ចំណតផែពហុបំណង តម្លៃប្រមាណជា ៧៤លានដុល្លារអាមេរិក នឹងបើកឱ្យដំណើរការនៅថ្ងៃទី ២៥ ខែមិថុនានេះ ដើម្បីជម្រុញដល់សង្វាក់នៃការដឹកជញ្ជូននាំចេញនាំចូល ទំនិញទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែល្អប្រសើរ។ នេះបើតាមប្រសាសន៍របស់ លោក លូ គីមឈន់ កាលពីម្សិលមិញនេះ ។
ប្រធានក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS) លោក លូ គីមឈន់ បានបញ្ជាក់ថា ការបើកឱ្យដំណើរការផែពហុបំណងនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយនៅពេលដែលផែថ្មីនេះប្រតិបត្តិការហើយ អាចឱ្យនាវាដែលផ្ទុកទំនិញចំណុះពី ៤០ ០០០ តោនទៅ ៥០ ០០០ តោនចូលចតនៅផែនេះបាន។ លោកបន្ថែបថា “នៅពេលផែសមុទ្រនេះស្ថិតនៅទឹកជ្រៅនឹងអាចឱ្យនាវាធំៗចូលចតជាមួយនឹងទំនិញធ្ងន់ៗបាន ហើយការចំណាយលើការដឹកជញ្ជូនតាមរយៈសមុទ្រនឹងកាន់តែទាប”។
គូរំលឹកផងដែរថា ចំណតផែពហុបំណងនេះ មានទីតាំងស្ថិតក្នុងបរិវេនកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបានចាប់ផ្ដើមសាងសង់ឡើង នៅដើមឆ្នាំ២០១៥ និងបានកម្ចីការប្រាក់ទាបពីទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA ប្រមាណ ១៧៦លានយេន ស្មើប្រមាណ ៧៤ លានដុល្លារអាមេរិក។ ចំណតផេនេះ មានប្រវែង ៣៣០ម៉ែត្រ និងជម្រៅទឹក ១៣,៥ម៉ែត្រ ដោយមានទីលានស្តុកទំនាញរាយទំហំ ២៨០០០ម៉ែត្រការ៉េ និងទីលានស្តុកធ្យូងថ្មទំហំ ១៣០០០ម៉ែត្រការ៉េ រួមជាមួយទីលានស្តុកទំនិញទូទៅ ១៤០០០ម៉ែត្រការ៉េ។
សូមបញ្ជាក់ថា ចំណតផេនេះ គឺជាគម្រោងអាទិភាពមួយដែលត្រូវបានកសាងឡើងដើម្បីជួយជម្រុញដល់វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងជាពិសេស ការនាំចេញនូវកសិផលរបស់កម្ពុជា ដូចជាចំណិតដំឡូងមីស្ងួត ទំនិញរាយ និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រពង្រីកទីផ្សារនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ៕
អត្ថបទដោយ៖ ម៉េង សុងលី