និន្នាការបច្ចេកវិទ្យា ៥ ពីប្រទេសអភិវឌ្ឍន៍ បានផ្លាស់ប្តូររបៀបធ្វើកសិកម្មនៅក្នុងឆ្នាំ ២០១៨ នេះ

0
2546

បើនិយាយពីការធ្វើកសិកម្មពីសម័យមុន អ្នកប្រាកដជាស្រមៃឃើញគ្រួសារនៅតាមស្រុកស្រែចម្ការ ដាំបន្ថែ ផ្លែឈើ ចិញ្ចឹមសត្វពាសវាលពាសកាល ប៉ុន្តែការធ្វើកសិកម្មសម័យអ៊ីនធឺណេត​ មិនមែនដូចច្នោះទេ ជាពិសេសនិន្នាការកសិកម្មនៅប្រទេសអភិវឌ្ឍន៍ បានធ្វើឲ្យកសិករងាយស្រួល និងរកលុយបានច្រើនជាងមុន ហើយនិន្នាការខាងក្រោមនេះក៏ជាអ្វីដែលកម្ពុជាគួរសម្លឹងមើលទៅថ្ងៃអនាគតផងដែរ ។

១-បច្ចេកវិទ្យាជីវសាស្ត្រ

បើនិយាយពីបច្ចេកទេសក្នុងការបង្កាត់ពូជ ឬ ធ្វើយ៉ាងណាឲ្យដំណាំមានទិន្នផលទ្វេដង ប្រហែលនិស្សិតភូមិន្ទកសិកម្មយល់ដឹងពីបច្ចេកទេសទាំងនេះច្រើន ។ បើនិយាយឲ្យស្រួលស្តាប់ទៅ ភាគច្រើនបច្ចេកវិទ្យាជីវសាស្ត្រ ជាការកែច្នៃ DNA របស់ដំណាំ ធ្វើយ៉ាងណាបង្កើនទិន្នផលលើសពីធម្មតា ដោយមិនចាំបាច់ប្រើថ្នាំគីមី ។ តែក្រៅពីនេះវាមានមុខងារច្រើនទៀត ជាក់ស្តែងនៅបរទេសគេបានប្រើបច្ចេកវិទ្យាមួយឈ្មោះថា CRISPR ធ្វើការកែសម្រួល DNA ដើម្បីព្យាបាលជម្ងឺ ប្រសិនបើគេយកវាមកប្រើនៅក្នុងវិស័យកសិកម្ម វាប្រាកដជាជួយពង្រឹងទិន្នផលដំណាំបានល្អ និងព្យាបាលជម្ងឺដំណាំកាន់តែប្រសើរ ។


ប៉ុន្តែបច្ចេកវិទ្យាបែបនេះ មិនទាន់ប្រើប្រាស់ទូលាយនៅឡើយទេ វាត្រូវការពេលយូរដើម្បីអភិវឌ្ឍន៍វាឲ្យងាយស្រួលប្រើប្រាស់សម្រាប់ កសិករ និងអ្នកជំនាញ ។

២-សែនស័រ

សែនស័រ ក្នុងឆ្នាំ ២០១៨ នេះបានប្រែក្លាយខ្លួនកាន់តែតូចទៅៗ និងមានអនុភាពជាមុន ដែលវាពេញនិយមប្រើនៅគ្រប់ស្មាតហ្វូន តែវាក៏បានជះឥទ្ធិពល ដល់ការធ្វើកសិកម្មផងដែរ ។ វាត្រូវបានប្រើប្រាស់រួចមកហើយក្នុងការគ្រប់គ្រងកម្រិតសំណើមដី ពន្លឺព្រះអាទិត្យ ល្បឿនខ្យល់ និងមុខងារផ្សេងៗទៀត ។ ដោយសារតែវាអភិវឌ្ឍន៍កាន់តែល្អប្រសើរ សេនស័រនឹងក្លាយជាអ្នកប្រមូលទិន្នន័យសម្រាប់កសិករកាន់តែច្រើន គួបផ្សំជាមួយអ៊ីនធឺណេតកំពុងរីកចម្រើនផង កសិដ្ឋាន ឬចម្ការទាំងអស់នឹងត្រូវភ្ជាប់ជាមួយទិន្នន័យ Cloud-base ជាពិសេសកសិករអាចធ្វើកសិកម្មពីគ្រប់ទីកន្លែង មិនចាំបាច់ចំណាយពេលទៅតាមដានចម្ការច្រើនដូចមុនទៀតទេ ។

