Grab ទើបតែបានទុនពីSoftbank ២.៥ពាន់លាន$ក្តៅៗ ឥឡូវToyota ឲ្យថែម១ពាន់លាន$ទៀត

0
4519

(សិង្ហបុរី)៖ ក្រុមហ៊ុនតាក់ស៊ីដ៏ធំជាងគេនៅអាស៊ី Grab ទើបតែទទួលបានទុនវិនិយោគក្តៅៗប្រមាណ២.៥ពាន់លានដុល្លារអាមេរិកពីមហាសេដ្ឋី Masayoshi Son ស្ថាបនិក Softbank ឥឡូវក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក Toyota សម្រាប់បោះទុនវិនិយោគ១ពាន់លានដុល្លារអាមេរិកឲ្យ Grab បន្ថែមទៀត។

ទុនវិនិយោគបន្ថែមដែលទទួលបានពីក្រុមហ៊ុនផលិតរថយន្ត Toyota នេះ នឹងបើកឱកាសប្រកួតប្រជែងទីផ្សារឲ្យ Grab កាន់តែធំឡើង និងអាចពង្រីកវិសាលភាពរបស់ខ្លួនបានកាន់តែឆាប់រហ័ស ខណៈពេលដែលក្រុមហ៊ុនតាក់ស៊ី Go-Jek របស់ឥណ្ឌូណេស៊ីកំពុងដេញតាមពីក្រោយ និងទើបតែទទួលបានទុនវិនិយោគពីក្រុមហ៊ុនយក្សដល់ទៅបី គិតជាទឹកប្រាក់វិនិយោគសរុបប្រមាណ១.៥ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនតាក់ស៊ី Grab ដែលដំណើរការដោយបច្ចេកវិទ្យាសម័យថ្មីរបស់សិង្ហបុរីមួយនេះ មានសេវាកម្មជាច្រើនប្រភេទដែលកំពុងតែប្រតិបត្តិនៅទូទាំងអាស៊ាន ដែលរួមមាន សេវាកម្មហៅតាក់ស៊ីតាមទូរស័ព្ទដៃ សេវាប្រើប្រាស់កាបូបលុយអេឡិចត្រូនិក សេវាកម្មដឹកម្ហូបអាហារជាដើម។


គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនតាក់ស៊ី Grab ទើបតែបានទិញយកប្រតិបត្តិការអាជីវកម្មទាំងមូលនៅអាស៊ានរបស់ក្រុមហ៊ុនតាក់ស៊ីដ៏ធំជាងគេលើពិភពលោក Uber ធ្វើឲ្យក្រុមហ៊ុនរបស់អាមេរិកនេះត្រូវទាត់ចេញពីទីផ្សារតំបន់អាស៊ាន៕

 

អត្ថបទដោយ៖ Jimmy

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here