសចរណ៍ ដែលស្ថិតនៅក្នុងតំបន់កំពង់ផែស្វយ័តភ្នំពេញ។

លោក យ៉ាង ស៊ូវ (Yang Shuo) នាយកប្រតិបត្តិនៃក្រុមហ៊ុន TY International Group Limited បានលើកឡើងថា គម្រោងនេះ នឹងលើកកម្ពស់ វិស័យទេសចរណ៍នៅទីក្រុងភ្នំពេញ ហើយក៏ជាការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ រវាងប្រទេសចិន និងកម្ពុជា ដែលមានលក្ខណៈពិសេសរបស់វប្បធម៌ និងវិស័យឧស្សាហកម្មក្នុងតំបន់ សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ តាមយុទ្ធសាស្ត្រ “ផ្លូវមួយខ្សែក្រវាត់មួយ”។ ​​ថ្លែងក្នុងពិធីបង្ហាញគម្រោងវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍ «យៀកថៃ-កំពង់ផែស្វយ័ត ភ្នំពេញ» កាលពីព្រឹកម្សិលមិញនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

លោកបានបន្ថែមថា “វាមិនមែនត្រឹមតែជាគម្រោងកំពង់ផែស្វយ័តភ្នំពេញរបស់ក្រុមហ៊ុនយៀកថៃប៉ុណ្ណោះទេ តែជានាមប័ណ្ណពាណិជ្ជកម្មមួយនៅក្នុងរាជធានីភ្នំពេញ សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌល និងផ្លាស់ប្តូរវិស័យវប្បធម៌ទេសចរណ៍ដ៏ធំមួយ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍”។


លោក យ៉ាង ស៊ូវ បានបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យសំណង់ដ៏ធំនេះ មានសំណង់ដូចជា សណ្ឋាគារ ផ្សារទំនើប អគារពាណិជ្ជកម្ម អគារការិយាល័យភ្លោះ អគារខុនដូរ និងលំនៅឋានប្រណិតផងដែរ។ ហើយលោកបានរំពឹងទុកថា គម្រោងនេះ នឹងបន្តចូលរួមចំណែកទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងពហុបំណងផ្សេងៗបន្ថែមទៀត។​

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គិតត្រឹម ដំណាច់ខែមេសា ឆ្នាំ២០១៨នេះ ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មកកាន់កម្ពុជាគឺកើនដល់ទឹកប្រាក់ជាង១៧ប៊ីលានដុល្លារអាមេរិក។ ជាមួយគ្នានេះ គម្រោងវិនិយោគរបស់ចិននៅកម្ពុជា ភាគច្រើនផ្តោតសំខាន់លើវិស័យសំណង់ កសិកម្ម ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ដែលជាសសរស្តម្ភសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here