រដ្ឋាភិបាល បញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជានាំទៅចិន កើនឡើងពី១២% ទៅ ២០% ជារៀងរាល់ឆ្នាំ

0
1157

ក្រុងគុនមិញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ពុជាបានបញ្ជាក់ថា ផលិតផលរបស់កម្ពុជាកាន់តែមានសក្តានុពលនៅទីផ្សារប្រទេសចិន ខណៈទំនាក់ទំនងកម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន លើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

កាលពីម្សិលមិញនេះ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងការទស្សនាស្តង់ទំនិញកម្ពុជាក្នុងពិព័រណ៍ចិន អាស៊ីខាងត្បូងលើកទី៥ នៅទីក្រុងគុនមិញ ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនថា ទំហំពាណិជ្ជកម្មកម្ពុជានាំចូលទៅចិន គឺមានការកើនឡើងពី១២ ទៅ ២០ភាគរយជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា ការតាំងពិព័រណ៍ក្នុងខេត្តក្រុងនានានៃប្រទេសចិន មានទំនិញជាច្រើនត្រូវបានវិនិយោគិនចិនស្គាល់ និងបានបញ្ជាទិញសម្រាប់ប្រើប្រាស់ក្នុងប្រទេសចិន និងលក់បន្តទៅសហគមន៍អឺរ៉ុប រួមទាំងប្រទេសជប៉ុនផងដែរ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដើម្បីបង្កើតមណ្ឌលពាណិជ្ជកម្មកម្ពុជាឱ្យបានច្រើនកន្លែង សម្រាប់បង្ហាញទំនិញកម្ពុជាឱ្យគេបានស្គាល់កាន់តែច្រើន និងអាចបញ្ជាទិញដោយផ្ទាល់ពីកម្ពុជាតែម្តង។​


ទន្ទឹមនឹងនេះ ពាណិជ្ជករខ្មែរ ដែលធ្លាប់មានបទពិសោធន៍នាំផលិតផលទៅលក់នៅប្រទេសចិន និងធ្លាប់ចូលរួមតាំងពិព័រណ៍នៅក្រុងយូណាន និងណាននីង បានបង្ហាញក្តីសង្ឃឹមថា ផលិតផលរបស់ពួកគេនឹងមានការចាប់អារម្មណ៍ច្រើនជាងឆ្នាំមុន ជាពិសេសគ្រឿងសិប្បកម្ម។

សូមបញ្ជាក់ថា ក្នុងពិព័រណ៍ចិនអាស៊ីខាងត្បួងលើកទី៥នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្របសម្រួលឱ្យពាណិជ្ជករកម្ពុជាចូលរួមតាំងពិព័រណ៍បានចំនួន ៣៤ស្តង់ និង២០ក្រុមហ៊ុន៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here