ក្បួនស្វែងរកដើមទុន ដើម្បីចាប់ផ្តើមអាជីវកម្មដំបូងសម្រាប់អ្នកខ្វះខាតទុន

0
7036

ជាការពិតណាស់ ការចាប់ផ្តើមអាជីវកម្មមួយចាំបាច់ត្រូវការដើមទុន ដើម្បីអាចដំណើរការអាជីវកម្មនោះបានទោះបីមិនច្រើន ក៏តិចតួចដែរទៅតាមទំហំអាជីវកម្មដែលអ្នកចង់បើក។ ជាទូទៅដើម្បីអាចបើកអាជីវកម្មមួយបាន សហគ្រិនភាគច្រើននឹងនឹកឃើញដល់ប្រភពទុនជាច្រើន ដូចជា ខ្ចីធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ដោយការដាក់បញ្ចាំអចលនទ្រព្យឬរបស់មានតម្លៃ និងការខ្ចីពីគ្រួសារឬមិត្តភ័ក្តជាដើម។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដើម្បីស្វែងរកទុនក្នុងការបង្កើតអាជីវកម្ម ដោយចៀសវាងការខ្ចីបុលគេមកករកស៊ី៖

កាលពីសប្តាហ៍មុន ពាណិជ្ជកម្មកម្ពុជា បានចេញអត្ថបទមួយដែលលើកយកទស្សនៈរបស់មហាសេដ្ឋីពីររូបគឺលោក Robert Kiyosaki និងលោក Mark Cuban ដែលបានលើកឡើងថា “បើមិនចង់មានបំណុលវ័ណ្ឌក កុំខ្ចីបុលគេមករកស៊ីពេលចាប់ផ្តើមអាជីវកម្មដំបូង ដោយមហាសេដ្ឋីទាំងពីររូបនេះបានលើកអំណះអំណាងថា ការចាប់ផ្តើមអាជីវកម្មដំបូងគឺមានហានិភ័យខ្ពស់ណាស់។


ចំពោះសេដ្ឋី Mark Cuban បានមានប្រសាសន៍ថា មានតែមនុស្សល្ងីល្ងើប៉ុណ្ណោះដែលចាប់ផ្តើមអាជីវកម្មដំបូងដោយការប្រើប្រាស់កម្ចី។ លោកលើកឡើយបែបនេះ គឺក្នុងគោលបំណងចង់ឲ្យតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងធ្វើការងារ ស្វែងយល់ពីចំណេះដឹងទាក់ទងក្នុងវិស័យនោះ និងការស្រលាញ់ចូលចិត្តរបស់ខ្លួនជាដើម។ ជាមួយនឹងកត្តាទាំងបីខាងលើ អ្នកអាចចាប់ផ្តើមដោយមានឱកាសជោគជ័យច្រើនជាងបរាជ័យ។ បន្ទាប់ពីការស្វែងរកចំណេះដឹង ចំណង់ចំណូលចិត្តរួចហើយ ការប្រឈមនឹងហានិភ័យនឹងត្រូវបានកាត់បន្ថយបានមួយកម្រិតធំ។ ជំហានបន្ទាប់គឺការរកទុនដើម្បីចាប់ផ្តើមអាជីវកម្មដែលអ្នកមានបំណងចង់បើករកស៊ី ប៉ុន្តែសំណួរដែលត្រូវចោទសួរថាតើ បើមិនប្រើប្រាស់កម្ចីធនាគារ ឬខ្ចីបុលគេតើមានវិធីសាស្រ្តអ្វីផ្សេងដើម្បីអាចរកទុនចាប់ផ្តើមបាន?

  • ស្វែងរកអ្នកដែលមានគោលបំណងដូចគ្នាចូលហ៊ុនជាមួយ៖

ដើម្បីទទួលបានទុនមករកស៊ីដោយមិនប្រើប្រាស់កម្ចី អ្នកអាចស្វែងរកមិត្តភកិ្ត ក្រុមគ្រួសារ សាច់ញាត្តិ ឬមនុស្សដែលមានគោលដៅដូចគ្នាហើយដែលអាចទុកចិត្តបាន មកចូលហ៊ុនរួមគ្នាជាមួយអ្នកដើម្បីបើកអាជីវកម្មនោះ។ ការស្វែងរកម្ចាស់ភាគហ៊ុនគឺជាវិធីមួយដែលអ្នកអាចស្វែងរកទុនបានច្រើន ដើម្បីធ្វើឲ្យអាជីវកម្មក្នុងក្តីស្រមៃរបស់អ្នកក្លាយជាការពិត។ ការចូលហ៊ុនគ្នារកស៊ី អ្នកក៏ត្រូវតែមានភាគហ៊ុនផងដែរ ដែលវាអាស្រ័យលើការសន្សំនិងការខិតខំប្រឹងប្រែងធ្វើការងាររបស់អ្នក។ ប៉ុន្តែប្រសិនបើ អ្នកចង់សន្សំប្រាក់ឲ្យគ្រប់ដើម្បីបើកអាជីវកម្មមួយដោយខ្លួនéងតែម្តង វាមិនមែនជាគំនិតល្អនោះទេ។

