នៅចុងខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងមានការតាំងពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំមួយរយៈពេល៣ថ្ងៃ

0
688
Credit: សមាគមអ្នកសាងសង់កម្ពុជា

ការតាំងពិព័រណ៍ «ឧស្សាហកម្មសំណង់ឆ្នាំ២០១៨» ជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជានឹងរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈ​មណ្ឌ​លសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសមាគមអ្នកសាងសង់កម្ពុជា។

សមាគមអ្នកសាងសង់កម្ពុជាដែលជាអ្នករៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍«ឧស្សាហកម្មសំណង់ឆ្នាំ២០១៨» នេះបានអះអាងថា សមាគមនឹងរៀបចំឲ្យមានកម្មវិធីផ្សេងៗដើម្បីឲ្យមានការទាក់ទាញពីអតិថិជនដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍ជាពិសេស កម្មវិធីទំនាក់ទំនងធុរកិច្ចដើម្បីផ្តល់ឱកាសជូនអ្នកទិញ និងអ្នកលក់បានជួបគ្នាដោយផ្ទាល់ដើម្បីធ្វើការទំនាក់ទំនងធុរកិច្ច ។ សមាគមអ្នកសាងសង់កម្ពុជាក៏បានបញ្ជាក់ទៀតថា ពិព័រណ៍នេះក៏ជាឱកាសដល់បុគ្គលណាចង់ស្វែងរកដៃគូ ឬស្វែងរកមុខរបរអាជីវកម្មផ្ទាល់ខ្លួន ឬរកទិញផលិតផលសំណង់។

បើតាមសមាគមអ្នកសាងសង់កម្ពុជា  សមាគមនឹងអញ្ជើញក្រុមហ៊ុននានាដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនម៉ៅការសំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ បរិក្ខារ និងគ្រឿងចក្រសំណង់ ក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោង ក្រុមហ៊ុនអចលនទ្រព្យ វិស្វករ ស្ថាបត្យករ អ្នកគ្រប់គ្រងការដ្ឋានសាងសង់ និងអ្នកដែលមានអាជីព និងអាជីវកម្មដែលទាក់ទងនឹងការសាងសង់ដើម្បីចូលរួមក្នុងព្រិត្តិការណ៍នេះ។


ក្រៅពីនេះ សមាគមអ្នកសាងសង់កម្ពុជា ក៏នឹងអញ្ជើញរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី  អភិបាលរាជធានីភ្នំពេញ ប្រធានសហព័ន្ធអ្នកសាងសង់អាស៊ាន គណៈកម្មាធិការឧស្សាហកម្ម សម្ភារៈសំណង់ចិន-អាស៊ាន និងសហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកខាងលិច ជាចូលរួមនៅក្នុងពិព័រណ៍នាពេលខាងមុខនេះផងដែរ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here