ពេលនេះ Alibaba គ្រោងដឹកទំនិញឲ្យអតិថិជននៅអាស៊ីនិងអ៊ឺរ៉ុបត្រឹមតែ ៣ ថ្ងៃ មិនបាច់ចាំយូរដូចមុន

0
4688
source form: arabianbusiness

ពេលនេះក្រុមហ៊ុន E-commerce យក្សរបស់ចិន Alibaba បានពង្រឹងសេវាដឹកជញ្ជូនរបស់ខ្លួនឆ្លងកាត់ប្រទេសអាស៊ីមជ្ឈិមបូព៌ានិងជាតិសាសន៍ជុំវិញនេះ ដោយចំណាយពេលតិចជាងមុនត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ទំនិញនឹងទៅដល់ដៃអតិថិជនដោយទំនុកចិត្ត តាមរយៈជើងហោះហើររបស់ដៃគូថ្មី Emirates Skycargo ។

តាមការចុះកិច្ចព្រមព្រៀងជាមួយ Emirates Skycargo បានបញ្ជាក់ថា Alibaba បានបង្កើតមជ្ឈមណ្ឌលផ្គត់ផ្គងរបស់ខ្លួននៅក្នុងទីក្រុងធំចំនួន ៦ លើពិភពលោក ក្នុងនោះក៏មានទីក្រុងឌូបៃមួយដែរ ។

ក្រុមហ៊ុន Emirates Skycargo ឲ្យដឹងថា ក្រុមហ៊ុននឹងចូលរួមដោះស្រាយការដឹកជញ្ជូនទំនិញជាមួយ ក្រុមហ៊ុន Cainiao របស់ Alibaba នៅប៉ែកមជ្ឈិមបូព៌ា ចំណែកព័ត៌មានលម្អិតបន្ថែមទៀតនឹងប្រកាសជាផ្លូវការបន្ទាប់ពីភាគីទាំងពីរធ្វើការអភិវឌ្ឍន៍បន្ថែម ។


ក្រុមហ៊ុនដឹកជញ្ជូន Cainiao របស់ Alibaba កំពុងសម្លឹងមើលការកសាងវិស័យដឹកជញ្ជូននិងសមត្ថភាពផ្គត់ផ្គង់ដែលអាចដឹកជញ្ជូនទៅកាន់គ្រប់ទីកន្លែងនៅប្រទេសចិនតិចជាង ២៤ ម៉ោង និងដឹកឆ្លងកាត់ពិភពលោកត្រឹមតែ ៧២ ម៉ោង ឬ ៣ ថ្ងៃប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Emirates Skycargo មានជើងហោះហើរ ៥០ ជើងក្នុងមួយសប្តាហ៍ ទៅកាន់ចិន និងមានយន្តហោះសរុប ២៦៧ គ្រឿង ដែលធ្វើឲ្យការដឹកជញ្ជូនរវាងអាស៊ីនិងអ៊ឺរ៉ុបកាន់តែងាយស្រួល ។

លោក Xiaodong Guan អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Cainiao លើកឡើងថា ឌូបៃគឺជាភូមិសាស្ត្រដ៏ល្អក្នុងការសម្រេចគោលដៅដឹកជញ្ជូនរយៈពេល ៧២ ម៉ោងទៅកាន់ពិភពលោក ។

លោកបន្ថែមថា “យើងមានការជឿជាក់ខ្ពស់ទៅកាន់ឌូបៃនិងទីផ្សារជិតខាង ដែលវាសមស្របនឹងយុទ្ធសាស្ត្រឆ្លងព្រំដែនរបស់យើង “ ។

គួរបញ្ជាក់ថា បើធៀបជាមួយគូប្រកួតដូចជា Amazon, Ebay ពួកគេត្រូវការចំណាយពេលពី ១ សប្តាហ៍ទៅ ២ សប្តាហ៍ដើម្បីដឹកទំនិញទៅកាន់ពិភពលោក ដូចនេះយុទ្ធសាស្ត្រថ្មីរបស់ Alibaba នេះបញ្ជាក់ថា ក្រុមហ៊ុន E-commerce ចិនមួយនេះកំពុងវាយលុកទីផ្សារអនឡាញកាន់តែស៊ីជម្រៅ ខណៈមួយរយៈនេះ Alibaba បានវិនិយោគលើវិស័យដឹកជញ្ជូនកាន់តែច្រើន ជាក់ស្តែងការបង្កើតមូលដ្ឋានដឹកជញ្ជូននៅថៃជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here