លោក​ សោម សម្បត្តិ៖ សន្សំរឿង៤យ៉ាងនេះ ដើម្បីបង្កើតសុភមង្គលក្នុងជីវិត

0
6078

រឿងមួយដែលមនុស្សគ្រប់គ្នាតែប្រាថ្នាចង់បាន មិនថាអ្នកធ្វើជំនួញ មិនថាបុគ្កលិកធ្វើការ សិស្សនិស្សិត ឬសាធារណជនទូទៅនោះ គឺ សុភមង្គលក្នុងជីវិត។ ទោះបីជាមានលុយកម្រិតណាក៏ដោយ អ្នកមិនអាចរស់នៅដោយភាពសោះកក្រោះក្នុងជីវិតបានដែរ អ្នកត្រូវតែរស់នៅប្រកបដោយសុភមង្គល។ ហើយសុភមង្គលទាំងអស់នោះ វាកើតឡើងបាន អាស្រ័យលើខ្លួនអ្នកជាអ្នកបង្កើត វាមិនមែនធ្លាក់មកពីលើមេឃទេ។

«មនុស្សម្នាក់ៗ សុទ្ធតែអាចបង្កើតនូវសុភមង្គល និងមានបំណងចង់បាននូវសុភមង្គលនៅក្នុងជីវិតរស់នៅ គ្រាន់តែពូកគេមិនដឹងថា ធ្វើមេចដើម្បីឲ្យសុភមង្គល រត់មកចូលក្នុងជីវិតតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក សោម សម្បត្តិ អគ្គនាយកថ្នាំពណ៌ជាតិ Cam-Paint ។

លោក​ សោម សម្បត្តិ មានប្រសាសន៍ថា៖ «ដើម្បីទទួលបាននូវជីវិតមួយប្រកបដោយសុភមង្គល យើងរៀនសន្សំនូវគោលការណ៍ ៤យ៉ាងនេះ»។


១. សន្សំចំណេះដឹង

ក្នុងការរស់នៅប្រចាំថ្ងៃ យើងពិតជាត្រូវជាចាំបាច់បំផុតនូវចំណេះដឹងគ្រប់យ៉ាង តាំងពីការរៀនសូត្រពីសាលា ការរៀនសូត្រពីមជ្ឈដ្ឋានជុំវិញខ្លួន និងការរៀនសូត្រពីអ្នកដទៃ។ ជីវិតមនុស្សត្រូវការចំណេះដឹងសម្រាប់ដោះស្រាយបញ្ហា ការប្រកបរបចិញ្ចឹមជីវិត និងការប្រើប្រាស់ផ្សេងៗនៅក្នុងសង្គម។ បើអ្នកមិនចេះសន្សំនូវចំណេះដឹងទេ អ្នកក៏មិនអាចបង្កើតនូវសុភមង្គលបានដែរ។

២. សន្សំ និងគ្រប់គ្រងពេលវេលា

​មនុស្សម្នាក់ៗ សុទ្ធតែមានពេល២៤ម៉ោងដូចគ្នា តែហេតុអីបានជាអ្នកខ្លះ ជោគជ័យ និងអ្នកខ្លះមិនជោគជ័យ ហើយមួយទៀតនោះ គឺអ្នកជោគជ័យប្រកដោយសុភមង្គល បែរជាខ្លះទៀត ជោគជ័យដែរ តែគ្មានសុភមង្គលទៅវិញ។ រឿងទាំងអស់នេះវា មានមូលហេតុជាច្រើន ជាពិសេសគឺបញ្ហានៃការគ្រប់គ្រងពេលវេលា ព្រោះពួកគេមិនទាន់ប្រើប្រាស់ពេលវេលាប្រកដោយប្រសិទ្ធភាព។ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ក៏ត្រូវតែមានពេលវេលាខ្លះដើម្បីបង្កើតសុភមង្គលសម្រាប់ខ្លួនឯងដែរ។

៣. សន្សំលុយ

បន្ទាប់ពីអ្នកចេះគ្រប់គ្រងពេលវេលាបានច្បាស់លាស់ហើយ អ្នកត្រូវចេះសន្សំ និងគ្រប់គ្រងលុយឲ្យបានត្រឹមត្រូវ។ លុយងាយចាយ តែវាពិបាករក។ លោក សោម សម្បត្តិ មានទស្សនៈមួយថា៖ «អ្នកមានគេទប់លុយមុននឹងចាយ មិនមែនចាយហើយ ទើបរកលុយមកទប់នោះទេ»។ ថ្វីត្បិតតែលុយមិនអានទិញសុភមង្គលបានមែន តែបើអ្នកចេះសន្សំ នោះអ្នកនឹងអាចបង្កើតសុភមង្គលបាន។

៤. សន្សំសុខភាព

សុខភាពវាជារឿងមួយដែលសំខាន់បំផុតរបស់មនុស្សម្នាក់ៗ បើសុខភាពអ្នក​មិនរឹងមាំទេ អ្នកក៏មិនអាចប្រើប្រាស់ការគិតបានល្អ គ្មានកម្លាំងទៅដោះបញ្ហា និងគ្មានឱកាសបានបង្កើតសុខមង្គលឡើងបានទេ។

បើមិនខំសន្សំ​ និងថែរក្សាសុខភាពឲ្យរឹងមាំទេ អ្នកប្រាកជាប្រឹងប្រែងដើម្បីយកលុយទៅមើជំងឺនៅថ្ងៃណាមួយមិនខាន។

អ្នកប្រាជ្ញរបស់ឥណ្ឌា និងជាបិតាសន្តិភាពលោក Mahatma Gandhi បានពោលថា៖ «ទ្រព្យសម្បត្តិពិតប្រាកដគឺ សុខភាព មិនមែនដំមាស​ប្រាក់ឡើយ»៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

 

LEAVE A REPLY

Please enter your comment!
Please enter your name here