មានយ៉ាងតិច៣ ចំណុច មុនសម្រេចចិត្តចេញរកស៊ីលើវិស័យអចលនទ្រព្យ

0
3927

ការចេញរកស៊ីមានវិស័យជាច្រើន ដែលសហគ្រិនជ្រើសរើសមកធ្វើជាមុខរបរក្នុងការចាប់ផ្តើមអាជីវកម្ម។ ភាពជាសហគ្រិន អាចសបញ្ជាក់អំពីជោគវាសនា អនាគតរបស់ក្រុមហ៊ុន ត្រូវជោគជ័យ ឬបរាជ័យនៅពេលខាងមុខ ហើយលក្ខណៈសម្បត្តិទៀតសោត អាចខុសគ្នាខ្លះអាស្រ័យលើប្រភេទអាជីវកម្មនីមួយៗ។ ថ្ងៃនេះ Buiness Cambodia លើកយកចំណុចសំខាន់ ៣មិនអាចខ្វះបាន សម្រាប់អ្នកចង់ចេញរកស៊ីវិស័យអចលនទ្រព្យ។

ជំនាញច្បាស់លាសលើវិស័យអចលនទ្រព្យ

ជំនាញផ្នែកអចលនទ្រព្យយើងអាចរៀនតាមរយៈការសិក្សានៅសាលា វគ្គបណ្តុះបណ្តាល និងអនុវត្តការជាក់ស្តែងតែម្តង។ ជាទូទៅមិនថាចេញរកស៊ីមុខរបរអ្វីនោះទេ អ្នកត្រូវមានចំណេះដឹងច្រើនលើវា ទើបការចេញរកស៊ីមានដំណើរការល្អ។ សម្រាប់វិស័យអចលនទ្រព្យ ទាមទារខ្លាំងបំផុត ឱ្យសហគ្រិនខ្លួនឯង មានជំនាញច្បាស់លាស់ទើបអាចចេញរកស៊ីជោគជ័យ បើទោះបីយើងមានលុយរាប់លានដុល្លារជួលអ្នកជំនាញមកគ្រប់គ្រងក្តី។ កម្ពុជាយើងវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំង ហើយក្រុមហ៊ុនវិនិយោគធំៗភាគច្រើនជាក្រុមហ៊ុនរបស់អន្តរជាតិ ព្រោះសហគ្រិនក្នុងស្រុកហាក់នៅមានកម្រិតទាំងចំណេះដឹង និងបែបបទវិនិយោគអភិវឌ្ឍន៍។

បើយើងមានជំនាញ ចំណេះដឹងច្បាស់លាស់ទាក់ទងវិស័យនេះ ច្បាស់ណាស់ប្រកែកមិនបាន យើងនឹងមើលឃើញឱកាសល្អៗ ក្នុងវិនិយោគវិស័យនេះមិនខានឡើយ ហើយចំណេះដឹងនេះទៀតសោត យើងអាចស្រូបយកពីការអនុវត្តការងារជាក់ស្តែងតែម្តង ព្រោះនៅកម្ពុជាយើងមិនទាន់មានសាលាវិជ្ជាជីវៈបង្រៀនជំនាញនេះនៅឡើយទេ។

ទំនាក់ទំនងល្អជាមួយមហាជន ភ្ជាប់ជាមួយភាពស្មោះត្រង់

ចេញរកស៊ីវិស័យអចលនទ្រព្យ អ្នកត្រូវប្រាកដថា ខ្លួនបានស្គាល់មនុស្សច្រើនហើយឬនៅ បើមិនទាន់ស្គាល់មនុស្សអស់ទេ កត្តាជោគជ័យក្នុងវិស័យនេះនឹងនៅមានកម្រិតមិនខានឡើយ។ ត្រូវចាំថា ស្គាល់មហាជនកាន់តែច្រើន កាន់តែរុញច្រានឱ្យអាជីវកម្មយើង មានភាពរីកចម្រើន។ ជាពិសេសស្គាល់បុគ្គលឱ្យបានច្រើន ដែលប្រឡូក្នុងវិស័យអចលនទ្រព្យដូចគ្នា បង្កើនទំនាក់ទំនងរវាងគ្នា ឱកាសកាន់តែច្រើនសម្រាប់ការវិនិយោគផងដែរ ភ្ជាប់ជាមួយនៅភាពស្មោះត្រង់ មិនមែនរាប់អានដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

ជាសហគ្រិនសម្បូរដោយគំនិតច្នៃប្រឌិត និងភាពក្លាហាន

គំនិតច្នៃប្រឌិតផ្នែកអាជីវកម្មអាចមាន២សំខាន់ វាអាចកើតចេញពីការគំនិតច្នៃប្រឌិតខ្លួនឯងផ្ទាល់ ដោយមិនចម្លងពីគំនិតអាជីវកម្មអ្នកដទៃ ឬគំនិតអាជីវកម្មបង្កើតថ្មី។ មួយទៀត គឺការច្នៃប្រឌិតគំនិតអាជីវកម្ម ដែលមានស្រាប់លើទីផ្សារច្នៃឱ្យទៅជាអាជីវកម្មដែលល្អ ប្លែក ចាប់អារម្មណ៍ និងល្អដាច់គេ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យផ្សេង ត្រូវបង្កើតផ្លូវដើរដោយខ្លួនឯងថ្មីខុសពីគេ។

ភាពក្លាហានមិនអាចខ្វះបានសម្រាប់អ្នករកស៊ី ខាងវិស័យអចលនទ្រព្យ ព្រោះអ្នកត្រូវចរចារជាមួយអ្នកវិនិយោគ លើគម្រោងធំៗ និងដៃគូសហការគ្នាជាដើម។ ការបង្កើតភាពក្លាហានចំពោះខ្លួនឯង តាមរយៈការច្បាស់លាស់ និងធ្វើការងារផ្អែកលើភាពស្មោះត្រង់មិនគិតលុយជាធំ បើទោះបីជារកស៊ី ដើម្បីប្រាក់ចំណេញក្តី៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]