បើកឆាកវើលខាប់ដំបូង ម្ចាស់ផ្ទះរុស្ស៊ីស្វាមគន៍ក្រុមអារ៉ាប៊ី សាអូឌីតនៅម៉ោង១០យប់នេះ

នៅម៉ោង១០យប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីនឹងបើកទ្វារកីឡដ្ឋានLuzhniki Stadium ដើម្បីស្វាគមន៍ក្រុមអារ៉ាប៊ី សាអូឌីត នៅក្នុងជំនួបបើកឆាកជម្រុះក្នុងពូលA សម្រាប់ដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកFIFA World Cup ឆ្នាំ២០១៨នេះ។

មុនការប្រកួតបើកឆាកនេះមកដល់ នៅពេលនេះ Business-Cambodia សូមណែនាំលោកអ្នកនាងទៅស្វែងយល់ពីប្រវត្ថិជូបគ្នានិងពីលក្ខណៈពិសេសនៃក្រុមទាំងពីរនេះ។ មែនទែនទៅ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងអារ៉ាប៊ី សាអូឌីត គឺកម្រប៉ះគ្នាណាស់នៅក្នុងប្រវត្ដិសាស្រ្តបាល់ទាត់។ គិតមកដល់នេះ គឺក្រុមរុស្ស៊ី និងអារ៉ាប៊ី សាអូឌីតធ្លាប់ជួបគ្នាតែម្តងគត់គឺនៅក្នុងប្រកួតមិត្តភាពអន្តរជាតិកាលពីខែតុលាកា ឆ្នាំ១៩៩៣ ដែលកាលណោះអារ៉ាប៊ីសាអូឌីត បានយកឈ្នះរុស្ស៊ីក្នុងលទ្ធផល៤ ទល់២។ ហើយការជួបគ្នានៅយប់នេះ គឺជំនួបលើកទីពីរនៃប្រវត្ថិសាកកម្លាំងគ្នានៃក្រុមទាំងពីរ។

និយាយពីការប្រកួតមិត្តភាពសម្រាប់ត្រៀមប្រកួតជម្រុះក្នុងWorld Cup  វិញ សម្រាប់ក្រុមអារ៉ាប៊ី សាអូឌីត នៅក្នុងការប្រកួតមិត្តភាព៤ប្រកួតចុងក្រោយនេះ គឺស្គាល់ពាក្យថាឈ្នះតែម្តងគត់ គឺឈ្នះក្រុមក្រិចដោយលទ្ធផល២ទល់នឹង០ ហើយក្រៅពីនេះ គឺចាញ់ទាំងអស់ ដូចជាចាញ់អ៊ីតាលី២ទាល់នឹង១ ចាញ់ប៉េរ៉ូ៣-០ និងចាញ់ក្រុមអាល្លឺម៉ង់២ទាល់នឹង១។ ចំណែកក្រុមរុស្ស៊ីវិញ ក្នុង៤ប្រកួតចុងក្រោយនេះ មិនដែលស្គាល់ពាក្យថា ឈ្នះទេ ដោយបានរងបរាជ័យក្រោមថ្វីជើងប្រេស៊ីល៣ទល់នឹង០ ចាញ់ក្រុមបារាំង៣ទល់នឹង១ និងចាញ់ក្រុមអូទ្រីស១ទល់នឹង០។ ប៉ុន្តែបានស្មើជាមួយក្រុមតួកគី១ទល់នឹង១។


ឥឡូវយើងមកនិយាយពីលក្ខណៈពិសេសនៃក្រុមទាំងពីរនេះវិញ ។ សម្រាប់ក្រុមរុស្ស៊ី  Key Players មានដូចជា អ្នកចាំទី Igor Akinfeev ខ្សែបម្រើកណ្តាលAleksandr Golovin និងខ្សែប្រយុទ្ធ  Artyom Dzyuba, Alexei Miranchuk  និង, Fyodor Smolov ជាដើម។ ចំណែកKey Players របស់ក្រុមរុស្ស៊ីវិញ មានដូចជាខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ Mohammed Al-Sahlawi ខ្សែបម្រើស្លាប Fahad Al-Muwallad  និងខ្សែប្រយុទ្ធ Muhannad Assiri ជាដើម។

បើតាមការព្យាករណ៍នៅលើវេបសាយរបស់FIFA World Cup គឺថាភាគរយដែលរុស្ស៊ីអាចមានដល់ទៅ៦៨ភាគរយ ចំណែកអារ៉ាប៊ី សាអូឌីតវិញ មានតែ៩ភាគរយប៉ុណ្ណោះ ខណៈលទ្ធភាពស្មើមាន២៣ភាគរយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លទ្ធផលចាញ់ឈ្នះបែបណានោះ គឺទាល់តែបញ្ចប់ការប្រកួតទើបបានដឹង។ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នានៅយប់នេះ !

 

LEAVE A REPLY

Please enter your comment!
Please enter your name here