ទិនហ្វី៖ ដើរតាមក្តីស្រមៃរបស់អ្នក ធ្វើការងារដែលអ្នកស្រលាញ់ គ្រប់យ៉ាងនឹងបង្ហាញផ្លូវដល់អ្នក

0
4525

លោកអ្នកប្រាកដជាស្គាល់ច្បាស់ហើយនូវរហ័សនាមកំពូលស្ដេចកំប្លែងជនជាតិចិនហុងកុង គឺលោក Stephen Chow ហៅ ទិនហ្វី ដែលជាស្តេចកំប្លែងដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ជាពិសេសក្នុងតំបន់អាស៊ី។ លោក Stephen Chow ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨០ ហើយបច្ចុប្បន្នលោកជាផលិតករ និងអ្នកដឹកនាំខ្សែភាពយន្តដ៏ល្បីល្បាញម្នាក់នៅទីក្រុងហុងកុង និងប្រចាំតំបន់អាស៊ីផងដែរ។ យ៉ាងណាមិញ លោកក៏មានប្រវត្តិជូរចត់ ដែលត្រូវរស់នៅដោយគ្មានឪពុក ហើយត្រូវខិតខំតស៊ូទាំងលំបាក មុនក្លាយជា អ្នកដឹកនាំរឿងដ៏ល្បីមួយរូប។

១. ជីវិតរស់នៅ ដោយគ្មានឪពុក

ឪពុកម្ដាយរបស់លោក Stephen Chow បានលែងលះគ្នាតាំងពីមុនពេលលោកចាប់កំណើតមកម្ល៉េះ ជាហេតុធ្វើឲ្យលោកបានក្លាយជាក្មេងកំព្រាឪពុក និងជាកូនប្រុសទោលតែម្នាក់គត់ក្នុងបន្ទុកគ្រួសារដែលមានតែម្ដាយនិងជីដូនម្នាក់ ចិញ្ចឹមបីបាច់រូបលោកឲ្យធំដឹងក្ដី ហើយគ្មានប្រភពព័ត៌មានណា សរសេរឲ្យបានក្បោះក្បាយពីប្រវត្តិគ្រួសាររបស់លោកឡើយ ព្រោះចាប់តាំងពីពេលដែល លោកបានប្រឡូកក្នុងវិស័យសិល្បៈ លោកមិនដែលរំឭកពីប្រវត្តិគ្រួសារ ប្រាប់អ្នកដទៃឡើយ។ វាហាក់ដូចជាសុបិនដ៏យូរអង្វែងរបស់លោក Stephen Chow ទម្រាំលោកបានក្លាយជាកំពូលតារាសម្ដែងបែបកំប្លែងដ៏ល្បីម្នាក់ ព្រោះលោកបានពុះពារឧបសគ្គរាប់មិនអស់ បូករួមទាំងជីវិតគ្រួសារ ដែលជូរចត់ ពោរពេញទៅដោយបញ្ហារាប់មិនអស់។ នេះជាហេតុនាំឲ្យលោកសម្រេចចិត្តខិតខំបង្កើតនូវចំនុចរសើបជាច្រើន ដើម្បីទាក់ទាញឲ្យមានស្នាមញញឹមចេញពីបបូរមាត់របស់មនុស្សគ្រប់គ្នានៅក្នុងលោក ព្រោះលោកមិនចង់ឃើញទឹកមុខក្រៀមក្រំ និងពោរពេញទៅដោយទុក្ខសោកនៅជុំវិញខ្លួនទៀតនោះទេ។

២. ដើរតាមក្ដីស្រមៃរបស់អ្នក ពួកគេនឹងប្រាប់ផ្លូវដល់អ្នក

ចាប់តាំងពីក្មេងរហូតដល់លោកធំដឹងក្ដីលោក Stephen Chow តែងតែចូលចិត្តមើលភាពយន្តកុងហ្វូ ដែលតួឯកក្នុងដួងចិត្តរបស់លោកគឺ លោក Bruce Lee និង Wang Yu ហើយអ្វីដែលលោកចាប់អារម្មណ៍ពីក្បាច់គុនកុងហ្វូបំផុត គឺការសម្ដែងថ្វីជើងរបស់លោក Bruce Lee ដែលធ្វើឲ្យលោក Stephen Chow ដក់ចិត្តចង់ធ្វើជាតួសម្ដែងភាពយន្តម្នាក់។ នៅពេលដែលលោកបញ្ចប់ថ្នាក់បាក់ឌុប លោកបានសម្រេចចិត្តដាក់ពាក្យ ធ្វើជាតួសម្ដែងត្រៀម ក្នុងស្ថានីយទូរទស្សន៍មួយ នៅទីក្រុងហុងកុងមានឈ្មោះថា TVB។ បន្ទាប់ពីលោកហ្វឹកហាត់សម្ដែងក្នុងស្ថានីយទូរទស្សន៍បាន ២ឆ្នាំ លោកត្រូវបានអ្នកដឹកនាំរឿង ជ្រើសរើសមកសម្ដែងក្នុងភាពយន្តដំបូងរបស់លោកគឺ រឿង Demi-Gods and Semi-Devils។ អំឡុងឆ្នាំ ១៩៩០ លោកចាប់ផ្ដើមមានឈ្មោះបោះសម្លេង ព្រោះតែពាក្យពេចន៍កំប្លុកកំប្លែងរបស់លោក បានធ្វើឲ្យទស្សនិកជនស្គាល់និងគាំទ្រលោក រហូតលោកបានសម្ដែងជាមួយតារាល្បីប្រចាំអាស៊ី លោក Jackie Chan និង លោក Jet Li។

៣. ស្វែងរកចម្លើយ នៅក្នុងក្តីសុបិន

លោក Stephen Chow ជាមនុស្សម្នាក់ដែលមើលទៅហាក់ដូចជាលេងសើចច្រើន ប៉ុន្តែបើមើលកាន់តែជ្រៅ លោកជាបុគ្គលដែលឆ្ងល់ច្រើន ហើយព្យាយាមស្វែងរកចម្លើយដោយមិនបង្អង់ឡើយ ពោលដូចជាការដឹកនាំរឿង និងការគ្រប់គ្រងកាម៉េរ៉ាថតរឿងជាដើម ដោយជារឿយៗ លោកតែងតែសាកសួរ អ្នកដឹកនាំរឿង ពីរបៀបធ្វើកិច្ចការទាំងនេះ។ មិនយូរប៉ុន្មានបន្ទាប់ពីលោក ទិន ហ្វី ធ្វើជាតួសម្ដែងក្នុងរឿងជាង ៦០រឿង ក្ដីស្រមៃរបស់លោកបានក្លាយជាការពិត គឺ លោកបានផ្លាស់ប្ដូរអាជីព មកធ្វើជាអ្នកដឹកនាំរឿងវិញ រហូតមកទល់ពេលបច្ចុប្បន្ន។ ស្ដេចកំប្លែងវ័យ ៥៣ឆ្នាំរូបនេះ បាននិយាយថា ដើម្បីឲ្យភាពយន្តមួយក្លាយជា រឿងដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកគាំទ្រ ក្នុងសាច់រឿងត្រូវតែបញ្ចូលនូវគំនិតអប់រំល្អៗ ដល់អ្នកទស្សនា នោះទើបវាអាចដិតជាប់អារម្មណ៍អ្នកមើលរហូត៕

អត្ថបទដោយ៖ វុទ្ធា សិរីសុភាតា

LEAVE A REPLY

Please enter your comment!
Please enter your name here