ហេតុអ្វីការទូទាត់តាមទូរស័ព្ទនៅចិនមានការពេញនិយមខ្លាំងម្លេះ ខណៈគ្រប់គ្នាស្ទើតែលែងស្គាល់លុយទៅហើយ

0
1948

ចិនត្រូវបានជាប់ឈ្មោះជាប្រទេសដែលមានអ្នកប្រើសេវាទូទាត់តាមទូរស័ព្ទច្រើនបំផុត បើតាមរបាយការណ៍ចុងក្រោយកាលពីឆ្នាំ ២០១៧ របស់មជ្ឈមណ្ឌលព័ត៌មានអ៊ីនធឺណេតចិនបង្ហាញថា ៦៤.៧% នៃអ្នកប្រើស្មាតហ្វូន ឬ មនុស្ស ៤២៤.៥ លាននាក់ សុទ្ធតែប្រើប្រាស់សេវាទូទាត់តាមទូរស័ព្ទដើម្បធ្វើប្រតិបត្តិការចាយវាយផ្សេងៗ តើកត្តាអ្វីដែលធ្វើឲ្យប្រជាជនចិននាំគ្នាចាយលុយតាមទូរស័ព្ទដៃ ស្ទើតែលែងប្រើក្រដាសប្រាក់ទៅហើយ ?

បើតាមការស្រាវជ្រាវរបស់ស្ថាប័ន it-consulti បានរកឃើញមូលហេតុ ៥ ដែលធ្វើឲ្យ Mobile Payment នៅចិនកាន់តែផ្ទុះឡើង ។

១-បញ្ហាទំនុកចិត្ត


បញ្ហាទំនុកចិត្តនេះបានកើតឡើងជាយូរមកហើយ ត្រឡប់ទៅឆ្នាំ ២០០០ វិញ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមាន Credit Card ទេ ហើយម្ចាស់កាតភាគច្រើនមិនហ៊ានបញ្ចូលលេខសុវត្ថិភាព៣ ខ្ទង់របស់ពួកគេទៅក្នុងអ៊ីនធឺណេតទេ ព្រោះមិនទុកចិត្តប្រព័ន្ធសុវត្ថិភាពរបស់វេបសាយ ដូចច្នោះការបង្កើតសេវាកម្ម Alipay របស់Alibaba គឺការដោះស្រាយបញ្ហាថ្មីមួយ ដែលមុនពេលទិញទំនិញ លុយរបស់អតិថិជនត្រូវផ្ទេរទៅកាន់គណនី Alipay ដូចច្នោះអ្នកលក់មានអារម្មណ៍ថាលុយរបស់ពួកគេត្រូវបានរក្សាទុកយ៉ាងសុវត្ថិភាពដោយភាគីទី៣ និងអាចប្រមូលលុយបាននៅពេលទំនិញដឹកទៅដល់ដៃអតិថិជន ចំណែកអតិថិជនវិញក៏មានទំនុកចិត្តក្នុងការគ្រប់គ្រងលុយរបស់ពួកគេ ប្រសិនទំនិញមិនបានដឹកមកដល់ដៃទេ ពួកក៏មិនបាត់បង់លុយនេះដែរ ។

២-ប្រូម៉ូតដោយក្រុមហ៊ុនធំៗ

ហេតុផលមួយទៀតគឺ Mobile Payment ត្រូវបានប្រូម៉ូតដោយក្រុមហ៊ុនធំៗ ជាក់ស្តែងម្ចាស់ Alipay គឺ Alibaba ដែលកន្លែងចាយលុយធំរបស់ Alipay ស្ថិតនៅលើវេបសាយ Tmall និង Taobao ដែលជាកូនចៅរបស់​ Alibaba ដែរ និងជាទីផ្សារអនឡាញធំមួយនៅចិន ក្នុងនោះ Wechat ដែលជាកូនចៅរបស់ក្រុមហ៊ុននាំមុខនៅចិន Tencent មានអ្នកប្រើប្រមាណ ១ ពាន់លានអ្នក នាំឲ្យសេវា Wechat pay ក្លាយជាសេវាពេញនិយមមួយ ។

៣-ចិនគឺជាទីផ្សារដែលប្រើស្មាតហ្វូនច្រើនជាងគេ

ដូចដែរអ្នកដឹងស្រាប់ហើយថា ចិនជាប្រទេសប្រើស្មាតហ្វូនច្រើនជាងគេ ដែលតាមរបាយការណ៍បញ្ជាក់ថា មានអ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាង ៦២៦ លាននាក់ កាលពីឆ្នាំ ២០១៦ ហើយតាមការព្យាករណ៍ឲ្យដឹងថា នៅឆ្នាំ ២០១៩ នឹងមានអ្នកប្រើស្មាតហ្វូនរហូតដល់ ៦៩០ លាននាក់ និងបន្តកើនឡើងជានិច្ច ដែលការកើនឡើងនេះជាទីផ្សារធំសម្រាប់សេវាទូទាត់ឌីជីថល ខណៈដែលអ្នកប្រើប្រាស់ស្មាតហ្វូន Android អាចប្រើប្រាស់សេវាទូទាត់លុយបានយ៉ាងស្រួល ។

៤-អាំងប៉ាវឌីជីថល

គំនិតឲ្យអាំងប៉ាវឌីជីថលនេះត្រូវបានបង្កើតឡើងដោយ WeChat កាលពីឆ្នាំ ២០១៤ ហើយគំនិតនេះក៏ត្រូវបានបង្កើតឡើងបន្តបន្ទាប់ដោយ Alibaba និង Baidu និងបានក្លាយជានិន្នាការពេញនិយមមួយ ។ ការប្តូរអាំងប៉ាវតាមបែបបុរាណត្រូវបានផ្លាស់ប្តូរទៅជា Mobile Payment នៅតាមឱកាសពិសេសផ្សេងៗ ។

៥-សេវាកម្មចែករំលែក

នៅស្រុកខ្មែរយើងមានសេវាកម្មចែករំលែក កង់បី តាកស៊ី ដូចជា PassApp, 711 Taxi ជាដើម ប៉ុន្តែនៅចិនគេចូលចិត្តប្រើសេវាកម្មចែករំលែកកង់ដូចជា Ofo Bike ជាដើម ។ ភាគច្រើនគេជួលកង់ដើម្បីជិះទៅធ្វើការរាល់ថ្ងៃ ដូចច្នោះ Mobile Payment ត្រូវបានប្រើប្រាស់យ៉ាងសកម្មដើម្បីទូទាត់លុយ ។ ក្រៅពីនេះសេវាកម្មទូទាត់ទឹក​ ភ្លើង ហ្កាស ទិញទំនិញ សំបុត្រកុន ហៅតាក់ស៊ីផ្សេងៗ សុទ្ធតែជាអ្នកធ្វើឲ្យ Mobile Payment កាន់តែផ្ទុះឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here