មកស្គាល់សេវាចាយលុយតាមទូរស័ព្ទល្បីៗដែលទាក់ចិត្តអ្នកភ្នំពេញបំផុតក្នុងឆ្នាំ ២០១៨

0
8592

បើនិយាយពីបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានគេចែកចេញទៅតាមប្រភេទដូចជា សេវាកម្ចី, Core Banking, Block Chain, Financing និងសេវាកម្មដែលពេញនិយមជាងគេគឺ Paying ដែលភាគច្រើនយើងស្គាល់វាថា សេវាចាយឬទូទាត់លុយតាមទូរស័ព្ទ ដែលធនាគារជាតិបញ្ជាក់ថា មានក្រុមហ៊ុនចំនួន ១៣ កំពុងប្រតិបត្តិលើសេវាកម្មនេះ ក្រោមប្រភេទទូទាត់ផ្សេងៗគ្នា តែក្រុមហ៊ុនដែលល្បីជាងគេមានតែប៉ុន្មានក្រុមហ៊ុនប៉ុណ្ណោះ ។

១- Pi Pay

អ្នកភ្នំពេញជាពិសេស ស្រទាប់យុវវ័យ ទោះបីយើងមិនបាច់រៀបរាប់ច្រើនក៏គាត់ដឹងថា ក្រុមហ៊ុនមួយនេះមានប្រជាប្រិយភាពប៉ុណ្ណាដែរ ។ លោក Paul Freer នាយកពាណិជ្ជកម្ម Pi Pay ឲ្យដឹងថា Pi Pay គឺជាទម្រង់ E-Wallet ដែលអតិថិជនអាចទុកលុយនៅ Pi Pay ដើម្បីធ្វើការទូទាត់ទៅផលិតផល សេវាកម្ម ទិញកាតទូរស័ព្ទ និងផ្ញើលុយដោយប្រើប្រាស់ទូរស័ព្ទដៃ ។


Pi Pay ស្ថិតក្រោមដៃគូសហការជាមួយ សេវាទូទាត់យក្ស Alipay របស់ក្រុមហ៊ុន​ Alibaba ព្រមទាំងបានសហការជាមួយធនាគារ ABA ដើម្បីអភិវឌ្ឍន៍របៀបចាយលុយតាមទូរស័ព្ទដៃថ្មីៗផងដែរ ។

ហើយអ្វីដែលទាក់ទាញអ្នកភ្នំពេញឲ្យនាំគ្នាមកប្រើ Pi Pay ភ្លូកទឹកភ្លូកដី គឺ Pi Pay ចូលមកដល់ដំបូងក៏បាននាំមកនូវការបញ្ចុះតម្លៃសន្ធឹកសន្ធាប់តាំងពី ៣០%, ៥០% រហូត ៧០% ហើយតម្លៃនេះមិនមែនគ្រប់ដៃគូរបស់ Pi Pay ជាអ្នកបញ្ចុះទេ តែ Pi Pay ជាអ្នកចេញលុយជំនួសអតិថិជន ដូចច្នោះមានន័យថា ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន Pi Pay ចាយលុយធ្វើទីផ្សារមិនតិចទេ ។

២-PayGo Wallet

ស្រដៀងគ្នានឹង Pi Pay ដែរ PayGo Wallet គឺជាសេវាកម្ម E-Wallet ប៉ុន្តែចំណុចទាក់ទាញរបស់សេវាកម្មពីរនេះមានភាពខុសគ្នា ។ ភាគច្រើនគេមិនសូវប្រើ PayGo Wallet ដើម្បីទូទាត់ការចំណាយទេ ប៉ុន្តែវាពេញនិយមបំផុតសម្រាប់អ្នកលក់អនឡាញ ដែលពួកគេអាចបង្កើត Visa Card សិប្បនិម្មិតជាមួយ PayGo ដោយឥតគិតថ្លៃ រហ័ស ហើយសុវត្ថភាពទៀត ចំណែកកន្លែងដាក់ប្រាក់របស់ PayGO ក៏ទំនើបផងដែរ កាន់តែលុយទៅដាក់ក្នុងម៉ាស៊ីនដែលនៅជិតផ្ទះជាការស្រេច ។

បើតាមលោក Mike lvanov ប្រធានគ្រប់គ្រងទូទៅនៅ PayGo ឲ្យដឹងថា PayGo ចាប់ផ្តើមចូលមកប្រទេសកម្ពុជាដំបូងនៅឆ្នាំ ២០១២ ស្របពេលដែលគ្មានអ្នកណាចាប់អារម្មណ៍វិធីចាយលុយតាមទូរស័ព្ទនៅឡើយ ដូចនេះការធ្វើទីផ្សាររបស់ PayGo គឺបើកសិក្ខាសាលាបង្រៀននៅតាមសាលា សកលវិទ្យាល័យ និងតំបន់ជនបទមួយចំនួន ។ PayGo ត្រូវបានគេប្រើប្រាស់ច្រើន នៅក្រុងភ្នំពេញ សៀមរាប និងព្រះសីហនុ ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម ។

៣-Wing

ដោយសារ Wing មានឈ្មោះបោះសម្លេងរួចមកហើយ ដូចច្នោះនៅពេល Wing ចេញសេវាទូទាត់តាមទូរស័ព្ទក៏មិនសូវពិបាកធ្វើទីផ្សារប៉ុន្មានដែរ ប៉ុន្តែទោះជាយ៉ាងណា Wing នៅតែប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជនឲ្យប្រើប្រាស់សេវាកម្មថ្មីរបស់ខ្លួន ។

ក្នុងនោះអ្នកលក់អនឡាញមួយចំនួនធំ សុទ្ធតែប្រើប្រាស់កាតសិប្បនិម្មិតរបស់ Wing ដើម្បីប្រូម៉ូតលើ Facebok ចំណែកឯការបង្កើតកាតសិប្បនិម្មិតនេះក៏មិនខុសពី PayGo ប៉ុន្មានដែរ គ្រាន់តែការដាក់លុយមិនសូវទំនើបដូចគេ ពោលគឺអ្នកត្រូវពឹងភ្នាក់ងារ Wing ឲ្យជួយបញ្ចូលលុយឲ្យអ្នក ។

បើតាមគេហទំព័រផ្លូវការរបស់ Wing ឲ្យដឹងថា សេវាកម្មវេរលុយ ឬ ទូទាត់លុយតាមទូរស័ព្ទនេះ ស្ថិតក្រោមក្រុមហ៊ុនមេ ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត ចាប់ផ្តើមនៅឆ្នាំ 2009 ដែលផ្តល់សេវាកម្ម ផ្ទេរប្រាក់ក្នុងស្រុក បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ និងការទូទាត់ប្រាក់តាមអ៊ីនធឺណិត។

គួរបញ្ជាក់ថា ក្រៅពីសេវាល្បីៗខាងលើនេះនៅមានសេវាក្រុមហ៊ុនស្រដៀងគ្នាផ្សេងទៀតដូចជា True Money, E-Money, អាស៊ីវេរលុយ, លី ហួរ វេលុយ, Smart Luy, Amk, Sabay Wallet និង Bongloy ជាដើម ។

អត្ថបទដោយ​ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here