ប្រធានាធិបតី Donald Trump មិនមែនត្រឹមតែជាអ្នកនយោបាយដ៏មានប្រជាប្រិយម្នាក់ប៉ុណ្ណោះទេ គាត់ក៏ជាអ្នកវិនិយោគអចលនទ្រព្យ ដែលទទួលបានជោគជ័យច្រើនផងដែរ។ ចំណែករឿងអាជីវកម្មវិញ លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា ប្រសិនបើអាជីវកម្មមួយដំណើការដោយគ្មានយីហោច្បាស់លាស់ ត្រឹមត្រូវទេ អាជីវកម្មនោះគ្រាន់តែជាទំនិញ សម្រាប់អ្នកទិញ ទិញយកទៅប្រើប្រាស់ប៉ុណ្ណោះ។
លោកចង់សង្កត់ធ្ងន់ថា បើអ្នកបង្កើតអាជីវកម្មមួយពិតប្រាកដ មិនមែននាំមក ឬបង្កើតនូវផលិតផល ណាមួយ មកដាក់លើទីផ្សារ រួចពពាយនាយលក់នោះទេ។ យ៉ាងណាមិញ អាជីវកម្មមួយពិតប្រាកដត្រូវការធាតុផ្សំសំខាន់ៗជាច្រើន រួមមាន ផលិតផល ឬសេវាកម្ម ក្តីស្រមៃ គោលបំណង យីហោ គុណតម្លៃ និងការឆ្លើយតបចំពោះតម្រូវការទីផ្សារ។
បន្ថែមពីនេះ វាជារឿងផុយស្រួយបំផុតក្នុងការបិទទ្វារអាជីវកម្មគ្មានយីហោរបស់អ្នកចោល ត្បិដថា អាជីវកម្មនោះមិនមែនកើតពីការដាក់ចិត្តដាក់កាយសាងកេរ្តិ៍ឈ្មោះរបស់អ្នក ជាមួយនឹងអាជីវកម្មរបស់ខ្លួនឡើយ។ និយាយផ្ទុយពីនេះ ប្រសិនបើអ្នកលក់ទំនិញ ដោយគ្មានយីហោខ្លួនឯង មានន័យថា អ្នកកំពុងរកស៊ីបំពេញក្តីស្រមៃឲ្យអ្នកដទៃទៅវិញ ព្រោះផលិតផលរបស់គេ កំពុងស្ថិតនៅក្នុងការជួយជ្រោមជ្រែងពីអ្នក។
លើសពីនេះទៅទៀត អាជីវកម្មគ្មានស្លាកគ្រាន់តែជាទំនិញ ព្រោះថា គេស្គាល់តែអ្វីដែលគេទិញ គេមិនបានខ្វល់ថា ប្រភពមកពីណា មានអ្វីពិសេស និងទាក់ទាញប៉ុណ្ណានោះទេ ហើយថ្ងៃមួយដែលកន្លែងផ្សេងមានផលិតផល ឬសេវាកម្មដូចអ្នក វាមិនចម្លែកទេ ដែលអ្នកទិញជ្រើសយកទីតាំងដែលជិតជាង ឬរកអ្វីដែលងាយស្រួលជាង។
ដំបូន្មានពីប្រធានាធិបតីអាមេរិកនៅថ្ងៃនេះគឺ មុនចេញរកស៊ីអ្នកត្រូវ គិតពីយីហោអាជីវកម្មឲ្យបានច្បាស់លាស់ ចៀសវាងបើកអាជីវកម្មមួយ ប្រៀបបាននឹងទំនិញ ដែលមិនមែនជាអាជីវកម្មសាងកេរ្តិ៍ឈ្មោះ និងគុណតម្លៃរបស់អ្នក៕
អត្ថបទដោយ ៖នួន វណ្ណៈ