CDC អនុម័តឱ្យក្រុមហ៊ុនមួយ សាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ នៅចុងឆ្នាំនេះ

0
1917

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO.,LTD  លើគម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ ដែលនឹងសាងសង់នៅចុងឆ្នាំនេះ។

សេចក្តីជូនដំណឹងនេះ បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទាក់ទងនឹងគម្រោងសាងសង់ប្រតិបត្តិការ តាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ “BOT”  ដោយមានទុនវិនិយោគប្រមាណ ១,៨៧ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ៩.៥១៥កន្លែង។

ពាក់ព័ន្ធនឹងគម្រោងនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់លើកឡើងថា ការសិក្សាគម្រោងត្រូវបានបិទបញ្ចប់ហើយ បច្ចុប្បន្នកំពុងចរចាទិញដីរបស់ប្រជាពលរដ្ឋ និងទូទាត់សំណងផលប៉ះពាល់ផ្សេងៗ។ លោកបានអះអាងថា “ថវិកាមិនមានបញ្ហាអ្វីនោះទេ អ្វីដែលសំខាន់ គឺការចរចាទិញដី និងដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ”។


គួរឱ្យដឹងថា ផ្លូវល្បឿនលឿននេះ ដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញពីកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ មកភ្នំពេញ និងពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយកាត់បន្ថយពេលវេលា និងតម្លៃនៃការដឹកជញ្ជូននូវទំនិញសំខាន់ៗ រាប់ចាប់តាំងពីផលិតផលកសិកម្ម និង ឧស្សាហកម្ម។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ១៩០ គីឡូម៉ែត្រ មានទទឹង ២៤,៥ម៉ែត្រ ក្នុងនោះមាន ៤គន្លង ផ្លូវឡានម្ខាង២ ។ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់រាជធានី ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី និងខេត្តព្រះសីហនុ ៕​

អត្ថបទដោយ៖ ម៉េង​ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here