Apple ប្រកាសឲ្យអ្នកប្រើប្រាស់ឈប់ចំណាយថ្ម iPhone អត់ប្រយោជន៍ជាមួយលុយឌីជីថលទៀត

0
2743

ថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple បានធ្វើកំណែទម្រង់របៀបប្រើប្រាស់ iPhone ជាពិសេសគឺហាមឃាត់ការប្រើប្រាស់ iPhone ដើម្បីតាមរកលុយឌីជីថល (Mining) ដូចជា Bitcoin តទៅទៀត ។

កំណែទម្រង់ថ្មីនេះ ធ្វើឡើងដើម្បីការពារការបំផ្លាញថ្មទូរស័ព្ទឥតប្រយោជន៍ ការឡើងកម្តៅ ឬប្រើប្រាស់ធនធានរបស់ iPhone ខុសគោលដៅ ដែល Apple ចង់ផ្តោតសំខាន់លើការហាមឃាត់ការតាមរកលុយឌីជីថលនៅលើអ៊ីនធឺណេត ។

រាល់ App ទាំងអស់នឹងបិទចោលនូវការផ្សាយពាណិជ្ជកម្មពីស្ថាប័នទីបី ដែលទាក់ទងនឹងការស្វែងរកលុយឌីជីថល ដោយសារមើលឃើញថាគ្មានអ្នកណាមួយដែលជោគជ័យលើការស្វែងរក Bitcoin ម្តងណាឡើយ ព្រោះតែកម្លាំង និងថាមពលរបស់ iPhone មិនគ្រប់គ្រាន់ដើម្បីធ្វើរឿងទាំងនេះទេ ។


គួររំលឹកថា Bitcoin ត្រូវបានបង្កើតឡើងដំបូងនិងរីកសុះសាយដោយសារ គេប្រើបច្ចេកវិទ្យាមួយហៅថា Mining មានន័យថារាល់កុំព្យូទ័រដែលភ្ជាប់ទៅកាន់អ៊ីនធឺណេតទាំងអស់ បើកុំព្យូទ័រណាដែលមានសមត្ថភាពគណនារកឃើញកន្ទុយលេខរបស់គណនីអ្នកផ្សេងនោះ គេនឹងទទួលបានរង្វាន់ជា Bitcoin ដំបូងឡើយ ៥០ coin ក្រោយមក ស្ថាបនិកលោក Satoshi Nakamoto បានបន្ថយរង្វាន់នេះរហូតដល់ 0 coin ទើបនាំឲ្យមានការទិញលក់ដូចសព្វថ្ងៃ ។ ម៉ាស៊ីន Mining ជាប្រភេទកុំព្យូទ័រធំៗ កម្លាំងខ្លាំង មានអ្នកគ្រប់គ្រងច្រើន ចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីរុករកកន្ទុយលេខគណនី និងតភ្ជាប់គ្នាដើម្បីយក Bitcoin មិនមែនគ្រាន់តែ iPhone មួយគ្រឿងអាចតាមរក Bitcoin បានទេ ។

សេចក្តីណែនាំការប្រើប្រាស់ Bitcoin ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម្លេះ បន្ទាប់ពី Coinbase និង App លុយឌីជីថលមួយចំនួនទៀតបានដាក់ឲ្យប្រើប្រាស់នៅលើ App Store ។

នៅក្នុង App Store មានកម្មវិធីមួយចំនួនបង្ហាញថា អតិថិជនអាចប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេក្នុងការតាមរកបំណែកលុយឌីជីថល ដោយមិនបាច់ចាយលុយទិញ Bitcoin ដើម្បីជួញដូរឡើយ ដែល App ទាំងអស់នោះមានដូចជា​ Crypto Coin Miner និង Cryptocurrency Cloud Mining ជាដើម ។

គួរបញ្ជាក់ថា Bitcoin ហាក់មានតម្លៃធ្លាក់ចុះក្នុងរយៈពេល ២ ខែកន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុនជួញដូរ Bitcoin នៅកូរ៉េខាងត្បូងត្រូវបានគេ Hack អស់លុយមួយចំនួនធំ​ ។

ក្នុងនោះតម្លៃ Bitcoin បានធ្លាក់ចុះមកនៅ ៦៧២៦ ដុល្លារ កាលពីថ្ងៃចន្ទម្សិលមិញ នេះបើតាមទិន្នន័យពី CoinDesk ដូចច្នោះអ្នកត្រូវសិក្សាពីវាបន្ថែមមុននឹងចាយលុយវិនិយោគជាមួយលុយឌីជីថល។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here