លោក អៀង សុធារ៉ា៖ ខ្ញុំជោគជ័យក្នុងការរកស៊ី ដោយសារខ្ញុំយកទ្រឹស្តីព្រះពុទ្ធ៤ចំណុចមកអនុវត្ត

0
25960

សហគ្រិនគ្រប់រូបសុទ្ធតែមាន ចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នា ក្នុងការដឹកនាំអាជីវកម្ម។ អ្នកខ្លះគេបានអនុវត្តទៅតាមទ្រឹស្តី ក៏ដូចជាការចែករំលែកពីបុគ្គលជោគជ័យល្បីៗនៅលើពិភពលោក ដោយគេចាត់ទុកថាអ្នកទាំងនោះជាបុគ្គលដែលអាចយកធ្វើជានិមិត្តរូប (idol) បាន។

ចុះអ្នកធ្លាប់គិតទេថា អ្វីទៅជាការធ្វើជំនួញតាមគន្លងនៃពុទ្ធឱវាទ?

ជាមួយនឹងការលើកឡើងរបស់​ លោក អៀង សុធារ៉ា អគ្គនាយកនៃក្រុមហ៊ុន អៀងគ្រុប លោកមានប្រសាសន៍ថា៖ « ខ្ញុំតែងតែ លើកយកឱវាទជាធម៌របស់ព្រះពុទ្ធមកអនុវត្តក្នុងការរកស៊ី និងចង់ឲ្យយុវជនយើងដែល ចង់ធ្វើជាសហគ្រិនគួរតែអនុវត្តនូវឱវាទទាំងនេះ ដើម្បីភាពជោគជ័យទាំងអស់គ្នា»។

១. ឆន្ទៈ គឺសេចក្តីស្រឡាញ់

ធម្មតាមិនថាតែការរកស៊ីតែមួយមុខទេ គ្រប់កិច្ចការងារទាំងអស់ យើងត្រូវធ្វើចេញពីការស្រឡាញ់ពេញចិត្ត មិនបោះបង់ មិនចុះចាញ់ជាដាច់ខាត ទោះជាមានគេ ស្តីថា ឬចំអកចំអន់យ៉ាងណាក៏ដោយ។ ហើយត្រូវប្រាកដថា យើងធ្វើដោយការស្រឡាញ់ មិនមែនដោយការបង្ខិតបង្ខំពីអ្នកដទៃឡើយ។

២. វិរិយៈ គឺសេចក្តីព្យាយាម

ពេលយើងបានបង្កើតនូវការស្រឡាញ់ ពេញចិត្តនូវកិច្ចការទាំងអស់នោះហើយ អ្វីដែលយើងមិនអាចខ្វះបាននោះ គឺការព្យាយាម។ បើយើងបានដាក់ចិត្ត ដាក់កាយថាធ្វើវាហើយ យើងត្រូវមានការព្យាយាម តស៊ូជាមួយវា មិនបោះបង់ជាដាច់ខាត ទោះបីជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ។

៣. ចិត្តៈ គឺការតាំងចិត្ត ប្តេជ្ញាចិត្ត

រាល់កិច្ចការងារដែលយើងធ្វើ ត្រូវតែមានការតាំងចិត្តឲ្យបានខ្ពស់ ព្រោះការតាំងចិត្តនេះ វានឹងមិនធ្វើឲ្យយើងបាក់ទឹកចិត្តនៅពេលដែលយើងជួបនឹងបញ្ហាណាមួយនៅចំពោះមុខ។ កាលណាយើងធ្វើអ្វីមួយដែលកើតចេញពីការស្រឡាញ់របស់យើង តែវាអាចនឹងមានការមិនពេញចិត្តពីគ្រួសារ ដោយពួកគេថា ធ្វើចឹងមិនល្អទេ មេចមិនទៅធ្វើអាផ្សេងវិញទៅ។ ទាំងអស់នេះហើយ ដែលជាបញ្ហាអាចធ្វើឲ្យយើងបាក់ទឹកចិត្តបាន តែបើយើងមានការប្តេជ្ញាចិត្តខ្លាំង​ គឺយើងមានហេតុផលច្បាស់ និងមិនងាយបាក់ទឹកចិត្តឡើយ។

៤. វិមំសា គឺការកែតម្រូវ ច្នៃប្រឌិត

បើចង់ឲ្យការដឹកនាំអាជីវកម្មទទួលបាននូវភាពជោគជ័យ យើមិនអាចធ្វើនូវសកម្មភាពដដែលៗ ដោយគ្មានការកែលម្អរនោះទេ។ កន្លែងយើងឃើញមានកំហុស យើងធ្វើការកែតម្រូវវា ដើម្បីធ្វើវាឲ្យកាន់តែប្រសើរជាងមុន។ ជាពិសេសត្រូមានការច្នៃប្រឌិត រិះរកគំនិតថ្មីៗ ដើម្បីជាតម្រូវការរបស់អតិថិជន ក៏ដូចជាតម្រូវទីផ្សារ នោះទើបអាជីវកម្មមានការរីកចម្រើន និងឈរជើងបានរឹងមាំ យូអង្វែង។

សរុបមកវិញ សហគ្រិនគ្រប់រូប គួរយកធម៌ទាំង៤នេះមកអនុវត្តក្នុងការដឹកនាំធ្វើអាជីវកម្ម ជាពិសេសយុវជនដែលចង់ចេញរកស៊ីខ្លួនឯង ត្រូវតែពិចារណាលើឱវាទទាំងអស់នេះ ដើម្បីទុកជាទុនក្នុងការដឹកនាំអាជីវកម្ម៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

LEAVE A REPLY

Please enter your comment!
Please enter your name here