ឆ្នាំ​ ២០១៨ ​ខណ្ឌ​ដង្កោ​នឹង​មាន​ផ្ទះថ្មីប្រមាណ ៣០០០ ​យូនីត​បន្ថែម​ទៀត​

0
2687

​ខណ្ឌដង្កោ​ជាខណ្ឌដែល មាន​សណ្ឋាន​ដី​ល្អ​ច្រើន ម្យ៉ាង​ពុំ​សូវ​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ​ហើយងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ដូច​ខណ្ឌ​ដទៃ​មួយចំនួនទៀត​ដែរ ​។

ដោយសា​តែ​ហេតុផល​នេះហើយ ទើប​ធ្វើឱ្យ​ដង្កោ​កំពុងតែ​ជាប់​ចំណាត់ថ្នាក់​នៃ​ការ​សម្លឹង​មើលឃើញ​ពី​អ្នកវិនិយោគ ព្រោះ​តំបន់​ដង្កោ​ពោរពេញ​ដោយ​ទីផ្សារ​មធ្យម និង​ក្រោម​មធ្យម​សម្រាប់​ការកសាង​លំនៅឋាន។

ការស្រាវជ្រាវ​ថ្មីនៅឆ្នាំ២០១៨នេះគេព្យាករថា នឹង​មាន​លំនៅ​ថ្មី​ ៣០០០ ​យូនីត​បន្ថែម​ទៀត​នឹង​លេច​ឡើង​ក្នុង​ខណ្ឌ​ដង្កោ ខណៈ​ឆ្នាំ​ ២០១៧ ដង្កោ គឺជា​ខណ្ឌ​ដែល​មាន​ចំនួន​លំនៅ​ច្រើន​ជាង​គេ​លំដាប់​ទី​ ៣ នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ខណ្ឌ​ពោធិ៍សែនជ័យ និង​សែនសុខ​ដោយ​ការផ្គត់ផ្គង់​លំនៅ​បាន​កើន​ដល់​ចំនួន ១៧ ៦៦៤ យូនីត​។


លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal បាន​និយាយ​ថា​ឥទ្ធិពល​នៃ​ការរីកចម្រើន​ដ៏ឆាប់រហ័ស​នៃ​តំបន់​កណ្តាល​ក្រុង​ភ្នំពេញ កំពុង​សាយភាយ​មក​ដល់​តំបន់​ជាច្រើន​នៅ​ក្នុង​ខណ្ឌដង្កោ​។ សង្កាត់​ដែល​មាន​ការអភិវឌ្ឍ​លឿន​ក្នុង​ខណ្ឌ​ដង្កោ​គឺ​សង្កាត់​ដង្កោ ព្រៃស និង​សង្កាត់​ជើងឯក​។

លោក​បន្ត​ថា​បច្ចុប្បន្ន​ខណ្ឌ​ដង្កោ​បាន​ក្លាយ​ជា​តំបន់​លំនៅ​ដ៏ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ជាច្រើន​នាំ​គ្នា​ទៅ​សាងសង់​នៅ​ទី​នោះ​។

ការណ៍​ស្រាវជ្រាវ​ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ របស់​ក្រុមហ៊ុន Vtrust Appraisal បាន​បង្ហាញ​ថា ដី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២១៧ ដែល​ជា​ផ្លូវ​សំខាន់​ជាង​គេ​ក្នុង​ខណ្ឌ​ដង្កោ​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០ ​ទៅ​ ៨០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​ដែល​នៅ​ឆ្ងាយៗ​អាច​មាន​តម្លៃ​ប្រហែល​ ១០ ​ដុល្លារ​។ កន្លែង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​គឺ​តំបន់​ស្ថិត​នៅ​ជាប់​ជាមួយ​សង្កាត់​ស្ទឹងមានជ័យ និង​បឹងទំពុន ខណ្ឌ​មានជ័យ​។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here