លោក ជា សុខ​ហ៊ី៖ យុវជនត្រូវចេះចែករំលែក ដើម្បីជោគជ័យទាំងអស់គ្នា

0
1015

បច្ចុប្បន្នឃើញមានយុវវជនយើងមួយចំនួនធំ កំពុងតែចាប់អារម្មណ៏ក្នុងការចូលរួមសិក្ខាសាលា​ ឬកម្មវិធីអប់រំបណ្តុះបណ្តាលខ្លីៗ ដោយពួកគេបានចំណាយពេលចុងសប្តាហ៍ ជាជាងទៅដើរលេងឥតប្រយោជន៍។ សម្រាប់អ្នកដែលមានបទពិសោធន៍ការងារ ឬការអប់រំល្អៗ​ ក៏បានចូលរួមក្នុងការចែករំលែកទៅដល់សាធារណជន ជាពិសេសយុវជនតែម្តង។

លោក ជា សុខ​ហ៊ី សហស្ថាបនិក​នៃ​កម្មវិធី Ignite Phnom Penh ដែលជាកម្មវិធីចែករំលែកក្នុងការនិយាយជាសាធារណជាមួយនឹងវាចាខ្លីតែខ្លឹម បានលើកឡើងពីយុវជនគួរតែចេះចែករំលែកនូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងការបញ្ចេញមតិជាសាធារណៈ ព្រោះថាមនុស្សម្នាក់ៗសុទ្ធតែមានគំនិត និងចំណេះដឹងបទពិសោធន៍ផ្សេងៗគ្នា ដែលវាជាចំនុចមួយដើម្បីការអភិវឌ្ឍន៍សមត្ថភាពទាំងអស់គ្នា និងធ្វើឲ្យវប្បធម៌នៃការចែករំលែកកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកមានប្រសាសថា៖ « យុវជន យុវនិសិ្សតគ្រប់រូប គួរតែខិតខំពង្រឹងនូវសមត្ថភាពក្នុងការនិយាយ ចែករំលែកបទពិសោធន៍ជាសាធារណៈ ដើម្បីជាការចែករំលែកក្នុងគោលបំណង អប់រំ លើកទឹកចិត្ត និងជាការជម្រុញនូវទឹកចិត្តក្នុងការសម្រេចនូវគោលដៅ»។

ចំពោះការនិយាយជាសធារណៈ លោកបានបញ្ជាក់ដែរថា យើងត្រូវធ្វើឡើងដោយមិនចំណាយពេលយូពេកទេ ដែលធ្វើឲ្យអ្នកស្តាប់មានការធុញ និងមិនសូវទទួលបាននូវអ្វីដែលយើងចង់ផ្តល់ឲ្យពួកគេ តែយើងត្រូវជំនួសមកវិញដោយការនិយាយដែលខ្លី ដែលមានខ្លឹមសារច្បាស់លាស់ និងចាក់ឲ្យចំគោលដៅ ដែលធ្វើឲ្យអ្នកស្តាប់យល់ច្បាស់ពីគោលបំណង និងអត្ថន័យដែលយើងចង់ចែករំលែកទៅកាន់ពួកគេ។

យុវជនត្រូវតែខិតខំបង្កើតនូវវប្បធម៌នៃការចែករំលែក ធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការចែករំលែកនូវចំណេះដឹងដែលយើងមាន ទៅកាន់អ្នកដទៃ និងការទទួលយកនូវអ្វីដែលយើងមិនទាន់មានមករៀនសូត្របន្ថែម ដើម្បីទទួលបាននូវភាពជោគជ័យទាំងអស់គ្នា៕

អត្ថបទ៖ Vat Vatna