កម្ពុជានឹងមានមជ្ឍមណ្ឌលបកប្រែភាសា ដើម្បីជួយកសិករឱ្យយល់ច្បាស់ពីជីគីមី និងថ្នាំកសិកម្ម

0
1393

​​ប្រធានរាជបណ្ឌិត្យសភាបញ្ជាក់ថា កម្ពុជានឹងបង្កើតមជ្ឈមណ្ឌលបកប្រែភាសាពីភាសាផ្សេងៗមកជាភាសាខ្មែរសម្រាប់ដាក់នៅលើជីគីមី និងថ្នាំកសិកម្ម ដើម្បីឱ្យប្រជាកសិករបានយល់ពីរបៀបប្រើ និងផលប៉ះពាល់របស់វា ក្នុងគោលបំណងកាត់បន្ថយការគ្រោះថ្នាក់នៅកម្ពុជា។

ថ្លែងកាលពីម្សិលមិញនេះក្នុងពិធីបិទសិក្ខាសាលាអន្តរជាតិស្តីពីការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម ក្នុងវិស័យកសិកម្មនៅប្រទេសតំបន់អាស៊ាន ក្នុងខេត្តសៀមរាប លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានឱ្យដឹងថា បញ្ហាការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម ក្នុងវិស័យកសិកម្មនេះ គឺជាកង្វះសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។

លោកបន្ថែមថា គ្រោះថ្នាក់នៃការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មនេះ ដោយសារតែកសិករមិនបានយល់ដឹងពីរបៀបប្រើជីគីមី និងថ្នាំកសិកម្ម ព្រោះតែអក្សរនៃការណែនាំដែលសរសេរនៅលើផលិតផល  គឺមិនបានបកប្រែជាភាសាខ្មែរ គឺមានតែជាភាសារបរទេស ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចអានបាន និងមិនដឹងពីផលប៉ះពាល់នៃផលិតផលទាំងនោះ។


លោកបានអះអាងថា ការនិយមប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មនៅក្នុងវិស័យនេះ គឺដោយសារតែកសិករមានកម្រិតយល់ដឹងទាប ជាពិសេសនៅប្រទេស ឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ជាដើម គឺបានប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មច្រើនសម្រាប់សម្លាប់សត្វល្អិត និងដើម្បីបង្កើនទិន្និផល ឱ្យបានខ្ពស់។

ជាចុងក្រោយ លោកសុខ ទូច បានជំរុញឱ្យមន្រ្តីជំនាញនៃបណ្តាប្រទេសទាំងអស់ ដែលបានចូលរួមត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរក្នុងការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មនេះ ព្រោះបើយើងមិនរកវិធីដោះស្រាយទេមនុស្សរាប់លាននាក់និងរងគ្រោះដោយសារការប្រើប្រាស់ ដែលមិនត្រឹមត្រូវនេះ តាមរយៈការហូប បន្លែបង្ការ ស្រូវ អង្ករដែលកើតចេញពីការកសិករទាំងនោះ៕​

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here