ក្រុមហ៊ុនឡានTesla ប្រកាសកាត់បន្ថយបុគ្គលិក៤ពាន់នាក់

0
802

ក្រុងញូវយ៉ក៖ ក្រុមហ៊ុនផលិតឡានអេឡេត្រូនិក Tesla Motors បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានកាត់បន្ថយកម្លាំងពលកម្ម៩% ដើម្បីបង្កើនផលកម្រៃដល់ក្រុមហ៊ុន។ បើទោះបីកាត់បន្ថយបុគ្គលិកបែបនេះមែន ប៉ុន្តែក្រុមហ៊ុន Tesla Motors អះអាងថា នឹងមិនប៉ះពាល់ដល់ដំណើរការផលិតឡានម៉ាក Model 3 របស់ខ្លួននោះឡើយ។

ប្រធានក្រុមហ៊ុន Tesla Motors លោក Elon Musk បានអះអាងថា ការកាត់បន្ថយបុគ្គលិកនេះគឺពាក់ព័ន្ធនឹងបញ្ហាប្រាក់ខែ។ ប៉ុន្តែលោកក៏បានគូសបញ្ជាក់ថា ការកាត់បន្ថយនេះ មិនប៉ះពាល់អ្វីដល់ការដំណើរការផលិតឡានថ្មីៗដែលក្រុមហ៊ុនបានកំណត់ទុកនោះទេ។ លោក Elon Musk ក៏បានអះអាងឲ្យដឹងដែរថា ការទុកបុគ្គលិកទាំងអស់នេះ គឺក្រុមហ៊ុន Tesla Motors មិនបានបង្កើតបានប្រាក់ចំណេញនោះទេនៅក្នុងរវាង១៥ឆ្នាំមកនេះ ។

សូមបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិក៩%នេះ គឺស្មើនឹងចំនួនបុគ្គលិកប្រមាណ៤០០០នាក់។ នេះបើផ្អែកតាមតួលេខដែលផ្តល់ដោយក្រុមហ៊ុនផ្ទាល់តែម្តង។ លោក Elon Musk បានលើកឡើងថា កាលពីខែមុន ក្រុមហ៊ុនបានគិតរៀបចំឡើងវិញនូវកន្លែងផលិតកម្មដែលបុគ្គលិកត្រូវបានកាត់បន្ថយនេះ ប៉ុន្តែមិនបានពិភាក្សាលម្អិតនៅឡើយទេ។ បន្ថែ​ម​លើនេះ លោកMusk ក៏បានឲ្យដឹងកាលពីថ្ងៃអង្គារដែរថា ក្រុមហ៊ុននឹងបន្តជួលបុគ្គលិកសម្រាប់តួនាទីដ៏សំខាន់ក្រោយការបញ្ឈប់បុគ្គិលិកជាច្រើននេះ ហើយថាការស្វែងរកបុគ្គ​លិកថ្មី គឺជារឿងអាទិភាព។ យ៉ាងណាក៏ដោយ លោក Musk បាននិយាយនៅលើបណ្តាញសង្គមTwitterថា ការសម្រេចចិត្តកាត់បន្ថយបុគ្គលិកនេះ វាគឺជារឿងដ៏លំបាក ប៉ុន្តែវាចាំបាច់ត្រូវតែធ្វើ៕


ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here