ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជិត២ពាន់លាន$ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

0
3623

ប្រទេសកម្ពុជានិងកាត់តែផ្លាស់ប្តូរមុខមាត់ថ្មីបន្ថែមទៀត ក្រោយគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុបញ្ចប់ដំណើរការសាងសង់នៅពេលខាងមុខ ហើយអត្ថប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗជាច្រើននឹងទទួលបានពីគម្រោងផ្លូវដ៏អស្ចារ្យនេះ។ បច្ចុប្បន្ននេះ ក្រុមវិស្វករជំនាញរបស់ចិនកំពុងសិក្សាត្រួតពិនិត្យទីតាំងភូមិសាស្ត្រ ហើយនឹងចាប់ផ្តើមដំណើរការសាងសង់ នៅចុងឆ្នាំ២០១៨នេះ។

គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថា ជាផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគបរទេស និងជួយសម្រួលដល់ការដឹកជញ្ចូនទំនិញទៅមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ១៩០គីឡូម៉ែត្រ មានទទឹង ២៤,៥ម៉ែត្រ ក្នុងនោះមាន ៤គន្លងផ្លូវឡាន ម្ខាង២ គ្រោងចំណាយទុនវិនិយោគជិត ២ពាន់លានដុល្លារអាមេរិក។

យើងដឹងហើយថា រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយការសាងសង់ផ្លូវណាមួយភ្ជាប់តំបន់សេដ្ឋកិច្ចទាំង២នោះ មានន័យថា ជាការតភ្ជាប់ចរន្តឈាមសេដ្ឋកិច្ចរវាងតំបន់ទាំង២ ឱ្យកាន់តែមានភាពសកម្មឡើងខ្លាំងជាងមុន។


ជាការពិតប្រកែកមិនបាន គម្រោងផ្លូវល្បឿលឿននេះនឹងកាន់តែទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជាក្នុងតំបន់សក្តានុពល រាប់ចាប់តាំងពីទីក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុជាដើម ដែលជាខេត្តជាប់ទាក់ទងយ៉ាងខ្លាំង ជាមួយគម្រោងផ្លូវល្បឿលឿននេះ។

បើទោះបីជាគម្រោងផ្លូវនេះមិនទាន់ចាប់ផ្តើមសាងសង់ក្តី តែវិនិយោគិនបរទេសបានសម្រុកមកបណ្តាក់ទុនជាបណ្តើរៗរួចទៅហើយ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សុទ្ធសឹងតែរោងចក្រឧស្សាហកម្មសំខាន់។ សម្រាប់ខេត្តព្រះសីហនុសហគ្រិនបរទេសជាច្រើន ជាពិសេសអ្នកជំនួញចិនបានសម្រុកមករកស៊ីនៅខេត្តសំខាន់មួយយ៉ាងគំហុក ធ្វើឱ្យខេត្តមួយនេះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ។

ផ្លូវល្បឿនលឿននេះ នឹងមានឥទ្ធិពលយ៉ាងដល់ដំណើរការនៃការដឹកជញ្ជូនទំនិញពីកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ មកភ្នំពេញ និងពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយកាត់បន្ថយពេលវេលា និងតម្លៃនៃការដឹកជញ្ជូននូវទំនិញសំខាន់រាប់ចាប់តាំងពីផលិតផលកសិកម្ម ឧស្សាហកម្ម បង្កការងាយស្រួលដល់ការប្រកួតប្រជែងតម្លៃលើទីផ្សារអន្តរជាតិ ព្រោះការដឹកជញ្ជូនមានតម្លៃទាប ធ្វើការថ្លៃដើមនៃការផលិតនៅទាប។

ផ្នែកខ្លះនៃខេត្តក្រុងចំនួន៤ ដែលជាប់ទាក់ទងនឹងផ្លូវនេះ លែងនៅជាតំបន់ស្ងប់ស្ងាត់ដូចពីមុនទៀតហើយ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មធំៗ តំបន់សេដ្ឋកិច្ចពិសេស ដោយអភិវឌ្ឍន៍ទៅតាមសក្តានុពលរៀងៗខ្លួន ជាស្វ័យប្រវត្ថ។

សូមបញ្ជាក់ថា តាមរយៈការសិក្សាដំណាក់កាលទីមួយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  បង្ហាញថាគម្រោងនេះត្រូវចាយលុយ ១ ៧៨២ ០០០ ០០០ដុល្លារ សាងសង់ រយៈពេល ៤ឆ្នាំ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (Cambodia) និងរៀបចំដោយ SAWAC Consultants (CAMBODIA) Co.,Ltd ។ ផ្លូវល្បឿនលឿននឹងត្រូវឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

LEAVE A REPLY

Please enter your comment!
Please enter your name here