គួរឈប់ពីការងារចេញរកស៊ី ឬរកស៊ីផងធ្វើការផង?

0
15945

កាលដែលចង់រលាស់ខ្លួនពីជីវិតធ្វើការងារឲ្យគេ មកដើរលើផ្លូវជីវិតជាសហគ្រិន មិនមែនជារឿងងាយស្រួលនោះសម្រាប់អ្នកដែលគ្មានបទពិសោធន៍ក្នុងការរកស៊ី។ ពួកគេត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជា ខ្វះបទពិសោធន៍អាជីវកម្ម ខ្វះខាតដើមទុន ការគ្រប់គ្រងហិរញ្ញវត្ថុ ឬបទពិសោធន៍ទំនាក់ទំនងជាដើម។

មានមនុស្សភាគច្រើនដែលចង់ក្លាយខ្លួនជាសហគ្រិន ប៉ុន្តែមានភាពស្ទាក់ស្ទើរក្នុងការលាឈប់ពីការងារដើម្បីចូលប្រឡូកក្នុងជីវិតជាអ្នករកស៊ី ដោយភាពស្ទាក់ស្ទើរនិងបញ្ហាប្រឈមជាច្រើនដូចដែលបានរៀបរាប់ខាងលើអ៊ីចឹង។ ម៉្យាងវិញទៀតអ្នកទាំងនោះភាគច្រើនបំផុត តែងខ្វល់ខ្វាយ ពិបាកសម្រេចចិត្តថា តើគួរលាឈប់ពីការងារទាំងស្រុងដើម្បចាប់ផ្តើមបើកអាជីវកម្មតែម្តង ឬធ្វើការផងរកស៊ីផងសិន ចាំអាជីវកម្មដំណើរស្រួលបួលសិនទើបលាឈប់ពីការងារ?

ខាងក្រោមនេះជាចំណុចខ្លះៗ សម្រាប់អ្នកដែលមានគោលបំណងចង់ក្លាយជាសហគ្រិនសម្រាប់ពិចារណា៖


ចំណុចទី១៖ ធ្វើការផង រកស៊ីផង

ប្រសិនបើអ្នកជ្រើសរើសយកជម្រើស ធ្វើការផងរកស៊ីផង មានសហគ្រិនជោគជ័យ និងអ្នកមានបទពិសោធន៍មួយចំនួនផ្តល់ជាយោបល់ថា អ្នកគួរចាំអាជីវកម្មទទួលជោគជ័យសិន ចាំដាក់ពាក្យលាឈប់ពីការងារ ពីព្រោះវានឹងកាត់បន្ថយហានិភ័យ ក្នុងកាលៈទេសៈដែលអាជីវកម្មរបស់អ្នកទទួលបរាជ័យក្នុងករណីណាមួយ។ ម៉្យាងវិញទៀត ការធ្វើការផង ធ្វើអាជីវកម្មផង ធ្វើឲ្យអ្នកមានប្រភពចំណូលពីរ បើសំណាងមិនល្អ របររកស៊ីរបស់អ្នកទទួលបរាជ័យ អ្នកនឹងមានប្រភពចំណូលពីការងារដែលអ្នកកំពុងធ្វើ។

ចំនុចអវិជ្ជមាន៖ ទោះជាយ៉ាងណាក៏ដោយ ការធ្វើការផង រកស៊ីផង ក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអាជីវកម្មថ្មីថ្មោងរបស់ផងដែរ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរអាជីវកម្មរបស់អ្នក បើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីមើលការខុសត្រូវអាជីវកម្មនោះ។ ការជ្រើសរើសដើរលើផ្លូវ ធ្វើការផង រកស៊ីផង ធ្វើឲ្យអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីវាយលុកទីផ្សារគោលដៅរបស់អ្នក និងកសាងទំនុកចិត្តចំពោះអតិថិជនជាដើម។ មួយវិញទៀត ប្រសិនបើអ្នកមិនមានវត្តមាននៅកន្លែងអាជីវកម្មរបស់អ្នកញឹកញាប់ពេក ធ្វើឲ្យអ្នកពិបាកនឹងដោះស្រាយនូវបញ្ហា និងការងារបន្ទាន់មួយចំនួន ដែលកើតរឿងជារឿយៗដោយចៀសមិនផុត ជាពិសេស អតិថិជននឹងមិនមានអារម្មណ៍ភាពស្និទិស្នាល និងសេវាកម្មឬផលិតផលដែលគេត្រូវការ។

ចំណុចទី២៖ បោះបង់ការងារ ចាប់ផ្តើមរកស៊ី

ប្រសិនបើអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការចំណាយចំណូលបាន អ្នកគួរតែបោះបង់ការងារ ហើយយកចិត្តទុកដាក់ចំពោះអាជីវកម្មរបស់អ្នក ឲ្យបានដិតដល់។ អាជីវកម្មត្រូវការចំណាយកម្លាំងកាយ និងការយកចិត្តទុកដាក់ខ្ពស់ ដែលផ្ទុយពីការធ្វើការងារក្រៅម៉ោង។ ក្នុងនាមអ្នកជាម្ចាស់អាជីវកម្មថ្មីថ្មោង សំខាន់ណាស់ការយកចិត្តទុកដាក់ និងគ្រប់គ្រង់ចំណាយចំណូលឲ្យ​ច្បាស់លាស់។ មិនតែប៉ុណ្ណោះ ការធ្វើអាជីវកម្មត្រូវការប្រុងស្មារតីខ្ពស់ និងត្រៀមខ្លួនគ្រប់ពេលវេលាចំពោះការប្រកួតប្រជែង និងហានិភ័យជាច្រើនដែលកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ។ ម្យ៉ាងវិញទៀត ប្រភេទអាជីវកម្មខ្លះ ចាំបាច់យកចិត្តទុកដាក់ និងត្រូវការគ្រប់គ្រងយ៉ាងដិតដល់ ដើម្បីឲ្យអាជីវកម្មមានដំណើរការទៅមុខ។ ក្នុងករណីដែលអ្នកគ្មានពេលគ្រប់គ្រាន់សម្រាប់តាមដានដំណើរការនៃមុខរបរនោះទេ ភាគរយនៃការបរាជ័យក៏ខ្ពស់ទៅតាមនោះដែរ។

សរុបមក មិនថា រកស៊ីផង ធ្វើការផង ឬ បោះបង់ការងារ ដើម្បីធ្វើអាជីវកម្ម គឺផ្អែកទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ ក្នុងការសម្រេចចិត្តថាមួយណាសាកសមបំផុតសម្រាប់ស្ថានភាពផ្ទាល់ខ្លួន។ មិនថាផ្លូវមួយណាដែលអ្នកជ្រើសរើស អ្នកត្រូវប្រាកថា អ្នកមានប្រភពចំណូល ឬលទ្ធភាព ដែលត្រូវចំណាយដើម្បីស្ថេរភាពនៃការចំណាយប្រចាំថ្ងៃរបស់អ្នក មុនពេលអាជីវកម្មទទួលបានជោគជ័យ ឬជួបភាពបរាជ័យ៕

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here