គិតមកត្រឹមខែមេសាឆ្នាំនេះ៖ ការវិនិយោគរបស់ចិននៅកម្ពុជាមានដល់ទៅ១៧ពាន់លានដុល្លារ

0
1255

ភ្នំពេញ៖ គិតមកត្រឹមខែមេសា ឆ្នាំ២០១៨នេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាមានដល់ទៅប្រមា​ណ១៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកសុខ ចិន្តាសោភា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងជំនួបជាមួយប្រតិភូគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចនៃសភាប្រឹក្សានយោបាយប្រជាជនចិនកាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ។

ជាមួយគ្នានេះ លោកសុខ ចិន្តាសោភា បានប្រាប់ទៅភាគីចិនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោ​ល​នយោបាយលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូបក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ចំពោះការវិនិយោគរបស់ចិននៅកម្ពុជា លោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានសម្តែងនូវការពេញចិត្ត និងចាត់ទុកថា វាបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ចំណែកភាគីចិនក៏កោតសរសើរដល់កម្ពុជាចំពោះការរីកចម្រើន និងបានទាក់ទាញវិនិយោគិនជាច្រើនឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

គួររំឮកជូនថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំ​វិនិយោគចិនមកកម្ពុជាមានចំនួន ១,៤៣ពាន់លានដុល្លារអាមេរិក ស្មើ២៧ភាគរយនៃវិនិយោគបរទេសសរុប។ ចំនួននេះ គឺបានកើនឡើងស្ទើរពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលទំហំវិនិយោគរបស់ចិនមានចំនួនតែ៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ។នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។


តាមរបាយការណ៍ដដែល វិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងប្រទេសកម្ពុជា រីឯសិង្ហបុរីជាប់លេខ៣ដែលមានទឹកប្រាក់ ២៥២លានដុល្លារ ខណៈដែលអ្នកវិនិយោគក្នុងស្រុកនាំមុខគេដោយមានទំហំទឹកប្រាក់៣,១ពាន់លានដុល្លារអាមេរិក។ ក្រៅពីចិន និងសិង្ហបុរី កម្ពុជាក៏ទទួលបានការវិនិយោគពីប្រទេ​ស​ជាច្រើនផ្សេងទៀតរូមមានប្រទេសកូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី អង់គ្លេស ឥណ្ឌា និងជប៉ុនផងដែរ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here