ម៉ាកយីហោណាខ្លះ ដែលមានអាយុកាលជាង១០០ឆ្នាំហើយ កេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ?(ភាគ២)

0
5801

បន្ទាប់ពីយីហោល្បីល្បាញក្នុងលោករបស់ក្រុមហ៊ុនបច្ចេកវិទ្យា នេះជាម៉ាកយីហោចំនួន៣បន្ថែមទៀត ដែល​មានអាយុជាង១០០ឆ្នាំ ហើយក៏កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ផងដែរ។ យីហោ​ចាស់​វស្សា​ទាំងនេះ សុទ្ធតែមានចំណុចពិសេសរៀងខ្លួនៗ ដែលអាចសណ្តំចិត្តអតិថិជនស្ទើរជុំវិញ​ពិភព​លោក​​អោយបន្ត​​ប្រើប្រាស់រហូតមកទល់នឹងបច្ចុប្បន្ននេះ។

ថ្ងៃនេះ Business Cambodia សូមលើកម៉ាកយីហោធំៗទាំង៣នេះ ដែលបាន និងកំពុងឈរ​លើទីផ្សារ​យ៉ាងរឹងមាំ ហើយក៏កំពុងមានលក់ផលិតផល និងមានតំណាងចែកចាយនៅកម្ពុជា រហូតដល់តម្លើង​រោង​ចក្រផ្ទាល់ផងដែរ៖

១/ Coca Cola


កូកាកូឡា ឬជាភាសាអង់គ្លេស Coca Cola បង្កើតរូបមន្តដោយលោក John Pemberton ជាអ្នក​រកឃើញ​ភេសជ្ជៈ​​មានជាតិហ្គាសនេះមុនគេនៅឆ្នាំ១៨៨៦ ដែលជាផលិតដំបូងបង្អស់​របស់ក្រុមហ៊ុន​កូកាកូឡា។ យីហោរបស់លោក John Pemberton លក់ឲ្យអ្នកជំនួញម្នាក់ឈ្មោះ Asa Griggs Candler ជាអ្នក​ជំនួញ​ដែលពោរពេញដោយសមត្ថភាព និងយុទ្ធសាស្រ្ត​ទីផ្សារ បានដឹកនាំក្រុមហ៊ុន កូកាកូឡា ដើម្បីគ្របដណ្តប់លើទីផ្សារពិភពលោកក្នុងសតវត្សទី ២០។​

ក្រុមហ៊ុននេះមានទ្រព្យសកម្មជាង៨៧ ពាន់លានដុល្លារអាមេរិក និងមានទីតាំងចែកចាយ​ជាង៦ម៉ឺនសាខាទូទាំងពិភពលោក​ កាលពីឆ្នាំ២០១៧។ គិតត្រឹមឆ្នាំ២០១៨ Coca Cola មានអាយុកាល១៣២ឆ្នាំហើយ។

២/ Doublemint

Doublemint គឺជាប្រភេទស្ករកៅស៊ូដែលធ្វើឡើងដោយក្រុមហ៊ុន Wrigley Company របស់លោក William Wrigley Jr នៅឆ្នាំ១៩១៤ ហើយម៉ាកយីហោនេះ បានចាប់ផ្ដើមផ្សព្វផ្សាយពាណិជ្ជកម្ម​ក្នុងឆ្នាំ ១៩៣៩ ដោយមានរូបកូនភ្លោះជារូបភាព​សម្រាប់ផ្សាយពាណិជ្ជកម្មដ៏គួរឲ្យទាក់ទាញ។

Wrigley Company មានចំនូល៥ពាន់លានដុល្លារអាមេរិកតាំងពីឆ្នាំ២០០៧មកម្លេះ ហើយបច្ចុប្បន្ន​ក្រុមហ៊ុននេះកំពុងលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសចំនួន ១៨០ និងតំណាងចែកចាយ​នៅប្រ​ទេស​ធំៗជាង ៥០ប្រទេស ព្រមទាំងមានរោងចក្រផលិតចំនួន ២១ នៅក្នុង ១៤ប្រទេស​​ដែលរួមមាន​សហរដ្ឋអាមេរិក ម៉ិកស៊ិកូ អេស្ប៉ាញ អង់គ្លេស បារាំង សាធារណរដ្ឋឆេក ប៉ូឡូញ  រុស្ស៊ី ចិន ឥណ្ឌា ជប៉ុន កាណាដា តៃវ៉ាន់ និងអូស្ត្រាលី។

៣/ Ajinomoto

យីហោមួយនេះបានផ្តោតលើស្ត្រីមេផ្ទះជាអតិថិជនគោលដៅ​ ដែលធ្វើអោយការលក់បានកើនឡើង​ជាលំដាប់ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន S.Suzuki Co Ltd ចាប់ផ្តើមឡើងដោយប្រើដើមទុន​ជិត៣សែន​ដុល្លារអាមេរិក។

Ajinomoto បង្កើតឡើងដោយលោក Saburosuke Suzuki II នៅឆ្នាំ១៩១៧ ជាក្រុមហ៊ុនគីមី​ចំណីអាហារធំជាងគេរបស់ប្រទេសជប៉ុន​ដែលផលិតគ្រឿងផ្សំចម្អិនអាហារ លក់ស្ទើរជុំវិញពិភពលោក។

ក្រុមហ៊ុន Ajinomoto ប្រតិបត្តិការនៅ ៣៥ប្រទេស មានបុគ្គលិកបម្រើការជាង៣ម៉ឺននាក់ និងមានចំណូលជាង ១០ ពាន់លានដុល្លារឯណោះ កាលពីឆ្នាំ២០១៧ ៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here