ការសន្សំត្រូវការចំណាយរយៈពេលយូរណាស់រាប់សិបឆ្នាំ ហើយណាមួយអ្នកត្រូវកាត់កងចំណាយផ្សេងៗប្រចាំថ្ងៃ និងការចំណាយសម្រាប់ខ្លួនéងទៀត ទំរាំគ្រប់ចំនួនអាចបើកដំណើរការអាជីវកម្មបាន។ អ្នកគួរសន្សំប្រាក់មួយចំនួនដែលអ្នកគិតថាវានឹងគ្រប់គ្រាន់សម្រាប់ភាគហ៊ុនមួយចំណែកធំ និងរួមជាមួយដៃគូភាគហ៊ុន ដើម្បីបើកដំណើរការអាជីវកម្មបាន។ ឧទាហរណ៍ថា អាជីវកម្មដែលអ្នកចង់បើកដំណើរការត្រូវការចំណាយដើមទុនប្រមាណ ៣០,០០០ដុល្លារ ដូច្នេះអ្នកមិនចាំបាច់សន្សំប្រាក់ឲ្យបាន ៣០,០០០ដុល្លារនោះទេ ប៉ុន្តែអ្នកអាចសន្សំប្រាក់ត្រឹម ៥,០០០ដុល្លារទៅ ១០,០០០ដុល្លារ ហើយស្វែងរកដៃគូចូលហ៊ុនគ្នាប្រមាណ ៣ទៅ៤នាក់ទៀតមករកស៊ីជាមួយគ្នា។

យ៉ាងណាមិញ ដើម្បីស្វែងរកដៃគូអាជីវកម្ម ឬម្ចាស់ភាគហ៊ុនឲ្យចូលរួមសហការជាមួយអ្នកបាន អ្នកគួរចាប់ផ្តើមស្វែងរកសមាជិកក្នុងរង្វង់គ្រួសារ មិត្តភក្តិជិតដិតជាមុនសិន។ ពួកគេទាំងនោះគួរតែជាជម្រើសដំបូងបង្អស់ដែលអ្នកគួរវិភាគនិងបន្តាក់ទុនជាមួយ ម្យ៉ាងវិញទៀត វាធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការបង្កើតទំនុកចិត្តលើគ្នាក្នុងការចាប់ផ្តើមការរកស៊ីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវមានកិច្ចសន្យា ឬលិខិតជាលាយលក្ខអក្សរណាមួយដែលបែងចែងឲ្យច្បាស់ពីភាគហ៊ុន ភាគលាភ និងការប្រែប្រួលផ្សេងទៀតដែលអាចនឹងកើតមានឡើងជាយថាហេតុ ដើម្បីចៀសវាងបញ្ហាណាមួយនាពេលអនាគត។ បន្ថែមលើនេះ ក្រៅពីក្រុមគ្រួសារ មិត្តភក្តិ អ្នកអាចស្វែងរកអ្នកចូលហ៊ុនដែលជាអ្នកធ្លាប់ស្គាល់ ឬធ្លាប់ធ្វើការជាមួយអ្នកកន្លងមកហើយគេមានជំនាញដែលអាជីវកម្មរបស់អ្នកត្រូវការ។

​​​​​​​​​​​​​​មានវិធីសាស្រ្តគៀងគទុនដ៏ល្អមួយទៀត ដែលអាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នកពង្រីកនិងអភិវឌ្ឍលឿននោះគឺ ការលក់ជាលក្ខណៈ Franchise។ ក្រោយពីអាជីវកម្មរបស់អ្នកបានបើករកស៊ី ហើយមានដំណើរការល្អ មានអតិថិជន និងប្រព័ន្ធនៃការគ្រប់គ្រងត្រឹមត្រូវ នោះការបោះលក់សិទ្ធិអាជីវកម្មហ្រ្វេនឆាយគឺជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីពង្រីកអាជីវកម្មដោយមិនចាំបាច់យកលុយពីហោប៉ាវរបស់អ្នក ហើយក៏មិនចាំបាច់ប្រើប្រាស់ប្រាក់កម្ចីរបស់ធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនោះដែរ។ ដោយសារការលក់សិទ្ធិអាជីវកម្មលក្ខណៈ Franchise គឺជាការផ្តល់សិទ្ធិឲ្យប្រើប្រាស់ម៉ាកយីហោ ផលិតផល និងប្រព័ន្ធនៃការគ្រប់គ្រង ទៅឲ្យអ្នកទិញសិទ្ធិបន្តដើម្បីប្រើប្រាស់ម៉ាកយីហោក្នុងការប្រកបអាជីវកម្ម ហើយត្រូវបង់មកវិញដូចជា ការចំណាយទិញសិទ្ធិដំបូង ប្រាក់ចំណេញសរុបប្រចាំខែឬការទិញផលិតផលលក់បន្តជាដើម។ ដូច្នេះយើងឃើញថា ការលក់សិទ្ធិបន្តលក្ខណៈ Franchise នេះគឺជាវិធីសាស្រ្តនៃការប្រមូលទុនដ៏ល្អមួយសម្រាប់សហគ្រិនដែលមានអាជីវកម្មកំពុងមានដំណើរការល្អ ហើយចង់ពង្រីកវិសាលភាពរបស់អាជីវកម្មខ្លួន៕

អត្ថបទដោយ៖ SOY-VUTHEA-Startup Editor

LEAVE A REPLY

Please enter your comment!
Please enter your name here