តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០១៨នេះ

0
3406
ព្រះសីហនុ គឺជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗរបស់ប្រទេសកម្ពុជា​ហើយជាខេត្តមួយដែលស្ថិតនៅលើភូមិសាស្ដ្រដ៏ល្អបំផុត ដែលមានទីតាំងកំពង់ផែទឹកជ្រៅតែមួយគត់ មានតំបន់សេដ្ឋកិច្ចពិសេស និងមានអាជីវកម្មជាច្រើនកំពុងដំណើរការនៅក្នុងតំបន់។ ខេត្តព្រះសីហនុគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់ទៅតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។ ខេត្តព្រះសីហនុជាតំបន់ដែលប្រមូលផ្តុំទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងបានជាប់ឈ្មោះជាតំបន់ទេសចរដ៏ទាក់ទាញបំផុតលំដាប់លេខ២បន្ទាប់ពីខេត្តសៀមរាប។

ថ្មីៗនេះខេត្តព្រះសីហនុមានលំហូរចូលច្រើននៃកំណើនជនជាតិចិនមកក្នុងតំបន់។ ហើយកំណើននេះគឺដោយហេតុតែកត្តាសក្តានុពលនៃការវិនិយោគ និងទីតាំងដ៏ល្អបំផុតរបស់ខេត្តព្រះសីហនុ។  ជនជាតិចិនដែល​បានចូលមកខេត្តនេះភាគច្រើនជាវិនិយោគិន ភ្ញៀវទេសចរណ៍ និងបុគ្គលិកកាស៊ីណូដែលជាកត្តាធ្វើឲ្យមានតម្រូវការជួលកាន់ច្រើនឡើង។

បើយោងតាមរបាយការណ៍ចេញកាលពីដើមឆ្នាំ២០១៨នេះបង្ហាញថាក្នុងចំណោមជនបរទេស៦,៣៨៥នាក់ដែលបានស្នើសុំសៀវភៅការងារនៅខេត្តព្រះសីហនុមាន ៤,៤៩៨នាក់ ឬស្នើនឹង៧០ភាគរយជាជនជាតិចិន។

តម្រូវការអចលនទ្រព្យសម្រាប់ជួលបានកើនឡើងខ្លាំងខុសពីធម្មតាបានធ្វើឲ្យតម្លៃជួលមានកំណើនឡើងយ៉ាងខ្លាំង។ លោក ជា ប៊ុនធឿន ដែលជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុន Century 21 កម្ពុជាដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុបាននិយាយថាការជួលបានកើនឡើងចាប់តាំងពីឆ្នាំកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា «ការកើនឡើងចាប់ផ្តើមបន្តិចម្តងៗចាប់ពីឆ្នាំ ២០១៧ ប៉ុន្តែបានហក់ឡើងខ្លាំងនៅក្នុងឆ្នាំ ២០១៨នេះ»។


តម្លៃជួលអាស្រ័យទៅតាមទីតាំងហើយបច្ចុប្បន្ននេះតម្លៃផ្ទះជួលកើនឡើងពី៥ទៅ១០ដងនៃតម្លៃជួលធម្មតាដែលអចលនទ្រព្យនៅជិតតបន់កណ្តាលក្រុងតម្លៃជួលកាន់តែថ្លៃ។ លោក ប៊ុន ធឿនបានបន្ថែមទៀតថាទីតាំងនៅចន្លោះឆ្នេរអូរឈើទាល និងរង្វង់មូលតោពីរគឺជាតំបន់ដែលមានសក្តានុពលមានឱកាសវិនិយោគល្អបំផុតនៅក្នុងទីក្រុងដែលបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់វិនិយោគិនជាច្រើន។  លោកបានប​ញ្ជាក់ថា “នៅក្នុងពេលបច្ចុប្បន្នតំបន់នេះស្ទើរតែមិនមានអចលនទ្រព្យទំនេរសម្រាប់ជួលទៀតឡើយ។

អ្នកតំណាងផ្នែកលក់មកពីក្រុមហ៊ុនឃីរៀលអ៊ីស្ទេត មានមូលដ្ឋាននៅខេត្តព្រះសីហនុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាសង្កាត់បួនជាតំបន់មានសក្តានុពលខ្លាំងជាងគេហើយមានតម្រូវការជួលច្រើនបំផុត។ លោកបានបញ្ជាក់ថា៖ “ដីឡូតិ៍ និងអគារដែលមាន បន្ទប់ជួលច្រើនគឺមានតម្រូវការខ្ពស់បំផុតប្រសិនបើអចលនទ្រព្យទាំងនោះស្ថិតនៅចាប់ពីផ្សារលើរហូតដល់រង្វង់មូលតោពីរ”។

លោកបាននិយាយថាការហូរចូលនៃជនជាតិចិនធ្វើឲ្យតម្រូវការជួល និងតម្លៃជួលអចលនទ្រព្យមានការកើនឡើងខ្លាំង។ លោកបានចង្អុលបង្ហាញថា “ជនជាតិចិនដែលធ្វើការនៅក្នុងកាស៊ីណូចូលចិត្តជួលអគារទាំងមូលហើយតែងតែផ្តល់ជូនតម្លៃជួលថ្លៃជាមុនពីរដង ឬបីដង។”