៣- AI និង Machine Learning

AI ឬហៅថាបញ្ហាសិប្បនិម្មិត្ត និង Machine Learning គឺជាបច្ចេកវិទ្យាដែលមានឥទ្ធិពលជាងគេ វាជាអ្នកវិភាគនិងធ្វើការជាមួយបច្ចេកវិទ្យាផ្សេងៗទៀត វាអាចដឹងពីទិន្នន័យដំណាំ ជួយឲ្យកសិករធ្វើគម្រោងដាំដុះ វាស្មានដឹងថាពេលណាគួរដល់ពេលប្រមូលផល វាអាចដឹងថាតើសត្វចិញ្ចឹមរបស់អ្នកត្រូវការអាហារប្រភេទណា ការផ្គត់ផ្គងអាហារគ្រប់គ្រាន់ឬទេ ដូច្នោះគ្រប់កសិដ្ឋានទាំងអស់ជៀសមិនផុតពីការប្រើប្រាស់វាទេ ។

៤-Modeling

ត្រង់នេះចង់សម្តៅដល់ការប្រមូលទិន្នន័យផ្សេងៗមកពិសោធន៍ ដើម្បីបង្កើតជាគំនិតថ្មីៗ ក្នុងលក្ខខណ្ឌផ្សេងៗគ្នា ។ ការធ្វើ Modeling អាចឲ្យម្ចាស់កសិកម្មទាំងអស់ជ្រើសរើសវិធីសាស្ត្រផ្សេងៗគ្នាយកមកពិចារណា ក្នុងបរិយាកាសសិប្បនិម្មិត ដើម្បីឲ្យគេប្រាកដថាវាពិតជាគំនិតល្អ ប្រសិនបើគេធ្វើវាឲ្យក្លាយជាការពិត ។ វានឹងជួយឲ្យកសិករជ្រើសរើសនូវវិធីសាស្ត្រល្អបំផុត ថាតើដំណាំរបស់ពួកគេអាចប្រមូលផលបានតែម្តង ឬត្រូវវិនិយោគជាមួយបច្ចេកវិទ្យាបន្ថែមដើម្បីឲ្យកាន់តែល្អប្រសើរ ។

៥-រ៉ូបូត

រ៉ូបូតជាបច្ចេកវិទ្យាដែលគេយកចិត្តទុកដាក់មួយ តែសម្រាប់នៅកម្ពុជាយើងហាក់ដូចជាពិបាកស្រម៉ៃបន្តិច ព្រោះអ្នកជំនាញនៅកម្ពុជាទើបតែអាចផលិតរ៉ូបូតតូចៗនៅឡើយ ។ ទោះជាយ៉ាងណាគេបានប្រើប្រាស់រួចមកហើយនៅឯក្រៅប្រទេស ជាក់ស្តែងវាអាចសាបគ្រាប់ពូជ ឬដាំដំណាំជំនួសមនុស្ស ។

ការប្រើប្រាស់រ៉ូបូតត្រូវបានទទួលស្គាល់ថាចំណាយតិចជាងប្រើកម្លាំងមនុស្ស ចំណែកលទ្ធផលក៏ចាត់ទុកថាមានស្តង់ដារផងដែរ ។

សរុបមកបច្ចេកវិទ្យាទាំងនេះសុទ្ធតែជះឥទ្ធិពលដល់កសិកម្ម ហើយវាជាមូលដ្ឋានគ្រឹះមួយសម្រាប់សហគ្រិនបច្ចេកវិទ្យាធ្វើការកែច្នៃគំនិតទាំងនេះទៅជាឧបករណ៍ជំនួយដល់កសិកម្ម ហើយប្រសិនបើអ្នកណាអាចទាញយកឱកាសរកស៊ីជាមួយបច្ចេកវិទ្យាកសិកម្មបាន កសិករទាំងអស់ច្បាស់ជាពេញចិត្តក្នុងការបង់លុយលើសេវាកម្មទាំងនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here