រៀនមិនទាន់ចប់ផង យុវជនមួយក្រុមបង្កើត App យកលុយ​ ៤០០០ដុល្លារពី Smart និងជួយដោះស្រាយបញ្ហាសង្គម

0
8526

យុវជនមួយក្រុមដែលជានិស្សិតជំនាញ E-commerce និង IT មកពីវិទ្យាស្ថាន NIPTICT និង KIT ពួកគាត់មិនទាន់បញ្ចប់ឆ្នាំទី ៤ ស្រួលបួលផង​ តែមានសមត្ថភាពបង្កើត App ជួយដោះស្រាយបញ្ហាហៅជាងជួសជុលសម្ភារៈប្រើប្រាស់ក្នុងផ្ទះដោយគ្រាន់តែធ្វើការកក់តាមទូរស័ព្ទ ហើយពួកគេក៏ទទួលបានរង្វាន់ ៤០០០ ដុល្លារពីកម្មវិធី SmartStart ផងដែរ ។

App ខាងលើឈ្មោះថា Homex បង្កើតឡើងដោយក្រុមសហគ្រិនបច្ចេកវិទ្យាវ័យក្មេង រួមមាន ម៉ិញ ផាហួរ ជានាយកប្រតិបត្តិ និងក្រុមការងារ កញ្ញា លឹម សុខលាភ, វង្ស ស្រីឡែន, អ៊ុង សូម៉ាណា និងយុវជន តេង ស៊ាវប៉ោ ។

ផាហួរ ឲ្យដឹងថា គម្រោងមួយនេះចាប់ផ្តើមតាំងពីដើមខែកុម្ភៈ ដែលពីដំបូងឡើយគាត់ និងមិត្តរួមថ្នាក់បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Busines Model Competition រួមទាំងមើលឃើញថាសក្កានុពលទីផ្សារក៏ធំ ក៏សម្រេចចិត្តចូលរួមក្នុងកម្មវិធី SmartStart ដើម្បីរៀនសូត្របន្ថែម និងអភិវឌ្ឍន៍អាជីវកម្មថ្មីថ្មោងមួយនេះ ។


អ្វីជាគុណតម្លៃសម្រាប់អាជីវកម្មមួយនេះ?

ដោយសារមើលឃើញពីបញ្ហាពិបាកទាក់ទងជាងជុសជុលសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជាមើលគម្រូស្រាប់ពីសេវាកម្មកក់តាក់ស៊ីតាមទូរស័ព្ទ យុវជនមួយក្រុមនេះក៏សម្រេចចិត្តថាបង្កើត App នេះឡើង ដែលក្រៅពីជួយឲ្យអតិថិជនងាយស្រួលទាក់ទងជាង ពួកគេក៏ទទួលបានទំនុកចិត្តបន្ថែម ទាំងផ្នែកសុវត្ថិភាព និងជំនាញវិជ្ជាជីវៈ ។

តើអ្វីដែលជាបញ្ហាសម្រាប់អាជីវកម្មថ្មីថ្មោងមួយនេះ?

កញ្ញា សុខលាភ លើកឡើងថា ដោយសារការចាប់ផ្តើមអាជីវកម្មថ្មីៗ ត្រូវប្រឈមនឹងបញ្ហាគ្មានបទពិសោធន៍ ដូចច្នោះការស្វែងរកអ្នកណែនាំជាកត្តាចាំបាច់ បើនិយាយពីរឿងហិរញ្ញវត្ថុក៏មិនមានច្រើនដែរ ចាំបាច់ណាស់ ក្រុមការងារត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ លើសពីនេះការជ្រើសរើសក្រុមការងារមិនមែនជាការងាយស្រួលទេ លុះត្រាតែក្រុមការងារមានចក្ខុវិស័យនិងការតស៊ូដូចគ្នា ទើបអាចដើរជាមួយគ្នាបាន ។

តើអាជីកម្មតូចមួយនេះ ត្រូវធ្វើយ៉ាងណាទើបអាចទាក់ទងដៃគូបាន?

ក្រុមការងារ Homex លើកឡើងថា យុទ្ធសាស្ត្រសម្រាប់អាជីវកម្មតូច គឺត្រូវចរចារជាមួយគូប្រកួត​ ឲ្យទៅជាដៃគូរកស៊ី ។ ជាក់ស្តែងនៅតាមសិក្ខាសាលា វគ្គសិក្សាជំនាញខ្លី​ៗ​ ដូចជាជុសជុលម៉ាស៊ីនត្រជាក់ ទឹក ភ្លើង សុទ្ធតែជាកន្លែងដែល Homex ត្រូវទៅផ្សព្វផ្សាយពីសេវាកម្ម និងទាញពួកគេមកជាដៃគូផ្គត់ផ្គង់សេវាកម្ម ។ លើសពីនេះគឺការប្រមូលផ្តុំអ្នកផ្តល់សេវាកម្មតាមអនឡាញដូចជា Facebook ឬ Khmer24 ជាដើម ឲ្យមកចូលរួមជាមួយ Homex ។

គួរបញ្ជាក់ថា ពេលនេះគម្រោង App របស់ Homex កំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍នៅឡើយ និងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ តែអ្នកអាចធ្វើការហៅជាងជុសជុលជាបណ្តោះអាសន្នមុនពេលចេញ App តាមរយៈទំនាក់ទំនងខាងក្រោម  ។

ទំនាក់ទំនងទៅកាន់ Homex : http://www.homexkh.com/ Facebook Page https://www.facebook.com/homexkh/ Call : 016990059

សូមរងចាំតាមដានគម្រោងអាជីវកម្មបច្ចេកវិទ្យារបស់សហគ្រិនវ័យក្មេងផ្សេងទៀតនៅអត្ថបទក្រោយៗ

LEAVE A REPLY

Please enter your comment!
Please enter your name here