សម្រាប់តម្លៃផ្ទះ លោក ប៊ុនធឿន បានលើកឡើងថាសព្វថ្ងៃនេះផ្ទះអាជីវកម្មនៅសង្កាត់បួនមានតម្លៃជួលថ្លៃជាងមុន។ ផ្ទះអាជីវកម្មមួយដែលពីមុនជួលចាប់ពី៥០០ដុល្លារទៅ៧០០ដុល្លារក្នុងមួយខែបច្ចុប្បន្ននេះតម្លៃជួលកើនឡើងចាប់ពី ២,៥០០ដុល្លារទៅ៣,០០០ដុល្លារក្នុងមួយខែ។

ទាក់ទងនឹងយូនីតអាផាតមេនមួយបន្ទប់គេងនៅសង្កាត់បួនមានតម្លៃជួលចាប់ពី ១,០០០ ដុល្លារក្នុងមួយខែ បើធៀបជាមួយតម្លៃជួលកាលពីឆ្នាំមុនគឺមានតម្លៃត្រឹមតែ២០០ដុល្លារទៅ៣០០ដុល្លារប៉ុណ្ណោះ។ សម្រាប់អាផាតមេនដែលមាន២បន្ទប់គេង បច្ចុប្បន្នជួលក្នុងតម្លៃ២,២០០ដុល្លារក្នុងមួយខែ។

នៅក្នុងសង្កាត់បីតម្លៃជួលបច្ចុប្បន្នមានកម្រិតទាបជាងសង្កាត់បួនប៉ុន្តែនៅតម្លៃជួលបានកើនឡើងបើប្រៀបធៀបទៅនឹងតម្លៃជួលឆ្នាំមុន។ ជាក់ស្តែងផ្ទះវីឡាដែលបានជួលក្នុងតម្លៃ៧០០ដុល្លារក្នុងមួយខែក្នុងឆ្នាំមុននៅក្នុងសង្កាត់បីប៉ុន្តែ បច្ចុប្បន្នជួលក្នុងតម្លៃ១,៥០០ដុល្លារក្នុងមួយខែ។

ចំពោះអត្រាតម្លៃដីធ្លីសម្រាប់ជួលក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរចាប់តាំងពីឆ្នាំទៅមិញ។ អ្នកតំណាងមកពីក្រុមហ៊ុនឃីរៀលអ៊ីស្ទេតដដែលបានបង្ហាញថាដីឡូត៍នៅតាមបណ្តោយផ្លូវឯករាជ្យនៅក្រុងព្រះសីហនុដែលមានតម្លៃចាប់ពី ៥០០ដុល្លារទៅ ១,០០០ដុល្លារក្នុងមួយខែ ពេលនេះតម្លៃជូលមានការកើនឡើងពីរទៅបីដង។

លោកបានបន្ថែមទៀតថា “ដីដែលស្ថិតនៅតាមបណ្តោយឆ្នេរទាំងនៅក្នុងសង្កាត់បួន និងសង្កាត់បីគឺមានតម្លៃជួលកើនឡើងប្រហាក់ប្រហែលគ្នា។” “សម្រាប់តម្លៃដីដែលស្ថិតនៅផ្លូវសិរីភាពហើយមិនមែនជាតំបន់ពាណិជ្ជកម្មជាក់ស្តែងដីទំហំ ១៧ម៉ែត្រ x ២០ម៉ែត្រ ដែលអាចជួលបានតម្លៃ ១,៥០០ដុល្លារក្នុងមួយខែកាលពីឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នអាចជួលបានក្នុងតម្លៃ៤,៥០០ដុល្លារក្នុងមួយខែ។ ហើយដីស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលមានទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ អាចជួលបានក្នុងតម្លៃ ៦,០០០ដុល្លារក្នុងមួយខែ”។ នេះបើតាមការបញ្ជាក់ពីតំណាងផ្នែកលក់ របស់ក្រុមហ៊ុនឃីរៀលអ៊ីស្ទេត។

ជាមួយនឹងនិន្នាការ និងលំហូរចូលនៃអ្នកវិនិយោគ គេរំពឹងថា តម្លៃជូលនៅក្រុងព្រះសីហនុ នឹងបន្តកើនឡើងថែមទៀតនៅពេលអនាគតឆាប់ៗខាងមុខថ្មីបើមានផលប៉ះពាល់អវិជ្ជមានមួយចំនួនក៏ដោយ លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មី ធ្លាប់បានលើកឡើងថាមានការវិនិយោគកាន់តែច្រើនគឺកាន់តែល្អសម្រាប់ខេត្តព្រះ សីហនុ។ លោកបានបន្ថែម ទៀតថា “នេះនឹងជួយបង្កើនសេដ្ឋកិច្ចក្នុងតំបន់ និងនាំមកនូវ ប្រាក់ចំណូល ដើម្បីជួយដល់ជីវភាពប្រជាជនជាចាំបាច់។”

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ចេញទស្សនស្រដៀងគ្នានេះដែរថា សេដ្ឋកិច្ចរីករបស់ប្រទេសនឹងចម្រើននៅពេលដែលមានវិនិយោគិនអន្តរជាតិចូលមកកាន់តែ ច្រើន។

ប្រភព៖Realestate.com.kh

LEAVE A REPLY

Please enter your comment!
Please enter your name here