ប្រកួតបើកឆាកវើលខាប់៖ម្ចាស់ផ្ទះរុស្ស៊ីស៊ីអារ៉ាប៊ី សាអូឌីតយ៉ាងផុយ៥-០

Credit: Google

នៅថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍វើលខាប់ឆ្នាំ២០១៨នេះ ក្រុម​បាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី បាន​ទទួល​ ៣ពិន្ទុនៅក្នុងពូល A ក្រោយ​ពីយក​ឈ្នះ​ក្រុម​អារ៉ាប៊ី សាអូឌីតក្នុងលទ្ធផល ៥ទល់នឹង ០ កាលពីយប់មិញនេះ។

ក្រុមម្ចាស់ផ្ទះរុស្ស៊ី បាននាំមុខក្រុមអារ៉ាប៊ី សាអូឌីតតាំងពីនាទីទី១២ដោយកីឡាករ Yury Gazinsky ដែលបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីដំបូងគេនៅក្នុងព្រឹត្តិការណ៍វើលខាប់នៅក្នុងឆ្នាំនេះ។ គ្រាប់ទី២រកបានដោយកីឡាករ Denis Cheryshev នៅនាទីទី៤៣ ចុងតុងទី១។ ចូលដល់តុងទី២ នានាទីទី៧១ កីឡាករ Artem Dzyuba រកបាន១គ្រាប់ទៀត ខណៈនាទីទី៩០ កីឡាករ Denis Cheryshev ស៊ុតចូល១គ្រាប់ មុនបន្ថែម១គ្រាប់ទៀតដោយកីឡាករ Aleksandr Golovin នៅនាទីបន្ថែម៩០+៣។ ជាលទ្ធផល រុស្ស៊ី បានបំបាក់អារ៉ាប៊ី សាអូឌីត៥ទល់នឹង០។

ចំណែកក្រុមអារ៉ាប៊ី សាអូឌីតវិញមិនសូវមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ដូចរុស្ស៊ីនោះឡើយ។ អ្វីជាការកត់សម្គាល់ ក្រុមនេះលេងបានល្អតែនៅដើមតុងនីមួយៗតែប៉ុណ្ណោះ ។ លុះក្រោយមកកីឡាករអារ៉ាប៊ី សាអូឌីតហាក់ស្រុតស្រុះកម្លាំងដែលផ្តល់ជាឱកាសដល់ក្រុមរុស្ស៊ីក្នុងការទាត់យកឈ្នះតែម្តង។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតបើកឆាកវើលខាប់នេះ ក៏មានការចូលរួមទស្សនាពីលោកប្រធានាធិបតីរុស្ស៊ី ពូ ទីន មេដឹកនាំប្រទេសអារ៉ាប៊ី សាអូឌីត និងប្រធានស្ថាប័នបាល់ទាត់ពិភពលោកFIFAផងដែរ។ ដោយឡែកនៅយប់ថ្ងៃទី១៥ មិថុនានេះ ក៏មានការប្រកួតបីគូរទៀតដែរ គឺអេហ្ស៊ីបប៉ះ​អ៊ុយរ៉ាហ្គាយ នៅម៉ោង ៧យប់ ខណៈម៉ារ៉ុកប៉ះ​ អ៊ីរ៉ង់នៅម៉ោង ១០យប់ និង​ អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់នៅម៉ោង ១រំលង​អាធ្រាត្រ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here